រថយន្ត Ford Ranger បើកលឿនជាន់ហ្រ្វ័ងមិនទាន់ជ្រុលទៅបុករថយន្តបែនដឹកខ្សាច់ដែលបត់ត្រឡប់ក្រោយធ្វើឱ្យរថយន្តFordខូចខ្ទេចមួយកំណាត់មុខ

ចែករំលែក៖

ភ្នំពេញ ៖ រថយន្តស៊េរីទំនើបម៉ាកFord Ranger មួយគ្រឿងបើកបរដោយបុរសម្នាក់ក្នុងល្បឿនលឿននិងខ្វះការប្រុងប្រយ័ត្នបានជ្រុលទៅបុករថយន្តបែនដឹកខ្សាច់ដែលកំពុងបើកបត់ត្រឡប់ក្រោយចំពាក់កណ្ដាលពេញទំហឹងបណ្ដាលឱ្យរថយន្តហ្វដខ្ទេចមួយកំណាត់មុខ បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ១និង ២០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី២០ខែតុលាឆ្នាំ២០២២ស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ៦A ត្រង់ចំណុចស្ពានទី៧ ក្នុងសង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា មុនកើតហេតុគេឃើញរថយន្តបែនដឹកខ្សាច់មួយគ្រឿង ពណ៌សពាក់ស្លាកលេខ ភ្នំពេញ 3F-5083 បើកបរដោយបុរសម្នាក់ធ្វើដំណើរតាមបណ្តោយផ្លូវជាតិលេខ6A ក្នុងទិសដៅពីលិចទៅកើតក្នុងល្បឿនលឿនមធ្យម លុះមកដល់ចំណុចកើតហេតុខាងលើអ្នកបើកបានបួងចង្កូតបត់ឆ្វេងត្រឡប់ក្រោយឆ្លងចូលទៅផ្លូវម្ខាងទៀត ប៉ុន្តែពេលបត់ដល់ពាក់កណ្តាលផ្លូវគាប់ជួនស្រាប់តែមានរថយន្តស៊េរីទំនើបម៉ាកFord Ranger មួយគ្រឿងទៀតពាក់ស្លាកលេខ ភ្នំពេញ 2BF-7824បើកបរដោយបុរសម្នាក់រួមដំណើរជាមួយមនុស្ស៣នាក់ទៀតធ្វើដំណើរពីក្រោយតាមបណ្តោយផ្លូវជាតិលេខ៦Aស្របទិសគ្នាពីលិចទៅកើតក្នុងល្បឿនយ៉ាងលឿន និងអកហ្សឺជាន់ហ្រ្វ័ងមិនទាន់ក៏ជ្រុលទៅបុករថយន្តបែនដឹកខ្សាច់ចំពាក់កណ្តាលចំហៀងខាងឆ្វេងយ៉ាងពេញទំហឹង បណ្តាលឱ្យរថយន្តFord Ranger រងការខូចខាតមួយកំណាត់មុខស្ទើរតែទាំងស្រុង។ ចំណែករថយន្តបែនដឹកខ្សាច់វិញខូចខាតតិចតួចប៉ុណ្ណោះ ហើយសំណាងល្អមិនបង្កឱ្យមានមនុស្សរងរបួសឡើយ។
ក្រោយកើតហេតុខាងលើ ភាគីទាំងសងខាងបានធ្វើការសម្របសម្រួលគ្នាមិនត្រូវទើបសមត្ថកិច្ចមូលដ្ឋានសហការជាមួយនឹងផ្នែកជំនាញចរាចរណ៍ចុះមកធ្វើការវាស់វែងស្ទូចយករថយន្តទាំង២គ្រឿងទៅរក្សាទុកនៅឯការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញរង់ចាំដោះស្រាយនៅពេលក្រោយ៕ ដោយ ៖ ភារ៉ា ដង្កោ


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print