ខេត្តសៀមរាប÷ នៅថ្ងៃទី១៥ ខែតុលា ឆ្នាំ ២០២២ កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តសៀមរាបបានឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ យ៉ា ឆានី ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរកម្មករសំណង់ បច្ចុប្បន្នស្នាក់នៅកន្លែងធ្វើការសំណង់ស្ថិតក្នុងភូមិបឹង សង្កាត់ក្របីរៀលក្រុង-ខេត្តសៀមរាប ពាក់ព័ន្ធករណីឃាតកម្មដោយមានទារុណកម្ម អំពើឃោរឃៅ រំលោភសេពសន្ថវ: និង អំពើលួចមានស្ថានទម្ងន់ទោស ដែលអំពើហិង្សានេះកើតឡើងកាលពីវេលាម៉ោង ២១និង៣០នាទី ថ្ងៃទី១២ ខែតុលា ឆ្នាំ ២០២២ នៅចំណុចបន្ទប់ជួលក្នុងក្រុមទី៦ ភូមិស្វាយ ឃុំខ្នាត ស្រុកពួក ខេត្តសៀមរាប ។
កាលពីវេលាម៉ោង៨និង២០នាទីព្រឹក ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២២ សមត្ថកិច្ចនគរបាលទទួលបានសេចក្ដីរាយការណ៍ពីក្រុមគ្រួសារជនរងគ្រោះថា ជនរងគ្រោះឈ្មោះ រឿ សារី ភេទស្រី អាយុ៣៨ឆ្នាំ មានស្រុកកំណើតនៅភូមិចន្លោង ឃុំស្រងែ ស្រុកសៀមរាប ខេត្តសៀមរាប បានស្លាប់នៅក្នុងផ្ទះជួលកន្លែងកើតហេតុខាងលើ។ ក្រោយពីទទួលបានព័ត៌មាននេះភ្លាម កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ដឹកនាំដោយលោកវរសេនីយ៍ទោសុខ ម៉េងអ៊ាង សហការជាមួយកម្លាំងការិយាល័យនគរបាលបច្ចេកទេសវិទ្យាសាស្រ្ត, កម្លាំងអធិការដ្ឋាននគរបាលស្រុកពួក,កម្លាំង
ប៉ុស្តិ៍នគរបាលដ្ឋបាលក្របីរៀល និងគ្រូពេទ្យជំនាញចុះដល់កន្លែងកើតហេតុដើម្បីពិនិត្យសាកសព និងកន្លែងកើតហេតុ ហើយកំណត់បានថា ការស្លាប់របស់ជនរងគ្រោះខាងលើគឺមានជាប់ពាក់ព័ន្ធនឹងបទល្មើសព្រហ្មទណ្ឌ ទើបសមត្ថកិច្ចបន្តស្រាវជ្រាវស៊ើបអង្កេត រហូតកំណត់បានមុខសញ្ញាជាជនសង្ស័យខាងលើ និងនាំខ្លួនយកសាកសួរតែម្តង។
នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានឆ្លើយសារភាពថា រូបគេជាជនដៃដល់តែម្នាក់ដែលធ្វើសកម្មភាពរំលោភសេពសន្ថវ: និងសម្លាប់ជនរងគ្រោះយកទ្រព្យសម្បត្តិ ។ ជាក់ស្តែងកាលពីល្ងាចថ្ងៃទី១០ និងថ្ងៃទី១១ ខែតុលា ឆ្នាំ២០២២ រូបគេបានជិះកង់ឆ្វែលមើលជនរងគ្រោះ នៅចំណុចទីតាំងកន្លែងកើតហេតុខាងលើ លុះដល់ល្ងាចថ្ងៃទី១២ ខែតុលា ឆ្នាំ២០២២ វេលាម៉ោង២០រូបគេបានជិះកង់ចេញពីការដ្ឋានសំណង់ស្ថិតក្នុងភូមិបឹង សង្កាត់ក្របីរៀល ក្រុង-ខេត្តសៀមរាបទៅទិញមីឆានិងប្រហិតចៀននៅចំណុចផ្សារក្របីរៀល រួចជិះកង់សំដៅទៅផ្ទះជនរងគ្រោះ។
