លោក ហ៊ុយ វណ្ណៈ និយាយពីមោទនភាពជាមួយនឹងការរីចម្រើនថ្មីៗ នៅខេត្តព្រះសីហនុ ដ៏មានសក្តានុពលរបស់កម្ពុជា

ចែករំលែក៖

ភ្នំពេញ : នៅយប់ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២២ លោក ហ៊ុយ វណ្ណៈ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានសហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា (ស.ស.ស.ក) បានបង្ហោះពីទិដ្ឋភាពជាក់ស្តែងមោទនភាពជាមួយនឹងការរីចម្រើនថ្មីៗ នៅខេត្តព្រះសីហនុ ដ៏មានសក្តានុពលរបស់កម្ពុជា ដែលលោកបានឃើញផ្ទាល់ភ្នែក ខណៈលោកអញ្ជើញអមដំណើរ លោក ហ៊ុនម៉ានី អ្នកតំណាងរាស្ត្រ មណ្ឌលកំពង់ស្ពឺ បន្តដំណើរចែកអាវរងារ តំណាងដ៏ខ្ពង់ខ្ពស់សម្តេចតេជោហ៊ុនសែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិតិ្តព្រឹទ្ធបណ្ឌិតប៊ុនរ៉ានីហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា លោកបានសរសេរចេញពីភាសាបេះដូងយ៉ាងដូច្នេះថា, ខ្ញុំសូមរៀបរាប់ដោយសង្ខេប ក្នុងនាមជាប្រជាជនខ្មែរមួយរូប ហើយខ្ញុំពិតជាមានមោទនភាពជាមួយនឹងការរីចម្រើនថ្មីៗ នៅខេត្តព្រះសីហនុ ដ៏មានសក្តានុពលរបស់កម្ពុជា។

លោកលើកឡើងថា, ខ្ញុំខានធ្វើដំណើរមកកាន់ទីនេះតាំងពីឆ្នាំ២០២០ ចាប់ពីដំណាក់កាលផ្ទុះកូវីដ ហើយទើបតែមានឱកាសបានមកដល់ជាថ្មីក្នុងសប្តាហ៍នេះ។ នៅលើប៉ូលសេដ្ឋកិច្ច ខ្ញុំអាចស្រមៃថា ខេត្តព្រះសីហនុ នឹងអាចរីកកាន់តែធំជាងនេះ៣ទៅ៥ដង ដោយសារកត្តាសត្យានុម័តមួយចំនួន៖

១/. ហេដ្ឋារចនាសម្ព័ន្ធថ្មីៗ និងផ្លូវ៣៧ខ្សែ ពិតជាការអភិវឌ្ឍន៍ដ៏ត្រឹមត្រូវ ប្រកបដោយចក្ខុវិស័យវែងឆ្ងាយ ដែលបង្កលក្ខណៈឱ្យខេត្តព្រះសីហនុ បង្កើនការទាក់ទាញខាងប៉ូលសេដ្ឋកិច្ច និងពាណិជ្ជកម្ម កាន់តែខ្លាំងឡើង។ 

២/. ផ្លូវល្បឿន ជាកត្តាអំណោយផលដ៏មានប្រសិទ្ធភាព ក្នុងការតភ្ជាប់ខេត្តព្រះសីហនុ មកទីក្រុងភ្នំពេញ ដែលជាមជ្ឈមណ្ឌល នយោបាយ សេដ្ឋកិច្ច និងពាណិជ្ជកម្ម។ យើងអាចធ្វើដំណើរត្រឹមតែ២ម៉ោងប៉ុណ្ណោះ ជាពិសេសសន្សំបានពេលវេលាដ៏មានតម្លៃ សម្រាប់ធ្វើកិច្ចការសំខាន់ៗបានលឿន។ 

