ខេត្តបន្ទាយមានជ័យ÷កុមារកំព្រាជាង១០០នាក់នៅក្នុងមណ្ឌលសង្គ្រោះជនអស់សង្ឃឹមទី២ ស្ថិតក្នុងភូមិឬស្សីក្រោក ឃុំឬស្សីក្រោក ស្រុកមង្គលបូរី ខេត្តបន្ទាយ មានជ័យកំពុងត្រូវបានរងការជន់លិចដោយទឹកជំនន់ មិនអាចស្នាក់នៅបាន ត្រូវបានជម្លៀសទៅកាន់ទីទួលមានសុវត្ថិភាពភ្លាមៗដោយកម្លាំងនគរបាលស្រុកក្រោមការបញ្ជារបស់លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះស្នងការនគរបាលខេត្តអោយសហការជាមួយអាជ្ញាធរសមត្ថកិច្ចពាក់ព័ណកាលពីវេលាម៉ោង៥និង៣០នាទីល្ងាច ថ្ងៃទី១១ ខែតុលា ឆ្នាំ២០២២។
យោងរបាយការណ៍ របស់អធិការដ្ឋាននគរបាលស្រុកមង្គលបុរី បានឲ្យដឹងថា កុមារកំព្រាប្រុស-ស្រី ចំនួន ១១៥នាក់ និង បុគ្គលិកមជ្ឈមណ្ឌល១៧នាក់ ត្រូវបានសមត្ថកិច្ចនិងអាជ្ញាធរជម្លៀសទៅកាន់ទីទួលមានសុវត្ថិភាពភ្លាមៗ នៅល្ងាចថ្ងៃអង្គារនេះ បន្ទាប់ពីត្រូវទឹកជំនន់វាយប្រហាយ៉ាងគំហុក ក្នុងបរិវេណមណ្ឌល។
ដើម្បីបញ្ចៀសគ្រោះថ្នាក់ផ្សេងៗ និងបង្កលក្ខណ:ងាយ ស្រួលដល់ការរស់នៅរបស់ប្អូនៗកុមារកំព្រា បច្ចុប្បន្នកុមារកំព្រាទាំងនោះ ត្រូវបានសមត្ថកិច្ច និងអាជ្ញាធរ បានយកទៅឲ្យស្នាក់នៅបណ្តោះអាសន្នផ្សារបុរីជ័យ២ (ផ្សារចំការតាដោក) របស់លោក អ៊ឹង វណ្ណម៉ៅ ស្ថិតក្នុងភូមិចំការតាដោក ឃុំឬស្សីក្រោក ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ៕
ដោយ៖ សូរិយា