ខេត្តកណ្តាល ៖ ជនសង្ស័យក្នុងករណីលិចទូកចម្លងនៅស្រុកលើកដែកត្រូវបានព្រះរាជអាជ្ញាអនុញ្ញាតឱ្យនៅក្រៅឃុំក៏ព្រោះតែគ្រួសារជនរងគ្រោះមិនប្តឹងពួកគាត់នោះទេ ដោយគ្រួសារជួនរងគ្រោះយល់ថាពួកគេមិនមានចេតនាឬចង់ឃើញហេតុការណ៍ដ៏រន្ធត់នេះទេ ។
គូរបញ្ជាក់ថា កាលពីថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២២ កម្លាំងមានសមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យ៣នាក់ គឺម្ចាស់ទូកដ២នាក់ជាបងប្អូនបង្កើត និងអ្នកបើកទូកម្នាក់ ក្រោយជាប់ពាក់ព័ន្ធហេតុការណ៍លិចទូកបណ្តាលឱ្យស្លាប់កូនសិស្សចំនួន១១នាក់នៅភូមិកោះចំរើន ឃុំកំពង់ភ្នំ ស្រុកលើកដែក។ លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត បានឱ្យដឹងថា ជនសង្ស័យទាំង៣នាក់ដែលសមត្ថកិច្ចឃាត់ខ្លួនរួមមាន៖
ទី១-ឈ្មោះ ឆឹង វណ្ណា ភេទស្រី អាយុ ៥២ឆ្នាំ ជាម្ចាស់ទូកដ, ទី២-ឈ្មោះ ឆឹង ស្រីនាង ភេទស្រី អាយុ៦៩ឆ្នាំ ជាម្ចាស់ទូកដ និងទី៣-ឈ្មោះ ថេត ចន្ធី ភេទប្រុស អាយុ១៥ឆ្នាំ ជាអ្នកបើកទូក។
លោកស្នងការខេត្តកណ្តាលបានបញ្ជាក់យ៉ាងដូច្នេះថា «នៅពេលកម្លាំងសមត្ថកិច្ចបានស៊ើបអង្កេតហើយឈានទៅដល់ការឃាត់ខ្លួនម្ចាស់ និងអ្នកបើកទូកចំនួន៣នាក់ដើម្បីឱ្យទទួលខុសត្រូវលើករណីនេះនិងចាត់វិធានការផ្លូវច្បាប់ ហើយក៏ជាការព្រមានដល់ម្ចាស់ទូកដទៃទៀតឱ្យមានស្មារតីប្រុងប្រយ័ត្នចំពោះអាជីវកម្មរបស់ខ្លួន»។
លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត បានគូសបញ្ជាក់ថា ហេតុការណ៍លិចទូកដនេះអាចកើតមកពីការខ្វះការទទួលខុសត្រូវ និងភាពធ្វេសប្រហែសរបស់ម្ចាស់ទូកផ្ទាល់តែម្តង។ ការលើកឡើងបែបនេះគឺបន្ទាប់ពីការពិនិត្យរបស់ក្រុមអ្នកស្រាវជ្រាវ និងអ្នកបច្ចេកទេសរបស់កម្លាំងនគរបាលខេត្ត ក៏ដូចជាកម្លាំងជំនាញក្រសួងមហាផ្ទៃ ដែលបានចុះមកពិនិត្យដោយផ្ទាល់ គឺបានរកឃើញថាទូកដឹកកូនសិស្សដែលលិចនេះមានសភាពចាស់ទ្រុឌទ្រោម ហើយផ្នែកខាងក្នុងបានពុក ជ័រទឹកក៏បានស្ងួតប្រេះ ដូច្នេះ មិនអាចមានលក្ខណៈបច្ចេកទេសគ្រប់គ្រាន់ក្នុងការធ្វើអាជីវកម្មបាននោះទេ។
សូមបញ្ជាក់ថា កាលពីយប់ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២២ បានកើតមានករណីលិចទូកដ៏តក់ស្លុតមួយពេលពួកគេឆ្លងទូកចេញពីសាលាទៅកាន់លំនៅឋានរបស់ពួកគេ នៅភូមិកោះចម្រើន ឃុំកំពង់ភ្នំ ស្រុកលើកដែក ខេត្តកណ្តាល។ ករណីលិចទូកចម្លងដឹកកូនសិស្សនេះមានជនរងគ្រោះរួចផុតពីសេចក្តីស្លាប់៤នាក់, អ្នកស្លាប់១១នាក់ រួមមាន៖ ឈ្មោះជនរងគ្រោះដែលរួចផុតពីសេចក្តីស្លាប់៖
១៖ ឈ្មោះ ថេត គន្ធី ភេទប្រុស អាយុ១៥ឆ្នាំ កម្មករបើកទូកដរទទឹង (រស់)
២៖ ឈ្មោះ វណ្ណី រដ្ឋា ភេទប្រុស អាយុ២៣ឆ្នាំ កម្មករបើកទូកដរទទឹង (រស់)
៣៖ ឈ្មោះ វី ចាន់ប៊ូរ៉ា ភេទស្រី អាយុ១២ឆ្នាំ មុខរបរសិស្ស (រស់)
៤៖ ឈ្មោះ រឿន សា ភេទប្រុស អាយុ១៥ឆ្នាំ មុខរបរសិស្ស (រស់)
រីឯឈ្មោះអ្នកស្លាប់ដោយសារលិចទូក៖
១៖ ឈ្មោះ ផាត ទីណា ភេទប្រុស អាយុ១៤ឆ្នាំ មុខរបរសិស្ស
២៖ ឈ្មោះ ភ័ក្រ ភានុន ភេទប្រុស អាយុ១៤ឆ្នាំ មុខរបរសិស្ស
៣៖ ឈ្មោះ ឧត្តម មុនី ភេទប្រុស អាយុ១៣ឆ្នាំ មុខរបរសិស្ស
៤៖ ឈ្មោះ សុវត្ថិ សក្ខិណា ភេទស្រី អាយុ១៣ឆ្នាំ មុខរបរសិស្ស
៥៖ ឈ្មោះ ចាន់ សុខជីម ភេទប្រុស អាយុ១៤ឆ្នាំ មុខរបរសិស្ស
៦៖ ឈ្មោះ ភារម្យ ដាវីន ភេទប្រុស អាយុ១៣ឆ្នាំ មុខរបរសិស្ស
៧៖ ឈ្មោះ សុន សុផាត ភេទប្រុស អាយុ១៤ឆ្នាំ មុខរបរសិស្ស
៨៖ ឈ្មោះ បិនដា ជូលី ភេទស្រី អាយុ១៣ឆ្នាំ មុខរបរសិស្ស
៩៖ ឈ្មោះ ផាត សុខហេង ភេទប្រុស អាយុ១៤ឆ្នាំ មុខរបរសិស្ស
១០៖ ឈ្មោះ រី សុលីន ភេទស្រី អាយុ១២ឆ្នាំ មុខរបរសិស្ស
១១៖ ឈ្មោះ មាស សុវណ្ណារ៉ា ភេទប្រុស អាយុ១៤ឆ្នាំ មុខរបរសិស្ស៕
ដោយ៖ សូរិយា