ភ្នំពេញ៖ ទោះបីជាធ្លាប់ប្រកាសពីគម្រោងដើរចេញពីស្នេហាដែលពោពេញដោយការប្រចណ្ឌហួងហែងហួសហេតុពីសង្សាក្តី ក៏តារាសម្តែងស៊ិចស៊ី ពេជ្រ អាវីហ្សា នៅតែមិនទាន់អាចធ្វើបាន។ គេនៅតែឃើញវត្តមានតារាស្រីរូបនេះបណ្តើរគ្នាយ៉ាងត្រសងជាមួយសង្សាដែលជាគេស្គាល់ថា ជាប្អូនថ្លៃអ្នកឧកញ៉ាទ្រីភាពដដែល។
ក្រៅពីល្បីឈ្មោះរឿងលេងខ្លួនបែបស៊ិចស៊ី តារាសម្តែង ពេជ្រ អាវីហ្សា ក៏ល្បីល្បាញនឹងរឿងរ៉ាវស្នេហាផងដែរ ដែលចុងក្រោយនេះនាងបានទម្លាយអំពីចំណងស្នេហ៍ជាមួយបុរសឈ្មោះ ហ៊ា ហេង ដែលមានជីវភាពធូរធារម្នាក់ ជាប្អូនថ្លៃអ្នកជំនួញល្បីល្បាញនៅកម្ពុជា។
ទោះជាយ៉ាងណាចំណងស្នេហ៍ដែលនាងទើបនឹងប្រកាសនេះចាប់ផ្តើមលេចចេញភាពរកាំរកូសច្រើន ដែលនាងលើកឡើងថា កើតឡើងពីការប្រចណ្ឌច្រើនហួសហេតុពីសង្សា បើទោះបីជាកន្លងមក ពេជ្រ អាវីហ្សា ធ្លាប់បណ្តើរសង្សារបណ្តូលចិត្តចូលរួមគ្រប់កម្មវិធី ជប់លៀងអ្នកសិល្បៈក្តី។
ការស្វែងយល់ចិត្តគ្នាជាមួយគូស្នេហ៍ ២ឆ្នាំនេះតារាសម្តែងស្រីសម្តីផ្អែមសាច់សដូចបណ្តូលចេករូបនេះនៅមិនទាន់បញ្ចប់នៅឡើយទេ។ តារាស្រីរូបនេះសារភាពថា ស្នេហានាងហាក់ជាប់គាំងមិនអាចរីកចម្រើនទៅមុខដោយរលូនដូចមុនឡើយ ហើយអ្វីដែលធ្វើឲ្យស្នេហានាងជួបភាពស្មុគស្មាញនេះគឺ ព្រោះតែភាពប្រចណ្ឌច្រើនពីគូស្នេហ៍។
នាងបញ្ជាក់ថា រហូតមកដល់ពេលនេះមិនមានបញ្ហាអ្វីជាដុំកំភួន ដែលរាំងស្ទះដល់ស្នេហានាងឡើយ ប៉ុន្តែវាអាចនឹងងាយបែកបាក់ប្រសិនបើស្ថានភាពបែបនេះនៅតែអូសបន្លាយ។ នាងបន្តថា ហាក់មិនមានសិទ្ធិសេរីភាពច្រើនក្នុងការដើរហើរនិងរាប់អានមិត្តភក្តិ ដែលសូម្បីតែមានអ្នកទាក់ទងតាមទូរស័ព្ទមកពីរឿងការងារសោះក៏សង្សារនាងប្រចណ្ឌដែរ។ ប៉ុន្តែថ្មីៗនេះស្ថានភាពហាក់វិលមកកាន់ស្ថានភាពប្រសើរឡើងវិញហើយសង្សានាងក៏បានបណ្តើរនាងទៅឲ្យចាស់ទុំមើលមុខផងដែរដែលអាចជាការបង្កើនទំនុកចិត្តលើរឿងស្នេហាឡើងវិញផងដែរ។ នាងអាចនឹងរើខ្លួនលែងរួចពីទ្រុងស្នេហ៍របស់បុរសជាកូនអ្នកមានទ្រព្យ និងជាសាច់ញាតិរបស់អ្នកជំនួញល្បីឈ្មោះនៅកម្ពុជាខាងលើផងដែរ។
ប្រភពពីអ្នកក្នុងចង្កោមសិល្បៈបញ្ជាក់ថា ទោះបីជាប្រចណ្ឌនិងសង្សាច្រើនក៏ ហ៊ា ហេង យកចិត្តទុកដាក់ចំពោះ ពេជ្រ អាវីហ្សា ច្រើនដែរដែលសូម្បីតែយានជំនិះ និងលុយកាក់មួយចំនួនក៏សង្សានាងតែងជួយផ្តល់ឲ្យជានិច្ច។ ប្រភពបន្តថា សង្សានាងក៏ចង់ឲ្យ អាវីហ្សាលាឈប់ពីសិល្បៈដែរ ព្រោះមិនចង់ឲ្យនាងលំបាកនិងស៊ូទ្រាំនៅក្រោមកម្តៅថ្ងៃ ប៉ុន្តែ អាវីហ្សា នៅស្រលាញ់សិល្បៈខ្លាំងទើបសង្សាមិនហ៊ានជំទាស់ ប៉ុន្តែគេនៅមិនទាន់ប្រាកដនៅឡើយទេថា តើស្នេហាមួយនេះអាចនឹងឈានដល់គោលដៅគឺការរៀបការតាមគន្លងប្រពៃណីខ្មែរនៅឡើយទេ៕
ដោយ៖ វឌ្ឍនា