ភ្នំពេញ ៖ រថយន្តសង្គ្រោះមណ្ឌលកែប្រែទី២ បើកសារ៉ែនឆ្លងផ្លូវបំបែកជាបួន ខណៈភ្លើងស្តុបពណ៌ក្រហម ជ្រុលទៅបុករថយន្តស៊េរីទំនើប មួយគ្រឿងពេលកំពុងបើកឆ្លងផ្លូវនៅខាងមុខ។
ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង ១ និង០០នាទីរសៀលថ្ងៃទី ១៨ ខែតុលា ឆ្នាំ២០២២ ត្រង់ចំណុចផ្លូវបំបែកជាបួន ស្តុប បេកាសេ ក្នុងសង្កាត់ស្រះចកខណ្ឌដូនពេញ រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មាននៅកន្លែងកើតហេតុ បានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុគេបានឃើញ រថយន្តស៊េរីទំនើបមួយគ្រឿងម៉ាក Mazada cx9 ពណ៌ប្រផេះ ពាក់ស្លាកលេខ ភ្នំពេញ 2BO-5012 បើកបរដោយបុរសម្នាក់ តាមបណ្តោយផ្លូវ ភ្លោះក្រមួនសរ ក្នុងទិសដៅពីកើតទៅលិច ខណៈមកដល់ស្តុប បេកាសេ ដែលជាចំណុចកើតហេតុ ភ្លើងស្តុបមានពណ៌ខៀវ រថយន្ត Mazada បានធ្វើដំណើរឆ្លងស្តុប ខណៈពេលកំពុងឆ្លងស្រាប់តែមាន រថយន្ត សង្គ្រោះនៃមណ្ឌលកែប្រែទី២ ដឹកអ្នកទោសមានជំងឺទៅមន្ទីរពេទ្យ ដែលបានបើកសំឡេងសារ៉ែនផងដែរ តាមបណ្តោយមហាវិថីព្រះមុន្នីវង្ស ក្នុងទិសដៅពីត្បូងទៅជើង ឆ្លងផ្លូវស្តុបមានពណ៌ក្រហម ជ្រុលទៅបុករថយន្តMazada ពេញទំហឹងផ្នែកខាងមុខ ចំហៀងខាងឆ្វេង បណ្តាលឲ្យរថយន្តទាំង២រងការខូចខាតជាច្រើន។ ចំពោះអ្នកទោសមានជំងឺត្រូវបានដាក់ចូលរថយន្តមួយគ្រឿងទៀត បញ្ជូនទៅកាន់មន្ទីរពេទ្យភ្លាមៗផងដែរ។
ក្រោយពេលកើតហេតុ កម្លាំងសមត្ថកិច្ចមូលដ្ឋាន រួមកម្លាំងសមត្ថកិច្ចជំនាញ បានចុះមកដល់ទីតាំងកើតហេតុ រួចធ្វើការដោះស្រាយដោយភាគី ទាំងសងខាង សម្របសម្រួលគ្នាស្មើរៀងៗខ្លួន៕
ដោយ៖ រ៉ារ៉ា