ភ្នំពេញ : សម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានបង្ហោះលើផេកផ្លូវការថា, នៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២២ គឺជាខួប១០ឆ្នាំគត់ នៃការយាងសោយទិវង្គតរបស់សម្តេចព្រះបិតាឯករាជ្យជាតិខ្មែរ «ព្រះបរមរតនកោដ្ឋ»។
សម្តេចតេជោ ហ៊ុនសែន មានប្រសាសន៍ថា, នៅថ្ងៃនេះ ប្រជារាស្រ្ត មន្រ្តីរាជកា និងថ្នាក់ដឹកនាំរាជធានី-ខេត្តទាំងអស់ បានអញ្ជើញទៅដាក់កម្រងផ្កាចូលរួមគោរពព្រះវិញ្ញាណក្ខន្ធរបស់ព្រះអង្គនៅមណ្ឌលព្រះបរមរូបព្រះបរមរតនកោដ្ឋ ស្ថិតនៅសួនច្បារខាងកើតវិមានឯករាជ្យរាជធានីភ្នំពេញ។
សម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានបន្តថា, ការដាក់កម្រងផ្កា និងការគោរព្រះវិញ្ញាណក្ខន្ធពីសំណាក់ប្រជារាស្រ្ត ថ្នាក់ដឹកនាំរាជរដ្ឋាភិបាល មន្រ្តីរាជកា កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទនេះ គឺសម្តែងនូវការគោរពដឹងគុណដ៏ខ្ពង់ខ្ពស់បំផុតថ្វាយចំពោះព្រះបរមរតនកោដ្ឋ ដែលព្រះអង្គបានលះបង់ និងបូជាព្រះកាយពលដ៏ធំធេងបំផុតចំពោះជាតិមាតុភូមិកម្ពុជា៕
ដោយ : សិលា