ពេលទៅដល់ខ្លួនឃើញជនរងគ្រោះអង្គុយនៅមុខផ្ទះម្នាក់ឯង ចំណែកទ្វារផ្ទះគឺបើកចំហ ពេលនោះរូបគេបានកាន់មីឆានិងប្រហិតចៀនចូលអង្គុយហូបនៅក្នុងផ្ទះជនរងគ្រោះ តែជនរងគ្រោះមិនបានចូលរួមហូបជាមួយទេ ហើយក៏មិនបាននិយាយអ្វីមកកាន់រូបខ្លួនដែរ។ នៅវេលាម៉ោង២១និង៣០នាទី ពេលរូបគេហូបមីឆា និងប្រហិតចៀនអស់ ស្រាប់តែជនរងគ្រោះដើរចូលទៅបន្ទប់ទឹកក្នុងផ្ទះ ដោយមានចំណង់រួមភេទ និងស្របពេលដែលយប់ស្ងាត់ផង ហើយជនរងគ្រោះនៅផ្ទះតែម្នាក់ឯងផង ខ្លួនក៏បានដើរទៅយកខ្សែភ្លើងមានប្រវែងប្រហែល ១៥០សង់ទីម៉ែត្រនៅលើតុក្បែរគ្រែដេករបស់ជនរងគ្រោះមកបត់ជាពីរ ហើយស្ទុះចូលតាមជនរងគ្រោះទៅក្នុងបន្ទប់ទឹក ដែលកំពុងឈរបែរខ្នងមកទ្វារ ដោយប្រើដៃទាំងពីររឹតកជនរងគ្រោះនឹងខ្សែភ្លើងរហូតដល់សន្លប់ ហើយខ្លួនបានដើរទៅបិទទ្វារផ្ទះ(ទ្វាររូត)កុំឱ្យអ្នកដទៃមើលឃើញ។ បន្ទាប់ពីបិទទ្វារមុខរួច រូបគេយកដៃទាំងពីរលូកចូលក្រោមក្លៀកជនរងគ្រោះទាំងសងខាងចាប់អូសរូបនាងទៅដាក់លើគ្រែ ក្បាលបែរទៅទិសខាងលិច ជើងទៅទិសខាងកើត ហើយចាប់ធ្វើសកម្មភាពរំលោភសេពសន្ថវៈប្រហែល២ទៅ៣នាទីទើបសម្រេចបំណង។
ដោយឃើញថា ជនរងគ្រោះនៅមានដង្ហើមនិងដៃជើងនៅតែអាចកម្រើកបាន ហើយភ័យខ្លាចបែកការណ៍ទើបរូបគេបានប្រើជើងខាងស្តាំជាន់និងទន្រ្ទាំលើ.កជនរងគ្រោះខ្លាំងៗជាច្រើនជើងបណ្តាលឱ្យបាក់គ្រែហើយជនរងគ្រោះក៏ដាច់ខ្យល់ស្លាប់ដែរ ប៉ុន្តែខ្លួនមិនបានដឹងថាជន រងគ្រោះបាក់កនោះទេ។
បន្ទាប់ពីសម្លាប់ជនរងគ្រោះហើយខ្លួនបានយកទូរស័ព្ទដៃ១គ្រឿងម៉ាក OPPO ពណ៌ក្រហមផ្ទុកស៊ីម
កាតលេខៈ០៧៨ ៧៤០ ៤៣៧ និងបន្តទៅរើកកាយមើលក្នុងទូឃើញកាបូបដៃ១ ពណ៌ប្រផេះមានប្រាក់២ម៉ឺនរៀល និងបានយកម៉ូតូជនរងគ្រោះម៉ាកហុងដាឌ្រីមពណ៌ខ្មៅ សេ៊រីឆ្នាំ២០១៧ ពាក់ស្លាកលេខៈ សៀមរាប 1Z:2423 បើកចេញដោយដៃម្ខាង និងដៃម្ខាងទៀតបណ្តើរកង់ ដោយបើកហួសផ្លូវបត់ចូលទៅការដ្ឋានសំណង់ដែលខ្លួនស្នាក់នៅបណ្តោះអាសន្ន ប្រហែល ៥០ម៉ែត្រ ក៏សម្រេចចិត្តទុកម៉ូតូនោះចោលនៅចំណុចខ្ទមមួយក្បែរផ្លូវកៅស៊ូ ព្រោះមិនដឹងយកទៅលក់នៅទីណា ម្យ៉ាងទៀតខ្លាចបែករឿងផង។
បន្ទាប់ពីទុកម៉ូតូផ្លុងចោលហើយរូបគេបានជិះកង់ទៅដេកនៅការដ្ឋានធ្វើសំណង់ស្ថិតនៅភូមិបឹង សង្កាត់ក្របីរៀល ក្រុងសៀមរាប ខេត្តសៀមរាប ដោយយកទូរស័ព្ទជនរងគ្រោះទៅប្រើប្រាស់ផងដែរ។ លុះដល់វេលាម៉ោង១១និង៣០នាទីថ្ងៃទី១៥ ខែតុលា ឆ្នាំ ២០២២ ក៏ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនតែម្តង ៕
ដោយ៖ សូរិយា