ភ្នំពេញ : នៅថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២២ នៅរាជធានីភ្នំពេញ លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រី ក្រសួងអប់រំ យុវជន និងកីឡា និងជាប្រធានក្រុមប្រឹក្សាសហគមន៍សង្គម-វប្បធម៌អាស៊ាន បានដឹកនាំកិច្ចប្រជុំ ក្រុមប្រឹក្សាសហគមន៍សង្គម-វប្បធម៌អាស៊ានលើកទី ២៨ (28th ASCC Council Meeting)។ កម្មវិធីបើកនៃ កិច្ចប្រជុំក្រុមប្រឹក្សានេះ បានប្រព្រឹត្តទៅក្រោមអធិបតីដ៏ខ្ពង់ខ្ពស់របស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានអាស៊ាន។ សមាសភាពចូលរួមក្នុងកិច្ចប្រជុំ រួមមាន៖ រដ្ឋមន្ត្រីសហគមន៍សង្គម-វប្បធម៌អាស៊ាន, អគ្គលេខាធិការអាស៊ាន, អគ្គលេខាធិការរងអាស៊ាន, លេខាធិការ អាស៊ាន, ឧត្តមមន្ត្រីសហគមន៍សង្គម-វប្បធម៌អាស៊ាន, និងតំណាងអចិន្ត្រៃយ៍របស់សហគមន៍ សង្គម-វប្បធម៌អាស៊ាន នៃប្រទេសជាសមាជិកអាស៊ាន។
កិច្ចប្រជុំបានបង្ហាញការគាំទ្រជាថ្មីម្តងទៀត ចំពោះភាពជាប្រធានអាស៊ានរបស់កម្ពុជា ក្រោមមូលបទ “អាស៊ានរួមគ្នាធ្វើ៖ ដោះស្រាយបញ្ហាប្រឈមទាំងអស់គ្នា” និងអាទិភាពទាំងបួនរបស់សហគមន៍សង្គម-វប្បធម៌ អាស៊ាន សម្រាប់ឆ្នាំ២០២២ ដែលរួមមាន៖ (១)ពង្រឹងគុណតម្លៃ ការយល់ដឹង និងអត្តសញ្ញាណអាស៊ាន, (២) លើកកម្ពស់ការអភិវឌ្ឍធនធានមនុស្ស និងការផ្តល់អំណាចទៅឱ្យស្ត្រី, (៣) ពង្រឹងសុខភាព សុខុមាលភាព និង ការគាំពារសង្គម, និង (៤) ពង្រឹងសមត្ថភាព និងប្រសិទ្ធភាពស្ថាប័នរបស់សហគមន៍សង្គម-វប្បធម៌ អាស៊ាន។
រដ្ឋមន្ត្រីសហគមន៍សង្គម-វប្បធម៌អាស៊ាន បានទទួលស្គាល់របាយការណ៍របស់ឧត្តមមន្ត្រីសហគមន៍ សង្គម-វប្បធម៌អាស៊ាន ស្តីពីវឌ្ឍនភាពនៃចំណុចជាអាទិភាពរបស់សហគមន៍សង្គម-វប្បធម៌អាស៊ានក្នុងឆ្នាំ ២០២២ និងការលើកឡើងពីបញ្ហានានា ដែលបានពិភាក្សានៅក្នុងកិច្ចប្រជុំឧត្តមមន្ត្រីសហគមន៍សង្គម-វប្បធម៌អាស៊ាន លើកទី៣៣ (33º SCCA Meeting) ដែលត្រូវបានធ្វើឡើង នៅថ្ងៃទី៥ ខែតុលា ឆ្នាំ២០២២ តាមប្រព័ន្ធអនឡាញ។ អង្គប្រជុំគាំទ្រឯកសារលទ្ធផលចំនួន១១ ដែលនឹងត្រូវយកទៅអនុម័ត និងឯកសារលទ្ធផលចំនួន២០ ដែលនឹង ត្រូវយកទៅកត់សម្គាល់ នៅក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និងលើកទី៤១។
