ភ្នំពេញ: បុរសម្នាក់រួមដំណើរជាមួយនឹងស្ត្រីម្នាក់ទៀតបើករថយន្តតូយ៉ូតា ព្រូសមួយគ្រឿងខ្វះការប្រុងប្រយ័ត្នធ្វើឱ្យជ្រុលទៅបុកក្បាលថ្មបង្កាន់ដៃស្ពានអាកាស៥មករា ផ្លូវក្រោមដីពេញទំហឹងបណ្ដាលឱ្យក្បាលថ្មបង្កាន់ដៃស្ពានដួលរលំរួមនឹងស្លាកចរាចរណ៍មួយដើមផង ចំណែករថយន្តខូចខាតផ្នែកខាងមុខយ៉ាងដំណំ។
ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១០និង៣០នាទីយប់ថ្ងៃទី ១១ខែតុលា ឆ្នាំ២០២២ នៅត្រង់ចំណុចគល់ស្ពានអាកាស៥មករា ផ្លូវក្រោមដីតាម បណ្ដោយផ្លូវលេខ២៨៩ ស្ថិតក្នុងសង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា មុនកើតហេតុគេឃើញបុរសម្នាក់រួមដំណើរជាមួយស្ត្រីម្នាក់ទៀត បើករថយន្តតូយ៉ូតា ព្រូស មួយគ្រឿងពណ៌ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ2AT-8161ធ្វើដំណើរតាមបណ្ដោយផ្លូវលេខ២៨៩ពីជើងទៅត្បូងក្នុងល្បឿនលឿន លុះមកដល់ចំណុចកើតហេតុខាងលើដោយបើកខ្វះការប្រុងប្រយ័ត្នក៏ជ្រុលទៅបុកក្បាលថ្មបង្កាន់ដៃស្ពានអាកាសពេញទំហឹង បណ្ដាលឱ្យក្បាលថ្មនិងស្លាកចរាចរណ៍មួយដើមដួលរលំចេញពីបង្កាន់ដៃស្ពាន ចំណែករថយន្តខូចខាតផ្នែកខាងមុខយ៉ាងដំណំទៅមុខលែងរួច។ ភ្លាមៗនោះអ្នកបើកបរនិងអ្នករួមដំណើរបានគេចខ្លួនចេញពីកន្លែងកើតហេតុបាត់ទៅ។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ ហើយបានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកធ្វើការវាស់វែងយករថយន្តបង្កទៅទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញរង់ចាំម្ចាស់ចូលខ្លួនមកដោះស្រាយតាមផ្លូវច្បាប់៕ ដោយ៖សុខាសែនជ័យ