ភ្នំពេញ៖ នៅថ្ងៃទី១២ ខែតុលា ឆ្នាំ២០២២ លោក ឧត្តមសេនីយ៍ឯក ខឹមជា សាឃឿន មេបញ្ជាការរង នាយសេនាធិការកងទ័ពជើងគោកបានដឹកនាំនាយទាហានបញ្ជាការដ្ឋានកងទ័ពជើងគោកចុះសួរសុខទុក្ខលោក នាយឧត្តមសេនីយ៍ ជា សារ៉ន រដ្ឋលេខាធិការក្រសួងការពារជាតិនៅគេហដ្ឋានរបស់លោក។
លោកឧត្តមសេនីយ៍ឯក ខឹមជា សាឃឿន បានពាំនាំបណ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង និងជាមេបញ្ជាការកងទ័ពជើងគោក នាយទាហាន នាយទាហានរង និងពលទាហាននៃបញ្ជាការដ្ឋានកងទ័ពជើងគោកជូនចំពោះលោកនាយឧត្តមសេនីយ៍ ជា សារ៉ន សូមឱ្យមានសុខភាពល្អ កម្លាំងមាំមួន បន្តបំពេញភារកិច្ចជូនជាតិ មាតុភូមិ ។
នាយឧត្តមសេនីយ៍ ជា សារ៉ន បានថ្លែងអំណរគុណដល់លោកឧត្តមសេនីយ៍ឯក ខឹមជា សាឃឿន និងសហការីទាំងអស់ ជាពិសេសសូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ លោក ឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទនិងមេបញ្ជាការកងទ័ពជើងគោកដែលបានយកចិត្តទុកដាក់ចំពោះសុខទុក្ខជីវភាពរស់នៅរបស់យោធិន និងបានមកសួរសុខទុក្ខដល់ផ្ទះរបស់លោកនាពេលនេះ ៕
ដោយ : សហការី