នៅថ្ងៃទី១៩ខែតុលា កម្លាំងទាហានកូរ៉េខាងជើង បានប្រកាសថា បានបាញ់កាំភ្លើងធំជាច្រើនគ្រាប់ទៅកាន់ដែនសមុទ្រ ដូចជាការព្រមានដល់សកម្មភាពធ្វើសមយុទ្ធរវាងអាមេរិក នឹងកូរ៉េខាងត្បូង ។
សារព័ត៌មាន AFP នៅថ្ងៃពុធ ទី១៩ ខែតុលា ឆ្នាំ២០២២ បានផ្សាយថា យោធាកូរ៉េខាងត្បូង បានឱ្យដឹងថា កូរ៉េខាងជើងបានបាញ់កាំភ្លើងធំ២៥០គ្រាប់ចូលសមុទ្រនៃតំបន់ឆ្នេរភាគខាងកើត និងខាងលិចរបស់ខ្លួនចំពេលភាពតានតឹងនៅលើតំបន់ឧបទ្វីបកូរ៉េឡើងកម្ដៅកាន់តែខ្លាំង។
នៅក្នុងសេចក្តីថ្លែងការណ៍មួយចេញផ្សាយនៅថ្ងៃពុធនេះ នាយសេនាធិការចម្រុះកងទ័ពកូរ៉េខាងត្បូងបានបញ្ជាក់ថា កូរ៉េខាងជើងបានបាញ់កាំភ្លើងធំប្រហែល១០០គ្រាប់ចូលក្នុងសមុទ្រនៃតំបន់ឆ្នេរភាគខាងកើត និង១៥០គ្រាប់ទៀតចូលក្នុងសមុទ្រនៃតំបន់ឆ្នេរភាគខាងលិចនៅម៉ោងប្រមាណ១០ព្រឹក កាលពីថ្ងៃអង្គារសប្ដាហ៍នេះ។
ការបាញ់កាំភ្លើងធំរបស់កូរ៉េខាងជើងកើតមានឡើងបន្ទាប់ពីយោធាកូរ៉េខាងត្បូងចាប់ផ្ដើមធ្វើសមយុទ្ធយោធាប្រចាំឆ្នាំរបស់ខ្លួន កាលពីថ្ងៃចន្ទដើមសប្ដាហ៍នេះ ដែលមានគោលបំណងពង្រឹងសមត្ថភាពឆ្លើយតបទៅនឹងការគំរាមកំហែងដោយមីស៊ីល និងអាវុធនុយក្លេអ៊ែររបស់កូរ៉េខាងជើង។ សមយុទ្ធយោធានេះគ្រោងនឹងបញ្ចប់នៅថ្ងៃសៅរ៍ចុងសប្ដាហ៍នេះ៕ ដោយធីរីណា
រូបថត : KCNA