សម្ដេច​តេជោ​ ហ៊ុន​ សែន​ ថ្លែង​សារសំខាន់​ៗ​ ក្នុងពិធីប្រគល់សញ្ញាបត្រជូននិស្សិត សាកលវិទ្យាល័យ ភ្នំពេញអន្តរជាតិ (PPIU)​ ជាង២ពាន់នាក់​

ចែករំលែក៖

ភ្នំពេញ​៖​ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែង​ថា៖​ ការបញ្ចប់មុខតំណែងលោក វេង សាខុន​ មិនមានអ្វីធ្ងន់ធ្ងរនោះទេ គ្រាន់តែធ្វើមិនបានដូចអ្វីដែលសម្តេចចង់បានតែប៉ុណ្ណោះ ហើយសម្តេចក៏បានទូលព្រះមហាក្សត្ររួចហើយដែរ ដើម្បីតែងតាំងលោក វេង សាខុន ជារដ្ឋមន្ត្រី ប្រតិភូអមនាយករដ្ឋមន្ត្រី។

ការថ្លែងបែបនេះ​របស់​សម្ដេចតេជោ​ ហ៊ុន​ សែន​ បានធ្វេីឡេីង​នៅព្រឹកថ្ងៃទី១១​ ខែតុលា​ ឆ្នាំ២០២២ ក្នុងឱកាសសម្ដេចអញ្ជើញជាអធិបតីក្នុងពិធីប្រគល់សញ្ញាបត្រ ជូន​និស្សិត​សាកលវិទ្យាល័យភ្នំពេញអន្តរជាតិ (PPIU) បន្ទាប់​ពី​ពួក​គេ​បាន​បញ្ចប់​ការ​សិក្សា​ដោយ​ជោគជ័យ។ និស្សិតជ័យលាភីដែលទទួលសញ្ញាបត្រនៅព្រឹកនេះ រួមមាន៖ ថ្នាក់បញ្ញាបត្ររង បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ សរុបប្រមាណ ២,១១៥ នាក់ មាននារី ១,១៣៩នាក់។ ក្នុងនោះ មានព្រះសង្ឃ ២៩អង្គ, និស្សិតពិការចំនួន ៣០ នាក់ នារី ៩នាក់ និងនិស្សិត​អាហារូបករណ៍​របស់សម្តេចតេជោ និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ១៤៤នាក់ នារី៥៣នាក់។

ជាមួយគ្នានេះ​ សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍សំខាន់ៗ​ មានដូចខាងក្រោម​៖

– សម្តេចតេជោ ហ៊ុន សែន បានប្រកាសថា ការបញ្ចប់មុងតំណែងលោក វេង សាខុន រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ គឺធ្វើឡើងស្របតាមតាមមាត្រ នៃច្បាប់របស់​ព្រះរាជា​ណា​ចក្រ​កម្ពុជា។

– សម្តេចតេជោ ហ៊ុន សែន បានហៅក្រុមអ្នករិះគន់ពាក់ព័ន្ធការបញ្ចប់មុខតំណែងលោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ គឺជាមនុស្សល្ងង់ ខ្វះការ​សិក្សា​ស្រាវជ្រាវ។

-​ សម្តេចតេជោ ហ៊ុន សែន​ ថ្លែង​ថា​ ទោះយើងមិនមានរៀបចំ ព្រះរាជពិធីបុណ្យ​អុំទូកថ្នាក់ជាតិនៅឆ្នាំនេះក៏ពិតមែន តែតាមបណ្តាខេត្ត និងមូលដ្ឋាននានាទូទាំងប្រទេស ចាប់ផ្តើមនាំគ្នារៀបចំការប្រណាំងទូក និងកម្មវិធីកម្សាន្តនានា ផ្តល់ការកម្សាន្តសប្បាយរីករាយដល់ប្រជាពលរដ្ឋ។​

– សម្តេចតេជោ ហ៊ុន សែន ប្រកាសថ្លែងអំណរគុណដល់តុលាការកំពូល ដែល​បាន​ផ្តល់​យុត្តិធម៌​ដល់​គ្រួសារលោកស្រី ទេព កុលាប និងគ្រួសារ កាលពី១០ឆ្នាំមុន ដែលជាការចាប់ផ្តើម នៃ​ការ​រីក​ចម្រើន នៃសាកលវិទ្យាល័យ ភ្នំពេញអន្តរជាតិ (PPIU) មកដល់បច្ចុប្បន្ននេះ។

– សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ដើម្បីសង្គ្រោះលោកស្រីទេព កុលាប លោកស្រី ហ៊ុន​ ម៉ាណា បានប្រើប្រាស់លុយជាង២លានដុល្លារសហរដ្ឋអាមេរិកទុកសម្រាប់ប្រើប្រាស់ធ្វើទំនើបកម្ម និង​ទប់កំខាតទូរទស្សន៍បាយ័នទៅជួយលោកស្រីកទេព កុលាប ដើម្បីសងទៅលោកឧកញ៉ា កុក អាន។

– សម្តេចតេជោ ហ៊ុន សែន បានប្រកាសហៅខ្លួនឯងថា ជាបុរសចិត្តដែក តែភ្នែកទន់។ សម្តេច​បញ្ជាក់​ថា «លោកមិនអាចឈរមើលរឿងអយុត្តិធម៌កើតឡើងបានឡើយ ក្នុងនោះមាន​រឿង​រប​ស់​លោក​ស្រីទេព កុលាប និងក្រុមគ្រួសារផងដែរ»។

– សម្តេចតេជោ ហ៊ុន សែន បានប្រកាសពីកិច្ចខិតចំប្រឹងប្រែង និងការត្រៀមរៀបចំ កិច្ច​ប្រជុំ​កំពូល​អាស៊ាន និងកិច្ចប្រជុំកំពូលពាក់ព័ន្ធនានានៅកម្ពុជានាពេលឆាប់ៗខាងមុខនេះ ដែល​កម្ពុជា​ធ្វើ​ជា​ម្ចាស់​ផ្ទះ និងជាមោទកភាពសម្រាប់ជាតិខ្មែរទាំងមូល។

– សម្តេចតេជោ ហ៊ុន​ សែន បានផ្តល់អនុសាសន៍ដល់លោក ហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា(ស្តាប់ហើយត្រូវអនុវត្តន៍ភ្លាម) ពាក់ព័ន្ធ​ការ​ផ្លាស់ប្តូរ​ទី​កន្លែង​របស់ឪពុកម្តាយ អាណាព្យាបាលក្មេងៗ ឬសិស្សានុសិស្ស ត្រូវ​ប្រាកដថា​ទោះ​ពួក​គាត់​ចល័ត​ដល់​ទីណាក៏ដោយ ត្រូវឱ្យពួកគេទទួលបានការអប់រំ បណ្តុះបណ្តាល។

– សម្តេចតេជោ ហ៊ុន ​សែន បានប្រកាសដោយសម្តែងមោទកភាព និងសប្បាយរីករាយយ៉ាងខ្លាំង ចំពោះការចូលរួមរបស់វិស័យឯកជន វិនិយោគលើការអប់រំ បណ្តុះបណ្តាល គ្រប់កម្រិត ដែលជាការធានា និងចូលរួមជាមួយរាជរដ្ឋាភិបាលលើការបណ្តុះបណ្តាលធនធានមនុស្ស។

– សម្តេចតេជោ ហ៊ុន សែន បានប្រកាសដល់សាកលវិទ្យាល័យ និងគ្រឹះស្ថានសិក្សា ទាំងអស់សូមផ្តោតសំខាន់ និង​កុំបោះបង់​ចោល​ការ​បណ្តុះបណ្តាល​លើ​វគ្គ​ជំនាញ​ (បណ្តុះបណ្តាលលើឯកទេស ឬជំនាញ)ព្រោះវគ្គទាំងនោះ មានសារសំខាន់ និងជាតម្រូវការជាក់ស្តែងនាពេលបច្ចុប្បន្ន។

– សម្តេចតេជោ ហ៊ុន សែន ប្រកាសដល់អ្នករៀបរៀងភាពយន្តជីវប្រវត្តិសម្តេចក្នុងសម័យតស៊ូ សូមធ្វើឱ្យផ្ចិតផ្ចង់ កុំខ្ជះខ្ជាយ និងឱ្យត្រឹមត្រូវ តាមភាពជាក់ស្តែងសម័យនោះ ព្រោះប្រវត្តិសាស្ត្រមិនអាចបំភ្លៃបានឡើយ។

– សម្តេចតេជោ ហ៊ុន សែន ប្រកាសថា ភាពយន្តប្រវត្តិសាស្ត្ររៀបរាប់ពីការតស៊ូរបស់សម្តេចតេជោ ហ៊ុន សែន ក្នុងសម័យសង្គ្រាម គ្រោងប្រើប្រាស់ថវិកាប្រមាណ ៦លានដុល្លារសហរដ្ឋអាមេរិក ដែល​ថវិកាទាំងនោះ គឺជាថវិកាផ្ទាល់ខ្លួន ដោយមិនមាន​ប្រើប្រាស់​ថវិកា​រដ្ឋ​មួយ​កាក់​មួយ​សេន​ណាឡើ​យ។

