ភ្នំពេញ៖ បេីយោងតាមប្រភពព័ត៍មានពីក្រសួងបរិស្ថាន នៅព្រឹកថ្ងៃពុធទី១២ ខែតុលា ឆ្នាំ២០២២នេះ បានដកស្រង់ចេញផ្សាយពីសៀវភៅមគ្គទេសក៍គ្រឿងទេសកម្ពុជា បានឱ្យដឹងថា៖ ក្រូចសើច(Kaffir lime) ដើមមានកម្ពស់៣ ទៅ៦ម៉ែត្រ មែកមានបន្លាតូចៗស្រួចវែង។
ក្រសួងបរិស្ថាន បានឱ្យដឹងទៀតថា ស្លឹកទោលរាងពងក្រពើចុងរាងទាលតែមានកំពតស្រួលបន្តិច (mucronate) ៥-៨ គុណនិង២-៤សង់ទីម៉ែត្រ គែមមានរឹមឆកចូលបន្តិច (crenulate) មានក្រពេញ ប្រេងក្រអូបប្រហើរ ទងស្លឹកមានស្លាបលាតទៅខាងធំស្រដៀងស្លឹក។ ផ្កាទោល ៣-៥ជាកញ្ចុំ (fascicles) នៅគល់មែក ត្របកផ្កា៤ពណ៌សនិងស្វាយនៅចុង ស្រទាប់ផ្កា៤-៥ពណ៌សខងក្នុង ពណ៌ស្វាយឬក្រហមខាងក្រៅ កេសរឈ្មោលច្រើនពី ១៥-៣០ មានទងដាច់ពីគ្នា។
ដោយឡែកផ្លែមានសម្បកក្រាស់ជ្រួញកំពីកំពក មានក្រពេញប្រេង ក្រអូបឆួល សាច់ផ្លែពណ៌បៃតងខ្ចីរសជាតិជូរហាង។ មានគ្រាប់ច្រើនរាងដូចតំណក់ទឹក ១,៥ ទៅ១,៨ គុណនិង ១-១-២សង់ទីម៉ែត្រ។ មានសារធាតុប្រេងក្រអូប ជាពិសេសនៅលើស្លឹក និងសម្បកផ្លែដែលមានក្រពេញប្រេងសំខាងៗ (essential oils) ច្រើន។ ភាគច្រើនគេដាំនៅក្នុងសួនចម្ការ នៅតំបន់ដីទួលមិនលិចទឹក។
សូមជម្រាបជូនថា ការប្រើប្រាស់បាន ២បែប ជាគ្រឿងទេស និងឱសថ៖ គ្រឿងទេស ស្លឹកសម្រាប់ម្ជូរគ្រឿង ឆាគ្រឿង ការី កកូរ។ល។ រីឯឱសថ គេប្រើស្លឹក សម្បក និងផ្លែលាយជាមួយរុក្ខជាតិផ្សេងទៀតសម្រាប់ឆ្ពុង ជួនកាលគេប្រើប្រាស់ផ្លែវាសម្រាប់កក់សក់៕ដោយ៖សហការី