ប្រជាពលរដ្ឋខណ្ឌចំការមន ស្នើសុំឲ្យ អាជ្ញាធរ ជួយស្ថាបនា ផ្លូវ លូ និងភ្លើងបំភ្លឺសាធារណៈ

ចែករំលែក៖

ភ្នំពេញ៖ ក្នុងវេទិកាផ្សព្វផ្សាយនិងពិគ្រោះយោបល់របស់ក្រុមប្រឹក្សារាជធានីភ្នំពេញនៅព្រឹកថ្ងៃទី២០ ខែតុលា ឆ្នាំ២០២២ នៅ
មជ្ឈមណ្ឌល ថបសេនធ័រ ទល់មុខរដ្ឋសភា សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន បងប្អូនប្រជាពលរដ្ឋបានលើកឡើងជាសំណើរនិងសំណូមពរ ពាក់ព័ន្ធការដ្ឋានសំណង់មួយកន្លែងបានរំខានដល់ការរស់នៅរបស់ពួកគាត់ និងស្នើសុំអោយស្ថាបនាផ្លូវលូ ផ្លូវ ភ្លើងបំភ្លឺសាធារណៈផងដែរ ។
ប៉ុន្តែទោះបីជាយ៉ាងណាក្តីការស្នើសុំធ្វើអោយភូមិសង្កាត់មានសុវត្ថិភាព ការផ្តល់សេវាសាធារណៈផ្សេងៗ និងបញ្ហាបរិស្ថានមិនត្រូវបានប្រជាពលរដ្ឋលើក ឡើងសុំអោយជួយអន្តរាគមន៍នោះទេ។
វេទិកានេះធ្វើឡើងក្រោមវត្តមានលោកម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ និងលោកកើត ឆែ អភិបាលរងរាជធានីតំណាងលោក ឃួង ស្រេងអភិបាលរាជធានី។
ក្នុងវេទិកានេះប្រជាពលរដ្ឋបានលើកឡើងថា សំណង់អគារដ៏ធំមួយកន្លែងនៅក្នុងសង្កាត់ទន្លេបាសាក់ខណ្ឌចំការមន បានរំខានដល់ការរស់នៅរបស់ពួកគាត់យ៉ាងខ្លាំង ដេកពួនមិនបាននិងធ្វើអោយ លំនៅដ្ឋានរបស់ពួកគាត់ ប្រេះជញ្ជាំងថែមទៀត ។ពួកគាត់បញ្ជាក់ផងដែរថា ការដ្ឋាននេះបានចាប់ផ្តើមការងាររបស់ខ្លួនពីម៉ោង៧ព្រឹករហូតម៉ោង៥ភ្លឺ ហើយនៅពេលយប់ភាគច្រើន ក្រុមហ៊ុនសំណង់នេះបានបុកគ្រឹះរំខាន់មិនអាចអោយពួកគាត់ដេកពួនបានឡើយ។បន្ថែមពីនេះប្រជាពលរដ្ឋក៏បានស្នើសុំអោយស្ថាបនាផ្លូវលូ ផ្លូវ ដាក់អំពូលភ្លើងបំភ្លឺសាធារណៈផងដែរ។
លោកកើត ឆែ បានមានប្រសាសន៍លើកឡើងថា ចំពោះក្រុមហ៊ុនសំណង់ដែលរំខានដល់ការរស់នៅរបស់ប្រជាពលរដ្ឋនេះ រដ្ឋបាលរាជធានីភ្នំពេញធ្លាប់បានធ្វើការណែនាំរួចហើយអោយក្រុមហ៊ុនធ្វើការងារដែលបង្កសំឡេងរំខាននៅពេលថ្ងៃនិងធ្វើការងារដែលមិនរំខាននៅពេលយប់។ប៉ុន្តែទោះបីជាយ៉ាងណាក្តីរដ្ឋបានរាជធានីភ្នំពេញ បានជម្រុញអោយអាជ្ញាធរខណ្ឌចំការមននិងមន្ត្រីពាក់ព័ន្ធចុះពិនិត្យលើការងារនេះបន្ថែមទៀត ។ចំពោះការប្រេះអាគារវិញលោកកើត ឆែ អោយប្រជាពលរដ្ឋដាក់ពាក្យបណ្តឹងមកសង្កាត់ ឬខណ្ឌ ដើម្បីមានឯកសារដោះស្រាយសំណងជាមួយក្រុមហ៊ុនសំណង់នេះ។
ពាក់ព័ន្ធការស្នើសុំអោយស្ថាបនាផ្លូវលូ ផ្លូវ ដាក់អំពូលភ្លើងបំភ្លឺសាធារណៈវិញលោកកើត ឆែ បានលើកឡើងថា រដ្ឋបាលរាជធានីភ្នំពេញ ស្នើអោយអាជ្ញាធរខណ្ឌនិងមន្ទីរពាក់ព័ន្ធចុះសិក្សាផលប៉ះពាល់សិន បើមិនមានបញ្ហាទេ គឺយើងដោះស្រាយជូនពួកគាត់តែម្តង។
ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ លោកម៉ប់ សារិន បានមានប្រសាសន៍ថា វេទិកាផ្សព្វផ្សាយនិងពិគ្រោះយោបល់របស់ក្រុមប្រឹក្សារាជធានីភ្នំពេញនេះ បា ផ្តោតសំខាន់ពាក់ព័ន្ធនិងកង្វល់ផ្ទាល់របស់ប្រជាពលរដ្ឋ ក្នុងនោះរួមមាន បញ្ហាសន្តិសុខ សណ្តាប់ធ្នាប់ បញ្ហាបរិស្ថាន និងបញ្ហាអភិវឌ្ឍន៏នៅមូលដ្ឋាន ដើម្បីឱ្យអាជ្ញាធរបានដឹងលឺ និងរកយន្តការដោះស្រាយជូន។
វេទិការផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សារាជធានីភ្នំបេញ ត្រូវបានធ្វើ ឡើងក្នុង១ឆ្នាំម្តង ដើម្បីដោះស្រាយរាល់កង្វល់ សំណូមពរនិងសំណើររបស់ប្រជាពលរដ្ឋ ។ប៉ុន្តែក្នុងរយៈពេល២ឆ្នាំជាប់គ្នានេះត្រូវបានខកខានដោយការរាតត្បាតជំងឺកូវីដ-១៩ ។ ការរាតត្បាតជម្ងឺកូវីដ-១៩ នេះ ត្រូវបានរាជរដ្ឋាភិបាលយកចិត្តទុកដាក់ខ្លាំងណាស់ ដោយបានស្រោចវ៉ាក់សាំងជូនប្រជាពលរដ្ឋរហូតដល់ដុសទី៤និងទី៥ ដែលបានធ្វើអោយប្រទេសកម្ពុជា ក៏ដូចជារាជធានីភ្នំពេញបើកដំណើរការសេដ្ឋកិច្ចប្រទេសឡើងវិញ៕

...

ដោយ៖សំរិត

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print