(កំពង់ធំ)៖ នាថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២២នេះ តបតាមបទបញ្ជាសម្តេចតេជោ ហ៊ុន សែន លោកនាយករដ្ឋមន្រ្តី ទេសរដ្ឋមន្រ្តី គន់ គីម អនុប្រធានទី១ នៃគណ:កម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ អញ្ជើញចុះចែកពូជស្រូវជូនប្រជាកសិករជាង ១ពាន់គ្រួសារ ស្មើនឹងជិត១០០តោន ក្នុងស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ ដើម្បីស្តារឡើងវិញក្រោយទឹកជំនន់ស្រក ខណ:កំពង់ធំជាខេត្តដំបូងគេទទួលបានពូជស្រូវ ។
លោកទេសរដ្ឋមន្រ្តី គន់ គីម បានថ្លែងថា សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា សូមបងប្អូនប្រជាពលរដ្ឋ ធ្វើការដាំដុះឲ្យមានការប្រុងប្រយ័ត្នខ្ពស់ ហើយបច្ចេកទេសត្រូវធ្វើការណែនាំរបស់មន្ត្រីជំនាញ ដើម្បីអោយមានការដាំដុះឲ្យបានល្អប្រសើរ។ គ្រាប់ពូជទាំងនេះសូមឱ្យបងប្អូនប្រជាពលរដ្ឋយកស្រូវទាំងអស់នោះយកទៅហាលថ្ងៃសិនដើម្បីឲ្យស្ងួតល្អទើបយើងយកទៅដាំដុះ។
លោកទេសរដ្ឋមន្រ្តី គន់ គីម ថ្លែងបន្តថាសូមឱ្យបងប្អូនប្រជាពលរដ្ឋគ្រប់រូប ពិនិត្យឲ្យបានច្បាស់ណាស់ មុននឹងយកគ្រាប់ពូជសាបព្រួស តើគ្រាប់ណាល្អ គ្រាប់ណាមិនល្អ ជាពិសេសត្រូវធ្វើដីឲ្យបានស្អាតល្អផងដែរ។
លោកទេសរដ្ឋមន្រ្តី គន់ គីម បន្ថែមថា សម្ដេចតេជោហ៊ុន សែន តែងតែនឹករលឹក និងព្រួយបារម្ភដល់បងប្អូនប្រជាពលរដ្ឋគ្រប់ពេលវេលា។ មន្ត្រីជំនាញក៏ដូចជាអាជ្ញាធរសិក្សារភ្លាមៗ ដើម្បីចុះពិនិត្យផ្ទាល់ ជាក់ស្ដែងដើម្បីរកវិធីសាស្រ្តដោះស្រាយជូនបងប្អូនប្រជាពលរដ្ឋឲ្យបានទាន់ពេលវេលា ហើយថ្ងៃនេះក្រុមការងារមកពិនិត្យ ស្ថានភាពទឹក និងស្ថានភាពស្រូវ ដើម្បីសិក្សាវាយតម្លៃពីទំហំនៃការខូចខាតបន្ថែមទៀតអោយបានច្បាស់លាស់ ។
ក្នុងនោះដែរលោកទេសរដ្ឋមន្រ្តី គន់ គីម បានធ្វើការណែនាំដល់មន្ត្រីរាជការ គ្រប់លំដាប់ថ្នាក់ រួមទាំងអាជ្ញាធរដែនដី ត្រូវយល់ចិត្តទុកដាក់បន្ថែមទៀតដល់ប្រជាពលរដ្ឋ ព្រោះបងប្អូនប្រជាពលរដ្ឋជាអ្នកគូសស្លឹកឆ្នោតជូនគណបក្សប្រជាជនកម្ពុជា និងមិនត្រូវប្រកាន់បក្សពួក គោលនយោបាយ ណាមួយជាដាច់ខាត ហើយមិនត្រូវរើសអើង ព្រោះពួកគាត់ គឺជាប្រជាពលរដ្ឋខ្មែរតែមួយ។
លោកទេសរដ្ឋមន្រ្តី គន់ គីមបានបន្ថែមទៀតថា ការគ្រាប់ពូជនេះ ជាជំហានដំបូង គឺយើងដោះស្រាយជូនប្រជាពលរដ្ឋដែលមានជីវិតខ្វះខាតជាចម្បងសិន ចំណែកប្រជាពលរដ្ឋដែលមិនទាន់បានទទួលគ្រាប់ពូជ សូមកុំទាន់អាក់អន់ស្រពន ចិត្តអី រាជរដ្ឋាភិបាលនៅតែបន្តចែកគ្រាប់ពូជដល់ប្រជាពលរដ្ឋណាដែលរងគ្រោះដោយសារទឹកជំនន់ឲ្យបានគ្រប់ៗគ្នា ។
យោងតាមអោយដឹងពីអាជ្ញាធរស្រុកប្រាសាទសំបូរថា ចាប់តាំងពីដើមខែសីហា រហូតដល់ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២២នេះ ស្រុកប្រាសាទសំបូរ បានទទួលរងគ្រោះដោយទឹកជំនន់ទឹកភ្លៀងស្ទឹងសែនយ៉ាងខ្លាំង នឹងធ្វើឲ្យមានផលប៉ះពាល់ដល់ការរស់នៅរបស់ប្រជាពលរដ្ឋ រួមមាន៖ ប៉ះពាល់ស្រូវវស្សា សរុបចំនួន១,១៩៦ហិកតា និងខូចខាតចំនួន៨២១ ហិកតា ប៉ះពាល់ដំណាំរួមផ្សំ សរុបចំនួន៥ហិចតា និងខូចខាត ចំនួន៤ហិវតា ប៉ះពាល់ផ្លូវលំប្រវែងសរុបចំនួន៧៨,៦៧៤ម៉ែត្រ ប៉ះពាល់ផ្លូវកៅស៊ូបវែង សរុបចំនួន១,៣៦០ម៉ែត្រ ប៉ះពាល់ផ្ទះប្រជាពលរដ្ឋចំនួន ១,៩៧៤ខ្នងផ្ទះ ផ្ទះលិចទឹកដល់រនាបចំនួន៣៤ខ្នងផ្ទះ ប៉ះពាល់សាលារៀនចំនួន១៩កន្លែង ប៉ះពាល់ស្ពានឈើ ចំនួន៥កន្លែង ប៉ះពាល់មណ្ឌលសុខភាពចំនួន៣កន្លែង៕