សារព័ត៌មាន AFP នៅថ្ងៃអាទិត្យទី១៦ ខែតុលា ឆ្នាំ២០២២នេះបានផ្សាយថា នៅព្រឹកថ្ងៃអាទិត្យនេះ ប្រធានាធិបតីចិន លោក ស៉ី ជីនពីង បានចាប់ផ្តើមបើកសមាជនៃគណបក្សកុម្មុយនីស្តចិនលើកទី២០ ជាព្រឹត្តិការណ៍ដែលមានរយៈពេលមួយសប្តាហ៍ ហើយក្នុងអំឡុងពេលនោះ រូបលោកត្រូវបានគេរំពឹងជាខ្លាំងថានឹងនៅបន្តតំណែងជាអគ្គលេខាធិការរបស់បក្សដដែល សម្រាប់អាណត្តិទី៣ ហើយនឹងធ្វើឱ្យលោកក្លាយជា មេដឹកនាំចិនដ៏មានឥទ្ធិពលបំផុត គិតចាប់តាំងពីលោក ម៉ៅ សេទុងមក ។
ព្រឹត្តិការណ៍ដ៏ធំខាងលើដែលមានការចូលរួមពីអ្នកតំណាងបក្សប្រហែល២,៣០០នាក់មកពីទូទាំងប្រទេសចិន បានចាប់ផ្តើមប្រារព្ធឡើងក្នុងសាលវិមានប្រជាជនក្បែរទីលានធានអានមេន (Tiananmen) នៃរដ្ឋធានីប៉េកាំង ក្រោមការរឹតបន្តឹងសន្តិសុខយ៉ាងតឹងរ៉ឹង។ លោក ស៉ី ជីនពីង បានចាប់ផ្តើមថ្លែងសុន្ទរកថាបើកអង្គសមាជដែលរៀបរាប់ពីការវាយតម្លៃអំពីសមិទ្ធផលរបស់បក្ស ព្រមទាំងដាក់ចេញនូវអាទិភាពផ្សេងៗ សម្រាប់រយៈពេល៥ឆ្នាំខាងមុខ។
អំឡុងនៃការកាន់អំណាចរយៈពេល ប្រមាណជាមួយទសវត្សរ៍មកនេះ លោក ស៉ី ជីនពីង បានដឹកនាំប្រទេសចិនដោយផ្តោតអាទិភាពទៅលើវិស័យសន្តិសុខនិងសេដ្ឋកិច្ច ក៏ដូចជាការពង្រឹងការទូតនិងយោធា ព្រមទាំងការបង្កើនការដាក់សម្ពាធទៅលើកោះតៃវ៉ាន់ ដែលទីក្រុងប៉េកាំងចាត់ទុកជាដែនដីមួយរបស់ចិន។
បន្ទាប់ពីការកំណត់អាណត្តិត្រឹមរយៈពេល២អាណត្តិសម្រាប់មេដឹកនាំត្រូវបានលុបចោលកាលពីឆ្នាំ២០១៨ សមាជគណបក្សកុម្មុយនីស្តចិនលើកទី២០នេះដែលធ្វើឡើងជារៀងរាល់៥ឆ្នាំម្តងត្រូវគេរំពឹងថា នឹងបន្តទទួលស្គាល់លោក ស៉ី ជីនពីង ដែលបច្ចុប្បន្នមានវ័យ៦៩ឆ្នាំ ជាអគ្គលេខាធិការបក្ស ដែលជាមុខតំណែងមានឥទ្ធិពលបំផុតនៅក្នុងប្រទេសចិន ព្រមទាំងជាប្រធានគណៈកម្មាធិការយោធាមជ្ឈិម។ ជាធម្មតាអគ្គលេខាធិការបក្សកុម្មុយនីស្តចិន ក៏នឹងក្លាយជាប្រធានាធិបតីរបស់ប្រទេសផងដែរ។ ការប្រកាសតែងតាំងប្រធានាធិបតីអាណត្តិថ្មី នឹងប្រព្រឹត្តទៅនៅខែមីនា ឆ្នាំ២០២៣អំឡុងសម័យប្រជុំនៃសភាជាតិចិន។
បន្ទាប់ពីសមាជិកបក្សបិទបញ្ចប់នៅថ្ងៃសៅរ៍ចុងសប្តាហ៍ក្រោយ លោក ស៉ី នឹងបង្ហាញសមាសភាពថ្មី នៃគណៈកម្មាធិការអចិន្រ្តៃយ៍ការិយាល័យនយោបាយដែលជាក្រុមថ្នាក់ដឹកនាំកំពូលចិនមានសមាជិកចំនួន៧នាក់។ នៅក្នុងនោះ នឹងរួមមានទាំងបុគ្គលដែលនឹងត្រូវជំនួសលោក លី ខឺជាំង (Li Keqiang) វ័យ៦៧ឆ្នាំ ជានាយករដ្ឋមន្រ្តីផងដែរ នៅពេលលោកលី ត្រូវចាកចេញពីតំណែងនៅខែមីនា ឆ្នាំក្រោយ បន្ទាប់ពីលោកបានកាន់តួនាទីនេះគ្រប់២អាណត្តិដែលត្រូវបានកំណត់៕ ដោយធីរីណា
រូបថត : TTXVN-VNA