អង្គប្រជុំបានពិភាក្សាផងដែរអំពី វឌ្ឍនភាពនៃការអនុត្តផែនការមេសហគមន៍សង្គម-វប្បធម៌អាស៊ាន ឆ្នាំ ២០២៥, កិច្ចការឆ្លងវិស័យ និងឆ្លងសសរស្តម្ភ ដែលរួមមានវឌ្ឍនភាពនៃការអនុវត្តគំនិតផ្ដួចផ្ដើមកន្លងមក រួមទាំង ក្របខ័ណ្ឌអាស៊ានសម្រាប់ការស្ដារឡើងវិញគ្រប់ជ្រុងជ្រោយ, ក្របខណ្ឌសេដ្ឋកិច្ចវិលជុំ, សេចក្តីថ្លែងការណ៍ទីក្រុង ហាណូយ ស្ដីពីចក្ខុវិស័យក្រោយឆ្នាំ២០២៥ របស់សហគមន៍អាស៊ាន, សេចក្ដីថ្លែងការណ៍ទីក្រុង Bandar Seri Begawan ស្តីពីការអនុវត្តគ្រប់ជ្រុងជ្រោយ និងបែបយុទ្ធសាស្ត្ររបស់អាស៊ានសម្រាប់ឆ្លើយតបទៅនឹងគ្រោះមហន្ត រាយ និងគ្រោះអាសន្ន (ASEAN SHIELD,) និងបច្ចុប្បន្នភាពនៃសំណើសុំចូលជាសមាជិក អាស៊ានរបស់ប្រទេស ទីម័រឡេសស្ដ។
រដ្ឋមន្ត្រីសហគមន៍សង្គម-វប្បធម៌អាស៊ានទាំង ១០ រូប និងអគ្គលេខាធិការអាស៊ាន បានផ្ដល់ទស្សនៈ បន្ថែម និងពិភាក្សាអំពីទិសដៅយុទ្ធសាស្ត្រ សម្រាប់សហគមន៍សង្គម-វប្បធម៌អាស៊ាន។ អង្គប្រជុំបានឯកភាព លើរបាយការណ៍វាយតម្លៃរបស់សហគមន៍សង្គម-វប្បធម៌អាស៊ាន ដែលត្រូវបានរៀបចំឡើងបន្ទាប់ពីបេសកកម្ម ស្វែងរកការពិត ដែលបានធ្វើឡើងក្នុងខែកក្កដា ឆ្នាំ២០២២ ស្ដីពីសំណើបេក្ខភាពរបស់ប្រទេសទីម័រឡេសស្ដ ចូលជាសមាជិកអាស៊ាន។ អង្គប្រជុំក៏បានស្នើសុំឱ្យមានការពន្លឿនការបញ្ជូនតំណាងអចិន្ត្រៃយ៍សហគមន៍សង្គម វប្បធម៌អាស៊ាន ទៅកាន់ការិយាល័យតំណាងអចិន្ត្រៃយ៍អាស៊ាន ដើម្បីបំពេញសមាសភាពគណៈកម្មការ និង ពង្រឹងប្រសិទ្ធភាពគ្រប់គ្រងស្ថាប័ននៃសហគមន៍សង្គម-វប្បធម៌អាស៊ាន។
ក្រុមប្រឹក្សាបានទទួលស្គាល់ពីផលប៉ះពាល់ដ៏ធំ នៃជំងឺរាតត្បាតកូវីដ១៩ និងតួនាទីនៃការអប់រំឌីជីថល ដើម្បីបង្កើនជំនាញថ្មីៗ សម្រាប់ឧស្សាហកម្ម ៤.០។ ក្រុមប្រឹក្សាក៏បានឯកភាពគ្នា ធ្វើកិច្ចខិតខំប្រឹងប្រែងរួមគ្នា ដើម្បីពង្រឹង និងដោះស្រាយការងាររបស់សហគមន៍សង្គម-វប្បធម៌អាស៊ាន រួមមានបញ្ហាសុខភាព ការប្រែប្រួល អាកាសធាតុ ការគាំពារសង្គម កីឡា យុវជន វប្បធម៌ ពលករចំណាកស្រុក បច្ចេកវិទ្យាឌីជីថល ការផ្តល់អំណាច ដល់ស្រ្តី សារព័ត៌មាន បរិស្ថាន ការគ្រប់គ្រងគ្រោះមហន្តរាយ និងការអភិវឌ្ឍជនបទជាដើម។
លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ប្រធានក្រុមប្រឹក្សាសហគមន៍សង្គម-វប្បធម៌អាស៊ាន បាន លើកឡើងពីគំនិតផ្តួចផ្តើមសំខាន់ៗមួយចំនួន ក្រោមភាពជាប្រធានអាស៊ានរបស់កម្ពុជា ក្នុងឆ្នាំ២០២២) ដែល រួមមាន៖ សេចក្តីថ្លែងការណ៍របស់ថ្នាក់ដឹកនាំអាស៊ាន ស្ដីអំពីឆ្នាំយុវជនអាស៊ាន ២០២២, ការបើកឡើងវិញ ការងើបឡើងវិញ និងភាពធនក្នុងវិស័យអប់រំ សេចក្ដីណែនាំសម្រាប់ប្រទេសអាស៊ាន, សេចក្ដីថ្លែងការណ៍ ទីក្រុងសៀមរាប ស្តីពីការលើកកម្ពស់សហគមន៍អាស៊ានប្រកបដោយភាពច្នៃប្រឌិត និងបត់បែន ដើម្បីគាំទ្រដល់ សេដ្ឋកិច្ចវប្បធម៌និងច្នៃប្រឌិត និងសេចក្តីថ្លែងការណ៍អាស៊ាន ស្តីពីចល័តភាពនៃអត្ថប្រយោជន៍របបសន្តិសុខ សង្គមសម្រាប់ពលករទេសន្តរប្រវេសក៍នៅក្នុងតំបន់អាស៊ាន ៕
ដោយ : សុខ ខេមរា