ភ្នំពេញ ៖ កម្លាំងសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលរលួស នៃអធិការដ្ឋាននគរបាលខណ្ឌដង្កោ បានធ្វើការឃាត់ខ្លួននារីជាជនសង្ស័យម្នាក់ក្រោយពីធ្វើសកម្មភាពលួចយកម៉ូតូរបស់ប្រជាពលរដ្ឋដែលទុកនៅមុខផ្ទះបានសម្រេច កាលពីវេលាម៉ោង ០៩និង៣០ព្រឹកថ្ងៃទី ១៩ ខែតុលា ឆ្នាំ២០២២ ស្ថិតក្នុងភូមិកណ្ដាល សង្កាត់រលួស ខណ្ឌដង្កោ។
លោកវរសេនីយ៍ត្រី ចាប វិណុច នាយប៉ុស្តិ៍នគរបាលរដ្ឋបាលរលួសបានប្រាប់ឱ្យដឹងថា នារីជាជនសង្ស័យដែលសមត្ថកិច្ចឃាត់ខ្លួនបានមានឈ្មោះ អុន មិនា អាយុ៣២ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិកណ្តាល សង្កាត់រលួស ខណ្ឌដង្កោ និងមានស្រុកកំណើតនៅភូមិស្វាយមីង ឃុំបារគូ ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។ ចំណែកម្ចាស់ម៉ូតូមានឈ្មោះ ឃន ស្រីម៉ុម អាយុ២០ឆ្នាំ
មុខរបរលក់ដូរ ស្នាក់នៅភូមិកេីតហេតុខាងលេី មានស្រុកកំណើតនៅភូមិប្រវង់ ឃុំតាភេម ស្រុកត្រាំកក់ ខេត្តតាកែវ។
លោកវរសេនីយ៍ត្រី ចាប វិណុច នាយប៉ុស្តិ៍នគរបាលរដ្ឋបាលរលួសបានឱ្យដឹងទៀតថា មុនពេលកើតហេតុ នារីជាជនសង្ស័យបានដើរទៅផ្សារបុរីភ្នំពេញថ្មីកួរស្រូវ៣ ខណៈដែលដើរមកជិតដល់ផ្សារក៏បានឃើញម៉ូតូរបស់ជនរងគ្រោះម៉ាក Seoopy i ពាក់ស្លាកលេខ ភ្នំពេញ 1HL.2366 ទុកនៅមុខផ្ទះដោយមិនបានដកកូនសោចេញនោះទេ ហើយនារីជាជនសង្ស័យមើលទៅរាងទំនងក៏បានឡើងទៅបញ្ឆេះជិះបំណងគេចខ្លួន តែត្រូវជនរងគ្រោះដែលជាម្ចាស់ម៉ូតូឃើញទាន់ក៏ស្រែកថាចោរៗ និងដេញតាមពីក្រោយ ពេលនោះកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលរលួសកំពុងតែជិះម៉ូតូល្បាតក្នុងមូលដ្ឋានបានឃើញក៏ជួយធ្វើអន្តរាគមន៍ដេញចាប់បាននារីជាជនសង្ស័យនិងម៉ូតូយកមកធ្វើការសួរនាំនៅប៉ុស្តិ៍នគរបាលរលួស។
នៅចំពោះមុខសមត្ថកិច្ចនារីជាជនសង្ស័យបានឆ្លើយសារភាពថា រូបគេពិតជាបានចូលទៅលួចម៉ូតូរបស់ជនរងគ្រោះប្រាកដមែន។
បច្ចុប្បន្ន នារីជាជនសង្ស័យខាងលើ ត្រូវបានកម្លាំងសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលរលួសកសាងសំណុំរឿងបញ្ជូនទីកាន់អធិការដ្ឋានខណ្ឌដង្កោដើម្បីចាត់ការបន្តតាមនីតិវិធី ៕ ដោយ ៖ ភារ៉ា ដង្កោ