(ទីក្រុង Hoi An)៖ ក្រសួងទេសចរណ៍ នៅថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២២ បានបញ្ជាក់អោយដឹងថា, ចាប់ពីថ្ងៃទី៩-១២ ខែតុលា ឆ្នាំ២០២២ លោក ថោង រដ្ឋសក្តិ អគ្គនាយកអភិវឌ្ឍន៍ទេសចរណ៍ និងសហប្រតិបត្តិការអន្តរជាតិ នៃក្រសួងទេសចរណ៍នៃព្រះរាជាណាចក្រកម្ពុជា បានដឹកនាំមន្ត្រីជំនាញចូលរួមវេទិកាទេសចរណ៍មេគង្គឆ្នាំ២០២២ (Mekong Tourism Forum 2022) នៅទីក្រុង Hoi An សាធារណរដ្ឋសង្គមនិយមវៀតណាម និងកិច្ចប្រជុំពាក់ព័ន្ធនានា ដោយទទួលបានលទ្ធផលដូចខាងក្រោម៖
(១) វឌ្ឍនភាពនៃគម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធទេសចរណ៍ប្រកបដោយបរិយាប័ន្នវគ្គ២ (ADB-TIIG2) ដែលអនុវត្តដោយប្រទេសកម្ពុជា វៀតណាម និងឡាវ ក្រោមការគាំទ្ររបស់ធានាគារអភិវឌ្ឍនអាស៊ី (ADB)។ កិច្ចប្រជុំបានវាយតម្លៃខ្ពស់ចំពោះកម្ពុជា ដែលបានអនុវត្តគម្រោងអភិវឌ្ឍន៍ហេដ្ឋរចនាសម្ព័ន្ធទេសចរណ៍ប្រកដោយបរិយាប័ន្នវគ្គ១ ប្រកបដោយជោគជ័យ ដោយក្នុងនោះកំពង់ផែរទេសចរណ៍កំពតបានសម្រេច១០០% ។ ថ្មីៗនេះកាលពីថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២២ រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងរដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងក្រសួងស្ថាប័នពាក់ព័ន្ធ ក៏បានចុះពិនិត្យទីតាំង និងផ្តល់អនុសាសន៍ណែនាំបន្ថែមក្នុងការដាក់ឲ្យដំណើរការកំពង់ផែទេសចរណ៍នេះ នៅអំឡុងត្រីមាសទី១ ឆ្នាំ២០២៣ ខាងមុខ។ អង្គប្រជុំក៏បានបន្តស្តាប់របាយការណ៍របស់កម្ពុជា ដែលបានអនុវត្តគម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធទេសចរណ៍ប្រកដោយបរិយាប័ន្នវគ្គ២ (ADB-TIIG2) ដោយផ្តោតសំខាន់លើការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធកំពង់ផែកោះទន្សាយ ផ្លូវបណ្តោយឆ្នេរកែប និងទីលានចាក់សំរាមខេត្តកែប ការអនុវត្តស្តង់ដាទេសចរណ៍អាស៊ាន និងការគ្រប់គ្រងគោលដៅទេសចរណ៍ (DMO) ក្នុងបណ្តាខេត្តតំបន់ឆ្នេរសមុទ្រកម្ពុជា។
(២) កិច្ចប្រជុំទ្វេភាគីរវាងអង្គភាពទេសចរណ៍មេគង្គ (Destination Mekong) និងក្រសួងទេសចរណ៍កម្ពុជា៖ លោក ថោង រដ្ឋសក្តិ អគ្គនាយកអភិវឌ្ឍទេសចរណ៍ និងសហប្រតិបត្តិការអន្តរជាតិ បានជួបសម្តែងការគួរសម្យជាមួយលោកស្រី Catherine GERMIER-MAMEL នាយកប្រតិបត្តិនៃអង្គភាពទេសចរណ៍មេគង្គ (Destination Mekong) ដោយបានពិភាក្សា និងឯកភាពគ្នាលើកិច្ចសហប្រតិបត្តិការរួមមាន៖ (ក) ទទួលស្វាគមន៍ការិយាល័យអង្គភាពទេសចរណ៍មេគង្គ នៅទីស្តីការក្រសួងទេសចរណ៍ ដើម្បីជំរុញការផ្សព្វផ្សាយគោលដៅទេសចរណ៍ និងការពង្រឹងទំនាក់ទំនងក្នុងទម្រង់ដៃគូររដ្ឋ-ឯកជន (PPP) (ខ) សហការរៀបចំសន្និបាតគោលដៅទេសចរណ៍មេគង្គ ២០២២ (Destination Mekong Submit 2022) ដែលគ្រោងនឹងរៀបចំដោយអង្គភាពទេសចរណ៍មេគង្គអំឡុងខែធ្នូ ឆ្នាំ២០២២ នៅរាជធានីភ្នំពេញ ការរៀបចំព្រឹត្តិការណ៍ទេសចរណ៍ម្ហូបអាហារ (Gastronomy) នៅពេលខាងមុខ (គ) គាំទ្រអង្គភាពទេសចរណ៍មេគង្គដើម្បីរៀបចំបង្កើត “មជ្ឈមណ្ឌលបទពិសោធន៍មេគង្គ (Mekong Experience Center)” សំដៅប្រមូលផ្តុំនូវអ្នកជំនាញជាន់ខ្ពស់ក្នុងការចែករំលែកការអនុវត្តល្អ និងមានបទពិសោទន៍លើការអភិវឌ្ឍន៍ទេសចរណ៍ប្រកបដោយបរិយាប័ន្ន និងនវានុវត្តន៍។
(៣) កិច្ចប្រជុំក្រុមការងារទេសចរណ៍មហាអនុតំបន់មេគង្គលើកទី៥០ (50th GMS TWG)៖ ប្រទេសជាសមាជិកមហាអនុតំបន់មេគង្គទាំងអស់បានពិភាក្សា និងចែករំលែកបទពិសោធន៍លើប្រធានបទសំខាន់រួមមាន៖ (ក) បច្ចុប្បន្នភាពក្នុងការអភិវឌ្ឍវិស័យទេសចរណ៍តាមបណ្តាប្រទេសជាសមាជិកមហាអនុតំបន់មេគង្គ និងផែនការសកម្មភាពឆ្ពោះទៅកាន់ផែនការស្តារវិស័យទេសចរណ៍ឡើងវិញ ក្នុងនិងក្រោយវិបត្តិកូវីដ-១៩ ឆ្នាំ២០២០-២០២៥ (ខ) ការបើកទទួលទេសចរអន្តរជាតិឡើងវិញតាមរយៈច្រកចេញ -ចូលប្រទេសដោយអនុវត្តតាមវិធានសុវត្ថិភាព និងតម្រូវការផ្សេងៗតាមប្រទេសក្នុងតំបន់មហាអនុតំបន់មេគង្គ (GMS) ក្នុងនោះកម្ពុជាបានលើកឡើងអំពីកំណើននៃចំនួនភ្លៀវទេសចរផ្ទៃក្នុងមានចំនួនជាង ៩លាននាក់ និងទេសចរអន្តរជាតិប្រមាណ ១.២៥លាននាក់ ក្នុងរយៈពេល៩ខែដើមឆ្នាំ២០២២, កម្មវិធីគាំទ្ររបស់រាជរដ្ឋាភិបាលចំពោះអាជីវកម្មទេសចរណ៍ និងកម្លាំងពលកម្មក្នុងវិស័យទេសចរណ៍, ការបើកទទួលទេសចរឡើងវិញ, ការផ្តល់ទិដ្ឋាការនៅពេលមកដល់ ( VISA ON ARRIVAL) និងសេចក្តីជូនដំណឹងថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២២ ស្តីពីការអនុវត្តឱ្យជនបរទេស ឬវិនិយោគិនស្នាក់នៅកម្ពុជាចាប់ពី០២ឆ្នាំឡើងទៅអាចស្នើសុំបណ្ណចូលទស្សនារមណីយដ្ឋានអង្គរ និងប្រាសាទកោះកែររយៈពេល០១ឆ្នាំម្តង ដោយមិនបង់ថ្លៃ។
(៤) កិច្ចប្រជុំក្រុមប្រឹក្សាភិបាល នៃការិយាល័យសម្របសម្រួលទេសចរណ៍មេគង្គ (MTCO)៖ ប្រទេសជាសមាជិកមហាអនុតំបន់មេគង្គ បានពិភាក្សាលម្អិតលើដំណើរការរបស់ការិយាល័យសម្របសម្រួលទេសចរណ៍មេគង្គរួមមាន៖ (ក) សំណើរបស់ភាគីចិនលើការស្នើសុំប្តូរឈ្មោះការិយាល័យសម្របសម្រួលទេសចរណ៍មេគង្គ (MTCO) ទៅជាការិយាល័យទេសចរណ៍មេគង្គឡានឆាង (LMTO) ដោយក្នុងនោះកម្ពុជាបានបង្ហាញគោលជំហរតាមសម្លេងគាំទ្រភាគច្រើន (ខ) ឯកភាពលើផែនការសកម្មភាពរបស់ការិយាល័យសម្របសម្រួលទេសចរណ៍មេគង្គសម្រាប់ត្រីមាសទី៤ ឆ្នាំ២០២២ និងឆ្នាំ២០២៣ និង (គ) ការពង្រីកទំនាក់ទំនងទេសចរណ៍ក្នុងតំបន់
និងរបាយការណ៍បច្ចុប្បន្នភាពហិរញ្ញវត្ថុរបស់ការិយាល័យ MTCO ៕
ដោយ : សហការី