ភ្នំពេញ៖ អភិបាលរាជធានីភ្នំពេញ លោក ប៉ា សុជាតិវង្ស បានថ្លែងថា យុទ្ធនាការពាក់អាវខ្មៅ គឺជាផ្នែកមួយនៃបដិវត្តន៍ពណ៌។ លោក ប៉ា សុជាតិវង្ស បានថ្លែងបែបនេះ នៅក្នុងពិធីសម្ពោធស្នាក់ការ គណបក្សប្រជាជន កម្ពុជាព្រែកថ្មី ក្នុង សង្កាត់សំរោង ខណ្ឌច្បារអំពៅ នាព្រឹកថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៦។
លោកប៉ា សុជាតិវង្ស បញ្ជាក់ថា៖ នាពេលថ្មីៗនេះ មានមនុស្សមួយក្រុម ខ្លះមកពីសហ គមន៍ ដីធ្លី បាននាំគ្នាបើកយុទ្ធនាការស្លៀកពាក់ខ្មៅ ដើម្បីទាមទារចង់ឲ្យមានការដោះលែង មន្ត្រីអាដហុក និងមន្ត្រី គ.ជ.ប តែបំណងរបស់ពួក គេមិនបានសម្រេចនោះឡើយ ដោយសារតែមានការទប់ស្កាត់ពីអាជ្ញាធរ និងសមត្ថកិច្ច។
លោក ប៉ា សុជាតិវង្ស បានបញ្ជាក់ថា ៖ តែបញ្ហាទាំងនេះ អាជ្ញាធររាជធានីភ្នំពេញ កំពុងខិតខំធ្វើការអប់រំណែនាំ ទៅក្រុមយុវជន ទៅអាជ្ញាធរ ភូមិ សង្កាត់ ខណ្ឌ ក្រោមឱវាទទាំងអស់ត្រូវ បន្ដចុះធ្វើការផ្សព្វផ្សាយ អប់រំឲ្យបានញឹកញាប់ ដល់ក្រុមយុវជនទាំងនោះ មិនត្រូចូលរួមតាមពាក្យញុះញង់គេនោះឲ្យសោះ។
លោកបន្ដថា៖ តែរឿងទាំងអស់នេះ អាជ្ញាធររាជធានី ភ្នំពេញ មិនបាច់ខ្វាយខ្វល់អ្វីទៀតទេ រឿងដែលអាជ្ញាធរភ្នំពេញ ប្រឈមចំពោះមុខនោះ គឺបញ្ហាប្រឈម ការកកស្ទះចរាចរណ៍ បញ្ហាសំរាម តែការងារទាំងអស់នេះ វាទាល់តែ ផ្ដល់អាទិ្ធភាព ឲ្យអាជ្ញាធរខណ្ឌជា អ្នកទទួលខុសត្រូវអនុវត្ដដូចជាការងារ ចរាចរណ៍ សំរាម ការងារជួសជុលផ្លូវថ្នល់ មួយចំនួន ការងារលូ ក្រៅពីនេះ អភិបាល ខណ្ឌទាំងអស់ទទួល ខុស ត្រូវ ចំពោះចំណុចភ្លើងស្តុប ដែលមាននៅក្នុង មូលដ្ឋានរៀងៗខ្លួនផងដែរ ។
ក្នុងឱកាសនោះដែរ ប៉ា សុជាតិវង្ស ក៍បានស្នើឲ្យអភិបាលខណ្ឌទាំងអស់ត្រូវ ចូលរួមក្រៅពីការងារការកកស្ទះចរាចរណ៍ ត្រូវចុះស្តារអណ្តូង លូ ផ្លូវ ដែលមានជន្លក់សំបុកមាន់ ត្រូវជួសជុល ជាបណ្ដោះអាស័ន្ន ឲ្យបានមុនរដូវភ្លៀងធ្លាក់ ៕
ដោយ៖ សំរិទ្ធ