ភ្នំពេញ៖ កម្លាំងនគរបាលនៃអធិការដ្ឋាននគរបាលខណ្ឌដង្កោនាព្រឹកថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២២ បានបញ្ជូនខ្លួនជនសង្ស័យចំនួន១៤នាក់ ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ពាក់ព័ន្ធករណីប្លន់ម៉ូតូប្រដាប់ដោយកាំបិតប៉័ងតោ។
សូមបញ្ជាក់ថា ដោយអនុវត្តតាមបទបញ្ជារបស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ កម្លាំងជំនាញនៃអធិការដ្ឋាននគរបាលខណ្ឌដង្កោ បានធ្វើការស្រាវជ្រាវបង្ក្រាបឃាត់ខ្លួនជនសង្ស័យចំនួន១៤នាក់ ពាក់ព័ន្ធករណីប្លន់ម៉ូតូប្រដាប់ដោយកាំបិតប៉័ងតោ
កាលពីថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២២ វេលាម៉ោង០៣:០០នាទី កម្លាំងជំនាញនៃអធិការដ្ឋាននគរបាលខណ្ឌដង្កោ បានឃាត់ខ្លួនជនសង្ស័យចំនួន០៤នាក់ ត្រង់ចំណុចក្បែរស្តុបទួលពង្រ ផ្លូវបេតុង៥០ម៉ែត្រ ស្ថិតនៅភូមិម្ភៃបួន សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ ពាក់ព័ន្ធករណីប្លន់ម៉ូតូប្រដាប់ដោយកាំបិតប៉័ងតោ។ ក្រោយពីធ្វើការសាកសួរជនសង្ស័យខាងលើ កម្លាំងជំនាញបានធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យជាបក្ខពួកចំនួន១០នាក់បន្ថែមទៀត។
ក្នុងប្រតិបត្តិការណ៍នេះ កម្លាំងសមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យចំនួន១៤នាក់ រួមទាំងវត្ថុតាងដកហូត៖ ម៉ូតូម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ សេរីឆ្នាំ២០១៣ ពាក់ផ្លាកលេខភ្នំពេញ1BP-8395, ម៉ូតូម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ សេរីឆ្នាំ២០១៨ ពាក់ផ្លាកលេខ ភ្នំពេញ1HR-4190, ម៉ូតូម៉ាកស៊ុយស៊ូគីនិច ពណ៌ស ពាក់ផ្លាកលេខភ្នំពេញ1JM-3508, ម៉ូតូម៉ាកហុងហុងដាសេ១២៥ ពណ៌ខ្មៅ ពាក់ផ្លាកលេខភ្នំពេញ1JL-2484, ម៉ូតូម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ សេរីឆ្នាំ២០២២ ពាក់ផ្លាកលេខភ្នំពេញ1JJ-3442, កាបូបលុយពណ៌ខ្មៅ ចំនួន០១ កាំបិតប៉័ងតោ ចំនួន០១, ទូរស័ព្ទដៃម៉ាកIphone 6 Plus ពណ៌ទឹកមាស ចំនួន០១គ្រឿង, ទូរស័ព្ទដៃម៉ាក Iphone 7 Plus ពណ៌ទឹកមាស ចំនួន០១គ្រឿង, ទូរស័ព្ទដៃម៉ាក Iphone 7 Plus ពណ៌ខ្មៅ ចំនួន០១គ្រឿង, កាំបិតកែច្នៃប្រវែង១៧សង់ទីម៉ែត្រ ចំនួន០១ដើម ។
បច្ចុប្បន្នជនសង្ស័យ ស្ថិតក្នុងសាលាដំបូងរាជធានីភ្នំពេញ ហើយកំពុងស្ថិតក្នុងដំណាក់កាលតំណាងអយ្យការបើកការស៊ើបតាមនីតិវីធីច្បាប់៕ ដោយ រ៉ារ៉ា