ខេត្តបាត់ដំបង៖ បេីយោងតាមប្រភពព័ត៍មានពីរបាយការណ៍របស់លោកវរសេនីយ៍ឯក ស គឹមឡុង អធិការនគរបាលស្រុកមោងឫស្សី នៅព្រឹកថ្ងៃពុធទី១៩ ខែតុលា ឆ្នាំ២០២២នេះ បានឱ្យដឹងថា ប្រជាពលរដ្ឋបានរាយការណ៍ថា ប្រទះឃើញ សពបុរសម្នាក់ស្លាប់នៅក្នុងទឹកស្រែ នៅចំណុចក្រុមទី៤ ភូមិព្រៃដំរី ឃុំព្រៃតូច ស្រុកមោងឫស្សី ខេត្តបាត់ដំបង កាលពីវេលាម៉ោង ១៧និង៤០នាទីល្ងាចថ្ងៃទី១៨ ខែតុលាម្សិលមិញនេះ។
លោកវរសេនីយ៍ឯក ស គឹមឡុង បានឱ្យដឹងទៀតថា ជនរងគ្រោះឈ្មោះ សាង សារ៉ាយ ភេទប្រុស អាយុ៥២ឆ្នាំ រស់នៅភូមិព្រៃដំរី ឃុំព្រៃតូច ស្រុកមោងឬស្សី ខេត្តបាត់ដំបង ។
លោកអធិការស្រុក បានបន្តថា បន្ទាប់ពីមានសេចក្ដីរាយការណ៍ពីប្រជាពលរដ្ឋ ភ្លាមនោះកម្លាំងសមត្ថកិច្ចចុះពិនិត្យទីកន្លែងហេតុ និងសាកសព ព្រមទាំងសាកសួរបំភ្លឺសាក្សីជុំវិញកន្លែងកើតហេតុ ក្រុមការងារបានធ្វើការសន្និដ្ឋានបានថា សពឈ្មោះ សាង សារ៉ាយ នេះពិតជាស្លាប់ដោយសារលង់ទឹកពិតប្រាកដមែន។
សូមជម្រាបជូនថា ជនរងគ្រោះបានលង់ទឹកស្រែស្លាប់ ខណៈទៅមើលស្រែតែម្នាក់ឯង មូលហេតុ ជនរងគ្រោះមានជំងឺតេតាណូស ទើបបណ្តាលឲ្យប្រកាច់ចូលទឹក ។
បច្ចុប្បន្ន សាកសពជនរងគ្រោះត្រូវបានប្រគល់ជូនទៅឲ្យក្រុមគ្រួសារដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី ៕ដោយ៖អារុណរះ