ភ្នំពេញ ៖ សាលាដំបូងរាជធានីភ្នំពេញ បានបិទប្រកាសជូនដំណឹងជាសាធារណៈ ដល់ភាគីដើមបណ្តឹង និងចុងចោទ រួមទាំងមេធាវីការពារក្តីឲ្យគូភាគីទាំងសងខាង ចូលរួមសវនាការ ដែល និងគ្រោងធ្វើឡើងនៅព្រឹកថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២២ (ស្អែកនេះ) លើសំណុំរឿងបណ្ឌិតម្នាក់ពាក់ពន្ធពីបទ.ក្លែងបន្លំ. ប្រើប្រាស់លិខិតក្លែង.ក្លែងបន្លំឯកសារសាធារណៈ.ប្រើប្រាស់ឯកសារសា ធារណៈក្លែង.និងក្លែងបន្លំម៉ាកសញ្ញា (លួចកម្ម សិទ្ធិបញ្ញា) ។ នេះបើយោងតាមលិខិតជូនដំណឹងរបស់លោក ទី មុនិន្ទ ព្រះរាជអាជ្ញារង តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានកំណត់យកបន្ទប់លេខ៨ ជាន់ទី៥ ដើម្បីតតាំងក្តី ។ សំណុំរឿងនេះមានភាគីដើមបណ្តឹងឈ្មោះ BARNETT CASEY DOUGLAS ភេទប្រុស ជនជាតិអាមេរិក មុខរបរ ពាណិជ្ជករ (នាយកសាលារៀនឯកជន) ទីលំនៅផ្ទះលេខ៦៤ ផ្លូវលេខ ១០៨ សង្កាត់វត្តភ្នំ ខ័ណ្ឌដូនពេញ រាជធានីភ្នំពេញ ។ រីឯចុងចម្លើយឈ្មោះ យឹម គឹមឈាន ភេទប្រុស អាយុ៤០ ឆ្នាំ មុខរបរ បណ្ឌិតខាងពាណិជ្ជកម្ម (នាយកក្រុមហ៊ុន៤) ស្នាក់នៅផ្លូវបេតុង ភូមិសន្សំកុសល សង្កាត់បឹងទំពុន១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
អង្គហេតុក្នុងសំណុំរឿងនេះត្រូវបានគេដឹងថា កាលពីថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២១ លោក BARNETT CASEY DOUGLAS បានដាក់ពាក្យបណ្តឹង ចូលអគ្គស្នងការរងទទួលផែននាយកដ្ឋានកណ្តាលនគរបាលយុត្តិធម៌ក្រសួងមហាផ្ទៃ ដោយចោទប្រកាន់លោកបណ្ឌិត យឹម គឹមឈាន ពីបទ.ក្លែងបន្លំឯកសារសាធារណៈ និងប្រើប្រាស់ឯកសារសាធារណៈ ក្លែងបន្លំម៉ាកសញ្ញា លួចកម្មសិទ្ធបញ្ញា និងក្លែងបន្លំលិខិតឯកជន និងប្រើប្រាស់លិខិតឯកជនក្លែងបន្លំ ។ សូមជម្រាបថា ក្រោយពីទទួលបានពាក្យបណ្តឹងខាង លើនេះ សមត្តកិច្ចនគរបាលនាយកដ្ឋានព្រហ្មទណ្ឌក្រសួងនហាផ្ទៃ បានស្នើសុំទៅស្ថាប័នអយ្យការអមសាលាដំបូងរាជធានីភ្នំពេ ញ បើកការស៊ើបអង្កេតបឋមលើលោកបណ្ឌិត យឹម គឹមឈាន អស់រយៈពេលច្រើនខែ ។ លុះដល់ថ្ងៃទី២៤ ខែវិច្ឆឹកា ឆ្នាំ២០២១ លោក ស៊ិត វណ្ណៈ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ក៏បានចេញដីកាបញ្ញាឲ្យចូលខ្លួន និងតម្រូវឲ្យសមត្តកិច្ចនាំខ្លួនលោកបណ្ឌិត យឹម គឹមឈាន ដើម្បីសាកសួរតាមពាក្យបណ្តឹងនោះ ។
លុះនៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២១ នគរបាលព្រហ្មទណ្ឌក្រសួង មហាផ្ទៃ បានធ្វើការឃាត់ខ្លួនជនសង្ស័យយកទៅសាកសួរ និងធ្វើការឆែកឆេរនៅការិយាល័យរបស់លោកបណ្ឌិត យឹម គឹមឈាន បានរកឃើញត្រាក្លែងក្លាយជាច្រើន ក្នុងនោះមានក្លែងត្រា និងហត្ថលេខារបស់រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មកម្ពុជាផង និងរដ្ឋមន្ត្រីក្រសួងការបរទេសប្រទេសកាណាដាផង ។
នៅចំពោះមុខសមត្តកិច្ចបណ្ឌិត យឹម គឹមឈាន បានបំភ្លឺថា ត្រាចំនួន១៧ ដែលសមត្តកិច្ចចុះធ្វើការដកហូតនៅការិយាល័យរបស់លោក គឺជារឿងពិត ប្រាកដមែន ដោយត្រាទាំងនោះមួយចំនួនខ្លួនបានទំនាក់ទំនងឲ្យគេហទំព័រហ្វេសប៊ុកឈ្មោះ ឆ្លាក់ត្រា ឆ្លាក់ពីចម្ងាយ មួយចំនួនទៀត ធ្វើនៅម្តុំហាងឆ្លាក់ត្រាមិនស្គាល់ឈ្មោះ នៅម្តុំខាងក្រោយព្រះបរមរាជវាំង ក្នុងត្រាមួយៗ ធ្វើតម្លៃចន្លោះពី៥ ដុល្លារទៅ២០ ដុល្លារអាមេរិក ហើយត្រាចំនួន១៧ ខាងលើមានចំនួន១៥ ជាត្រាក្លែងក្លាយ និងត្រា២ ជាត្រាពិតប្រាកដសម្រាប់ប្រើប្រាស់រាលថ្ងៃ ។ ក្រោយពីស្តាប់ចម្លើយចប់រួមទាំងភស្តុតាងដែលដកហូត សម ត្តកិច្ចបានធ្វើការសន្និដ្ឋានផ្អែកតាមការស៊ើបអង្កេត ស្រាវជ្រាវ និងចម្លើយសារភាពបញ្ជាក់ថា បណ្ឌិតឈ្មោះ យឹម គឹមឈាន ពិតជាបានប្រព្រឹត្តអំពើល្មើសក្លែងបន្លំឯកសារសាធារណៈ និងប្រើប្រាស់ឯកសារសាធារណៈក្លែងបន្លំម៉ាកសញ្ញា លួចកម្មសិទ្ធបញ្ញា ប្រើ ប្រាស់លិខិតឯកជនក្លែងបន្លំប្រាកដមែន សមត្តកិច្ចបានកសាងសំណុំរឿង និងបញ្ជូនបណ្ឌិត យឹម គឹមឈាន ទៅកាន់សាលាដំបូ ងរាជធានីភ្នំពេញ តាមនីតិវិធី ។ សំណុំរឿងនេះត្រូវបានតំណាងអយ្យការបើកការស៊ើបសួរ ហើយនៅថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២១ ព្រះរាជអាជ្ញា ក៏បានសម្រេចចោទប្រកាន់លោកបណ្ឌិត យឹម គឹមឈាន ជាផ្លូវការ និងបានចាត់បញ្ជូនទៅខាងចៅក្រមស៊ើបសួរ ដើម្បីឃុំខ្លួនជនសង្ស័យដាក់ពន្ធនាគារជាបណ្តោះអាសន្ន ពីបទ. ក្លែងបន្លំឯកសារសាធារណៈ និងប្រើប្រាស់ឯកសារសាធារណៈក្លែងបន្លំម៉ាកសញ្ញា ប្រព្រឹត្តនៅចំណុចរាជធានីភ្នំពេញ កាលពីអំឡុងឆ្នាំ២០២០ តាមបញ្ញត្តិមាត្រា ៦២៦ មាត្រា ៦២៧ មាត្រា ៦២៨ មាត្រា ៦២៩ នៃក្រមព្រហ្មទណ្ឌ និងមាត្រា ៦៥ នៃច្បាប់ស្តីពីម៉ាកពាណិជ្ជកម្ម និងអំពើនៃការប្រកួតប្រជែងមិនស្មោះត្រង់ ។ ប៉ុន្តែការឃុំខ្លួននោះមិនបានប៉ុន្មានផង ស្រាប់តែនៅថ្ងៃទី២១ ខែមករា ឆ្នាំ២០២២ សាលាដំបូងរាជធានីភ្នំពេញ បានធ្វើការដោះលែងបណ្ឌិត យឹម គឹមឈាន ឲ្យនៅក្រៅឃុំវិញ ៕ ដោយ រ៉ារ៉ា