ភ្នំពេញ៖ បេីយោងតាមប្រភពព័ត៍មានពីក្រសួងបរិស្ថាន នៅព្រឹកថ្ងៃពុធទី១៩ ខែតុលា ឆ្នាំ២០២២នេះ បានឱ្យដឹងថា តាមការដកស្រង់ចេញពីសៀវភៅមគ្គទេសក៍គ្រឿងទេសកម្ពុជា ខ្ញី(Ginger) រុក្ខជាតិមានមែកបែកខ្នែងសាខា សាច់មើមពណ៌លឿងខ្ចី ហើយមានក្លិនក្រអូបឆួលដើមមានកម្ពស់ ០,៨ទៅ១ម៉ែត្រ។ ស្លឹករាងវែងចុងស្រួច (ovate-linear) ១៥ ទៅ៣០ គុណនឹង ២ទៅ៣សង់ទីម៉ែត្រ ដុះឆ្លាស់គ្នាហើយរាបជាពីរជួរ (distichous) ស្លឹកគ្មានទង។
គោលទម្រកញ្ចុំផ្កា (peduncle) ដុះត្រង់ចេញពីក្តៀង កញ្ចុំផ្កាជាកួរ (spike) ផ្កាមួយៗមានស្ទប (bracts) ពណ៌បៃតង តែដល់ចាស់ពណ៌ក្រហម ស្ទបផ្កាត្រួតលើគ្នាជាស្រកា។ ផ្កាមានត្របកជាបំពង់ដែលមាន ធ្មេញនៅចុង ស្រទាប់ផ្កា៣ពណ៌សឬលឿងភ្លាវ មានកេសរឈ្មោល១ពណ៌ក្រហមក្រម៉ោតែទងពណ៌លឿង។
ស្រទាប់ធំ (labellum) ពណ៌ក្រហមក្រម៉ៅ និងអុចៗពណ៌លឿងខ្ចី នៅសងខាងគល់ស្រទាប់ធំមានកេសរឥតផលពណ៌ក្រហមក្រម៉ៅ។ ផ្លែរាងមូលធាចបែកជា៣ផ្នែក តែគេកម្រឃើញផ្លែ។ មើមមានទឹកច្រើន និងមានក្លឹនប្រហើរឆួល។ ខ្ញីដុះលូតលាស់ ល្អនៅរដូវរំហើយ អាកាសធាតុសើម។ ដាំដុះរបស់រុក្ខជាតិនេះតាមរយៈមើម សីតុណ្ណភាពដែលលូតលាស់ល្អចាបពី ២៤-២៩អង្សាសេ។
ការប្រើប្រាស់បាន ២បែប ជាគ្រឿងទេស និងឱសថ៖
_ គ្រឿងទេស ដាក់ក្នុងឆា ជ្រក់ សម្ល ចៀន ស៊ុប និងបង្អែម។
_ឱសថ ព្យាបាលជំងឺរាក ហើមពោះ ចុកពោះ ក្អួនចង្អោរ ផ្តាសាយ តឹងច្រមុះ ក្អក ឈឺធ្មេញ ឈឺសន្លាក់ឆ្អឹង និងបន្សាបជាតិពុល៕ដោយ៖សហការី