ប្រព័ន្ធផ្សព្វផ្សាយប្រទេសន័រវែស បានផ្សាយរូបភាពផ្កាយរណបបង្ហាញឱ្យឃើញថា រុស្ស៊ីបានបញ្ជូនយន្តហោះ ទម្លាក់គ្រាប់យុទ្ធសាស្ត្រ ៧គ្រឿងប្រភេទ Tu-160 និងយន្តហោះទម្លាក់គ្រាប់ Tu-95MS ទៅកាន់អាកាសយានដ្ឋាន Olenya ត្រៀមទទួលបទបញ្ជា វាយប្រហារទៅលើទីតាំង នានារបស់អ៊ុយក្រែន។
អាកាសយានដ្ឋានយោធាខាងលើ ស្ថិតនៅលើកោះកូឡា មានចម្ងាយពីទីក្រុង Murmansk ដែលមានទីតាំង កងពលភាគខាងជើង ប្រមាណ ១០០គីឡូម៉ែត្រ ប៉ុណ្ណោះ។ ពីអាកាសយានដ្ឋានខាងលើ យន្តហោះទម្លាក់គ្រាប់រុស្ស៊ី បានបញ្ចេញសកម្មភាពទៅវាយប្រហារតាមដែនអាកាស ទៅលើទីតាំងរបស់អ៊ុយក្រែន នៅថ្ងៃទី ១០ និង ១១ខែតុលា សំដៅទៅលើគោលដៅយោធារបស់អ៊ុយក្រែន។
តាមប្រភពព័ត៌មាន រុស្ស៊ីបានបញ្ជូនយន្តហោះទម្លាក់គ្រាប់ Tu-160 ចំនួន៧គ្រឿង ទៅកាន់អាកាសយានដ្ឋានយោធា Olenya នៅដើមខែតុលា កន្លងមក ចំពេលដែលរុស្ស៊ីបើកការវាយប្រហារទ្រង់ទ្រាយធំ ទៅលើប្រទេសអ៊ុយក្រែន ជាការសងសឹកដល់សកម្មភាពបំផ្ទុះគ្រាប់បែកនៅលើស្ពានគ្រីមៀ។
ចំពោះប្រទេសលោកខាងលិច ការណ៍ដែលរុស្ស៊ីបញ្ជូនយន្តហោះទម្លាក់គ្រាប់យុទ្ធសាស្ត្រ ទៅកាន់ទីតាំងយោធាខាងលើ គឺជាសញ្ញាមួយបង្ហាញឱ្យឃើញថា ទីក្រុងមូស្គូ មិនត្រឹមតែព្រមានដល់អ៊ុយក្រែន ប៉ុណ្ណោះទេ គឺព្រមានទាំង ប្រទេសអាមេរិកនិងណាតូ ៕ ដោយធីរីណា
រូបថត : tienphong.vn