អគ្គមេបញ្ជាការកងទ័ពរុស្ស៊ីក្នុងសង្គ្រាមអ៊ុយក្រែនបានបញ្ជាក់ជាលើកដំបូងថា អ៊ុយក្រែនមានគម្រោងវាយប្រហារទៅលើទំនប់វារីអគ្គិសនីនៅតំបន់ Kherson គ្រប់គ្រងដោយរុស្ស៊ី។ អគ្គមេបញ្ជាការកងទ័ពរុស្ស៊ីបញ្ជាក់ថា លោកទទួលបានព័ត៌មានថាអ៊ុយក្រែនអាចនឹងប្រើវិធីសាស្ត្រត្រូវបានហាមឃាត់សម្រាប់វាយប្រហារ។
អគ្គមេបញ្ជាការកងទ័ពរុស្ស៊ីប្រចាំអ៊ុយក្រែន លោក Sergei Surovikin បានព្រមានថាអ៊ុយក្រែនបានឡើងគម្រោងវាយប្រហារទៅលើទីតាំងនៅក្នុងទីក្រុង Kherson ដែលរុស្ស៊ីទើបតែដាក់បញ្ជូននៅក្នុងការគ្រប់គ្រងរបស់ខ្លួន។ លោកបញ្ជាក់ថា អ៊ុយក្រែនអាចនឹងវាយប្រហារទៅលើទំនប់វារីអគ្គិសនី Kakhovskaya ស្ថិតនៅក្នុងស្រុក Nova Kakhovka ។
នៅថ្ងៃទី១៨ខែតុលា ទីក្រុងមូស្គូបានចោទប្រកាន់ទីក្រុងគៀវ បើកការវាយប្រហារទៅលើស្រុក Nova Kakhovka ក្នុងតំបន់ Kherson សម្លាប់ពលរដ្ឋ២នាក់ និងរបួសម្នាក់។ ក្នុងពេលនេះដែរ អភិបាលខេត្ត Kherson លោក Volodimir Saldo បានប្រកាសជម្លៀសពលរដ្ឋចេញពីតំបន់ភាគខាងកើតទៅកាន់ប្រទេសរុស្ស៊ីដើម្បីសុវត្ថិភាព។
មេទ័ពរុស្សុី ក៏បានព្រមានដល់អ៊ុយក្រែនពីលទ្ធផលអាក្រក់ ប្រសិនបើវាយប្រហារទៅលើទំនប់វារីអគ្គិសនី ដោយសារតែវិស័យទាំងនោះបម្រើស៊ីវិល មិនពាក់ព័ន្ធនឹងយោធានោះឡើយ ។ ទាំងនោះហើយទើបរុស្ស៊ីនឹងវាយបកវិញយ៉ាងខ្លាំង ។ កន្លងមកអ៊ុយក្រែន ក៏បានវាយប្រហារទៅលើហេដ្ឋារចនាសម្ព័ន្ធស៊ីវិលគឺស្ពានតភ្ជាប់តំបន់គ្រីមៀ ធ្វើឱ្យរុស្ស៊ីត្រូវវាយតបវិញទៅលើទីក្រុងជាច្រើនរបស់អ៊ុយក្រែន ក្នុងនោះក៏មានទីក្រុងគៀវផងដែរ៕ ដោយធីរីណា
រូបថត : VOV.VN