ភ្នំពេញ៖ លោក ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានចេញសេចក្ដីសម្រេចលុបចោលក្រុមការងារចុះត្រួតពិនិត្យរឹតបន្ដឹងការអនុវត្តច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក នៅក្នុងភូមិសាស្ដ្រខណ្ឌទាំង១៤។
ក្នុងសេចក្ដីសម្រេចដែលបណ្ដាញព័ត៌មាន ទទួលបាននៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២២នេះ គឺលោកឧត្តមសេនីយ៍ឯក ស ថេត បានអះអាងថា កម្លាំង និងគោលដៅចរាចរណ៍ ដែលបានបង្កើតដោយមិនមានលិខិតបទដ្ឋាន និងមិនស្ថិតក្រោមការគ្រប់គ្រងរបស់ការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក ។
ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សម្រេច :
ប្រការ១ : ត្រូវបាននិរាករណ៍លិខិតបង្គាប់ការ និងបណ្តាគោលដៅចរាចរណ៍ក្រៅក្របខណ្ឌកំណត់មានដូច ខាងក្រោម ៖
លិខិតបង្គាប់ការលេខ០៧៧ លបក ចុះថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២១ ស្តីពីការបង្កើត ក្រុមការងារចុះត្រួតពិនិត្យរឹតបន្តឹងការអនុវត្តន៍ច្បាប់ ស្តីពីចរាចរណ៍ផ្លូវគោកនៅក្នុងភូមិសាស្ត្រខណ្ឌទាំង១៤ ។
លិខិតចុះថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២១ ចុះហត្ថលេខាដោយលោកឧត្តមសេនីយ៍ទោ ចេវ ហាក់ ស្នងការរងទទួលផែនការងារនគរបាលចរាចរណ៍ ។
កម្លាំងនិងគោលដៅចរាចរណ៍ ដែលបានបង្កើតដោយមិនមានលិខិតបទដ្ឋាននិងមិន ស្ថិតក្រោមការគ្រប់គ្រងរបស់ការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក ។
ប្រការ២ : ស្នងការរងផែនការងារនគរបាលចរាចរណ៍ នាយការិយាល័យនគរបាលចរាចរណ៍ផ្លូវគោកត្រូវ ប្រមូលផ្ដុំកម្លាំងដូចមានចែងក្នុងប្រការ១មកគ្រប់គ្រង និងធ្វើការបែងចែកភារកិច្ចជាថ្មី ទៅតាម សំណូមពរចាំបាច់នៃការងារ ។
ប្រការ៣ : ស្នងការរងផែនការងារសេនាធិការ ស្នងការរងផែនការងារចរាចរណ៍ នាយការិយាល័យនគរបាល ចរាចរណ៍ផ្លូវគោក និងមន្ត្រីនគរបាលជាតិដែលមានការពាក់ព័ន្ធដូចប្រការ១ ត្រូវទទួលបន្ទុក អនុវត្តន៍សេចក្តីសម្រេចនេះចាប់ពីថ្ងៃចុះហត្ថលេខាតទៅ ៕
ដោយ : សិលា