រដ្ឋបាលខេត្តកំពង់ធំបានរៀបចំពិធីគោរពព្រះវិញ្ញាណក្ខន្ធព្រះករុណាព្រះបាទសម្តេច ព្រះនរោត្តម សីហនុ

ចែករំលែក៖

ខេត្តកំពង់ធំ៖ នៅល្ងាចថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២២រដ្ឋបាលខេត្តកំពង់ធំបានរៀបចំពិធីគោរពព្រះវិញ្ញាណក្ខន្ធ ព្រះករុណា ព្រះបាទសម្តេច ព្រះនរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតា ឯករាជ្យបូរណភាពទឹកដី និងឯកភាពជាតិខ្មែរ ព្រះបរមរតនកោដ្ឋ ក្រោមអធិបតីភាព លោក ឈុន ឈន់ ប្រធានក្រុមប្រឹក្សាខេត្ត លោក ងួន រតនៈ អភិបាលខេត្ត សមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត លោកមេបញ្ជាការកងកម្លាំងប្រដាប់អាវុធទាំងបី លោក លោកស្រី ប្រធានមន្ទីរអង្គភាពជុំវិញខេត្ត មន្ត្រីរាជការ ព្រះសង្ឃ និងប្រជាពលរដ្ឋក្នុងខេត្តកំពង់ធំ។

លោកងួន រតនៈ អភិបាលខេត្តបានថ្លែងថា ដើម្បីតបស្នងព្រះករុណាទិគុណ និងព្រហ្មវិហារធម៌ដ៏ថ្លៃថ្លាឧត្តុង្គឧត្តមវិសេសវិសាលរបស់ព្រះអង្គដែលបានលះបង់ព្រះកាយពល ព្រះបញ្ញាញាណក្នុងព្រះរាជសកម្មភាពដើម្បីបុព្វហេតុឯករាជ្យជាតិ បូរណភាពទឹកដី ផ្សះផ្សារជាតិ បង្រួបបង្រួមជាតិ និងអភិវឌ្ឍន៍លើគ្រប់វិស័យ។

    សម្តេចព្រះបរមរតនកោដ្ឋ នរោត្តម សីហនុ ត្រូវបានប្រជារាស្ត្រខ្មែរទូទាំងប្រទេសចាត់ទុកជាអង្គព្រះមហាក្សត្រ និងជាមហាវីរក្សត្រខ្មែរដែលបានលះបង់ព្រះកាយពល និងព្រះបញ្ញាញាណពេញមួយព្រះជន្មរបស់ព្រះអង្គដើម្បីបុព្វហេតុជាតិមាតុភូមិ និងនាំមកនូវឧត្តមប្រយោជន៍សម្រាប់ប្រជារាស្រ្តរបស់ព្រះអង្គ ជាពិសេសព្រះរាជបូជនីយកិច្ចទាមទារឯករាជ្យពីប្រទេសបារាំងនាថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ១៩៥៣ ដែលនាំមកនូវសុខសន្តិភាពសម្រាប់កម្ពុជារហូតដល់ពេលបច្ចុប្បន្ននេះ។ 

លោកងួន រតនៈ អភិបាលខេត្តបានថ្លែងបន្តថា សម្តេចព្រះនរោត្តម សីហនុ ព្រះមហាវីរក្សត្រខ្មែរបានធ្វើឱ្យប្រជាពលរដ្ឋទូទាំងប្រទេសសម្តែងនូវការគោរពដឹងគុណដ៏ខ្ពង់ខ្ពស់បំផុតថ្វាយចំពោះព្រះបរមរតនកោដ ដែលព្រះអង្គបានលះបង់ និងបានក្រាបថ្វាយព្រះពរដល់ព្រះវិញ្ញាណក្ខន្តរបស់ព្រះអង្គ បានយាងទៅសោយសុខនៅឋានសួគ៌ា។ បើទោះបីព្រះអង្គបានរំលាយក្ខន្ធ និងព្រះកាយទៅកាន់ព្រះបរមសុខយ៉ាងណាក្តី តែប្រជារាស្រ្តខ្មែរនៅតែចងចាំនូវស្នាព្រះហស្ថ និងគុណូបការៈដ៏ធំធេងរបស់ព្រះអង្គ។ ក្នុងនោះរាជរដ្ឋាភិបាល បានសម្រេចជ្រើសយកថ្ងៃទី១៥ ខែតុលា ឱ្យប្រជាពលរដ្ឋខ្មែរបានឈប់សម្រាក ដើម្បីចូលរួមកាន់ព្រះមរណទុក្ខនៃការយាងសោយទិវង្គតរបស់ព្រះអង្គ។

គួររំលឹកដែរថា ព្រះករុណា ព្រះបាទសម្តេច ព្រះនរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតា ឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ “ព្រះបរមរតនកោដ្ឋ” ព្រះអង្គបានប្រសូតនៅថ្ងៃអង្គារ ១១កើត ខែកត្តិក ឆ្នាំច ចត្វាស័ក ព.ស ២៤៦៥ ត្រូវនឹងថ្ងៃទី៣១ ខែតុលា ឆ្នាំ១៩២ ហើយព្រះអង្គបានយាងចូលព្រះទិវង្គត កាលពីថ្ងៃចន្ទ ១៥រោច ខែភទ្របទ ឆ្នាំរោង ចត្វាស័ក ព.ស ២៥៥៦ ត្រូវនឹងថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១២ ក្នុងព្រះជន្មាយុ ៩០ព្រះវស្សា នាទីក្រុងប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print