៣/. ការរីកចម្រើនប្រកបដោយសក្តានុពល នៅខេត្តព្រះសីហនុនាពេលនេះ ហើយដោយមិនទាន់រាប់បញ្ចូលនូវកោះ ឆ្នេរ ដទៃទៀតដ៏មានសក្តានុពលផងនោះ ធ្វើឱ្យយើងជាខ្មែរ មានទល្ហីករណ៍គ្រប់គ្រាន់ ក្នុងការទាត់ចោលបាននូវ «ទស្សនៈអវិជ្ជមានដែលបង្កប់របៀបវារៈនយោបាយ»។ បញ្ហាអវិជ្ជមានខ្លះ ពិតជាមាន ប៉ុន្តែជ្រុងសក្តានុពល គឺមានធំធេងច្រើនខ្លាំងណាស់។ សេដ្ឋកិច្ចខេត្តព្រះសីហនុ បើរត់ពេញកម្លាំង គឺអាចបង្កើតការងារដ៏ច្រើនកន្លែងសម្រាប់ប្រជាជនកម្ពុជា ហើយចំណូលចាក់ចូលជីវភាពប្រជាជន និងសេដ្ឋកិច្ចជាតិ នឹងកាន់តែធំ។ 

៤/. នៅលើជ្រុងដែលយើងត្រូវខិតខំបន្ត (ហើយខ្ញុំជឿជាក់ថា ក្រសួងជំនាញ បានកំពុងគិតគូររួចហើយ) គឺ៖

 •រកវិធីដាក់ចេញនូវគោលនយោបាយអនុគ្រោះ ដើម្បីឱ្យការកសាងហេដ្ឋារចនាសម្ព័ន្ធ អគារដែលនៅសល់ បានបញ្ចប់រួចរាល់ និងអាចធ្វើអាជីវកម្មពេញកម្លាំង។ 

• ផ្លូវដែក ត្រូវតែរត់ពេញកម្លាំងជាងនេះ និងមានប្រសិទ្ធភាព ព្រោះជាសរសៃឈាមសេដ្ឋកិច្ច ដ៏រស់រវើក។ 

• បង្កើតភាពអនុគ្រោះដទៃទៀត ក្នុងរយៈពេលមធ្យម និងរយៈពេលវែង ដើម្បីស្រូបយកការវិនិយោគពីបរទេសបន្ថែមទៀតឱ្យបាន។ ប្រជាជនយើងមិនត្រូវមានផ្នត់គំនិតរើសអើងថា វិនិយោគិននោះជាជនជាតិអ្វីនោះទេ សំខាន់គេគោរពច្បាប់របស់ប្រទេសយើង ហើយយើងអាចរក្សាចរន្តលុយ នៅក្នុងប្រទេសយើង។ យើងត្រូវហ៊ានទទួលស្គាល់ថា ពាណិជ្ជករក្នុងស្រុកយើង នៅមិនទាន់មានសាច់ប្រាក់គ្រប់គ្រាន់ សម្រាប់ការបោះទន់ លើគម្រោងធំៗ ដែលជាឃ្នាស់សេដ្ឋកិច្ចនៅឡើយទេ។ យើងត្រូវការភាពចម្រុះ ដើម្បីរុញសេដ្ឋកិច្ច ពាណិជ្ជកម្ម ឱ្យកាន់តែស្ទុះខ្លាំង។ ខ្ញុំបន្តទៀតទេ ប៉ុន្តែ យើងអាចនិយាយនូវប្រយោគថា «ខ្មែរធ្វើបាន» ដោយភាពជឿជាក់។ ខ្ញុំជឿជាក់ថា នៅពេលដែរខ្មែរយើង រំលឹកពីដំណាក់កាលរុងរឿងរបស់ប្រទេសខ្មែរយើង នោះសម័យកាលសម្តេចតេជោ ហ៊ុន សែន ជាដំណាក់កាលមួយនៃចងចាំរបស់កម្ពុជាសម័យទំនើប៕

ដោយ : សុខ ខេមរា

...



ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print