– សម្តេចតេជោ ហ៊ុន សែន ដាក់បទបញ្ជាដល់នាយឧត្ដមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទឲ្យរឹតបន្តឹងការការពារសន្តិសុខឲ្យខ្ពស់បំផុត(ផ្លូវគោក, ផ្លូវទឹក និងអាកាស) ដើម្បីការពារសន្តិភាព សុវត្ថិភាពដល់ប្រមុខរដ្ឋ ប្រមុខរាជរដ្ឋាភិបាលអាស៊ាន និងប្រទេសផ្សេងទៀតដែលនឹងមកចូលរួមកិច្ចប្រជុំកំពូលអាស៊ាននៅរាជធានីភ្នំពេញនាខែវិច្ឆិកាខាងមុខនេះ។

– សម្តេចតេជោ ហ៊ុន សែន បានប្រកាសថ្លែងអំណរគុណដល់តុលាការបារាំង ដែលបានផ្តល់យុត្តិធម៌ និងភាពស្អាតស្អំជូនសម្តេច ពីចោទប្រកាន់ដោយគ្មានមូលដ្ឋានរបស់ជនម្នាក់ឈ្មោះ សម រង្ស៊ី ដោយសម្តេចបញ្ជាក់ថា «ទៅពីខ្មែរដល់បារាំង ខ្ញុំចង់បានតែប៉ុណ្ណឹង»។

– សម្តេចតេជោ ហ៊ុន សែន បានប្រកាសមិនប្តឹងឧទ្ធរណ៍ទៅតុលាការបារាំងដោយសារការមិនទទួលបានប្រាក់សំណង ១អឺរ៉ូពីជនម្នាក់ឈ្មោះ សម រង្ស៊ី ឡើយ ព្រោះអ្វីដែលសម្តេចទទួលបាន គឺយុត្តិធម៌ និងភាពស្អាតស្អំពីតុលាការបារាំង គឺគ្រប់គ្រាន់ជាទីពេញចិត្តហើយ។

– សម្តេចតេជោ ហ៊ុន​ សែន ប្រកាសជំហរជាអន្តរជាតិរបស់កម្ពុជាមិនគាំទ្រ មិនលើកទឹកចិត្តឱ្យមានការប្រើប្រាស់កម្លាំង ដើម្បីរំលោភបំពានលើអធិបតេយ្យភាពប្រទេសផ្សេងឡើយ ដោយសម្តេចចោទជាសំនួរថា «បើគេរំលោភបំពានលើយើង តើយើងគិតយ៉ាងម៉េច..?»។

-សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្តេចបានផលិតនាឡិកាចំនួន២៥គ្រឿង ចែកជូនមេដឹកនាំអាស៊ាន និងមេដឹកនាំដៃគូសន្ទនា ដែលអញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធ។

-សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការផ្អាកព្រះរាជពិធីបុណ្យអុំទូកមិនមែនដោយសាររាជរដ្ឋាភិបាលអត់លុយទេ តែដោយសារភាពមមាញឹកនៃកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធ។

-សម្តេចតេជោ ហ៊ុន សែន បានឱ្យដឹងថា នៅថ្ងៃម្សិលមិញនេះ មានអ្នកឆ្លងជំងឺកូវីដ១៩ តែម្នាក់ប៉ុណ្ណោះ។

-សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការរាតត្បាតជំងឺកូវីដ១៩ បានធ្វើឱ្យមានការផ្លាស់ប្តូរឥរិយាបថអប់រំ ដោយមានការចូលរួមពីអាណាព្យាបាល ដោយមិនពឹងផ្អែកតែលើគ្រូ។

-សម្តេចតេជោ ហ៊ុន សែន ថ្លែងថា ចំណេះដឹងជាគ្រឿងអលង្ការល្អជាងរូបរាងកាយ។

-សម្តេចតេជោ ហ៊ុន សែន ថ្លែង​ថា ខ្សែភាពយន្ត «កូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូណ៌មី» ថតបានត្រឹម ៣០ភាគរយ ចំណាយថវិកាអស់ ២លាន ៥សែនដុល្លារហើយ។ សម្តេចតេជោ បានបញ្ជាក់ថា ខ្សែភាពយន្តនេះគ្រោងចំណាយប្រមាណ ៦លានដុល្លារ ហើយមិនមានប្រើថវិកាជាតិទេ។

...

-សម្តេចតេជោ ហ៊ុន សែន ថ្លែងថា ខ្សែភាពយន្ត «កូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូរមី» ជាសាច់រឿងប្រវត្តិសាស្ត្ររបស់ជាតិ មិនមែនជាការរំលេចតែតួអង្គសម្តេចនោះទេ៕ ដោយ​៖ស​ តារា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print