គណៈប្រតិភូមកពីប្រទេសរុស្ស៊ី និងបេឡារុស្សត្រូវបានអនុញ្ញាតឱ្យចូលរួមមហាសន្និបាតសមាគមគណៈកម្មាធិការជាតិអូឡាំពិក(ANOC) ដែលជាក្រុមប្រឹក្សាប្រតិបត្តិរបស់អង្គការបានប្រកាសនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃពុធ។
គណៈកម្មាធិការអូឡាំពិកអន្តរជាតិ (IOC) បានចេញការណែនាំដល់ស្ថាប័នគ្រប់គ្រងកីឡាកាលពីខែកុម្ភៈ ដើម្បីដកអត្តពលិករុស្ស៊ីនិងបេឡារូសចេញពីការប្រកួតបន្ទាប់ពីការលុកលុយរបស់រុស្ស៊ីលើអ៊ុយក្រែន។ ប្រទេសបេឡារូស ត្រូវ បាន គេ ប្រើ ជា ទីតាំងសម្រាប់ ការ ឈ្លានពាន ដែល រុស្ស៊ី ហៅ ថា ជា “ប្រតិបត្តិការ យោធា ពិសេស“។
ក្រុមប្រឹក្សាប្រតិបត្តិ ANOC បាននិយាយថា ខ្លួននឹងបន្តអនុវត្តតាមអនុសាសន៍របស់ IOC ដែលទទួលស្គាល់ប្រទេសរុស្ស៊ី និងបេឡារូសក្នុងចំណោមដែលគេហៅថា 204 NOCs របស់ខ្លួន ហើយមិនបានដាក់ទណ្ឌកម្មដល់គណៈកម្មាធិការ ឬមន្ត្រីជាប់ឆ្នោតរបស់ពួកគេឡើយ។
សេចក្តីថ្លែងការណ៍បានឲ្យដឹងថា “NOCs នៃប្រទេសរុស្ស៊ី និងបេឡារូសនៅតែត្រូវបានទទួលស្គាល់ដោយ IOC ហើយដូច្នេះមានសិទ្ធិចូលរួមមហាសន្និបាត ANOC ដូច NOC ផ្សេងទៀតដែលត្រូវបានទទួលស្គាល់។ ANOC ចែករំលែកការព្រួយបារម្ភយ៉ាងខ្លាំងរបស់ NOCs ទាក់ទងនឹងសង្រ្គាមនៅអ៊ុយក្រែន ហើយឈរក្នុងសាមគ្គីភាពជាមួយសហគមន៍អូឡាំពិកនៅអ៊ុយក្រែន“។
ជាមួយគ្នានេះគណៈកម្មាធិការអូឡាំពិកប្រទេសឡាតវី (LOK) បានអះអាងកាលពីថ្ងៃអង្គារថា ខ្លួននឹងមិនចូលរួមក្នុងមហាសន្និបាតដែលប្រព្រឹត្តទៅពីថ្ងៃពុធដល់ថ្ងៃសុក្រក្នុងរដ្ឋធានីសេអ៊ូលរបស់កូរ៉េខាងត្បូង ប្រសិនបើរុស្ស៊ី និងបេឡារូសចូលរួម។
LOK និង NOCs នៃប្រទេសដាណឺម៉ាក អេស្តូនី ហ្វាំងឡង់ អ៊ីស្លង់ ឡាតវី លីទុយអានី ប៉ូឡូញ ន័រវេស និងស៊ុយអែត បានអំពាវនាវនៅក្នុងលិខិតមួយទៅកាន់ប្រធានស្តីទី ANOC លោក Robin Mitchell ដើម្បីពិចារណាឡើងវិញអំពីការចូលរួមរបស់រុស្ស៊ី និងបេឡារូសនៅក្នុងមហាសន្និបាត។
លិខិត នោះ បាន សរសេរ ថា “ ការ ឈ្លានពាន អ៊ុយក្រែន បង្កើត ជា ការ បំពាន ច្បាប់ អន្តរជាតិ នេះ បាន បង្កើត ស្ថានការណ៍ ដ៏គ្រោះថ្នាក់ មួយ ដែល អាច មាន ឥទ្ធិពល ជា សាកល ។ នៅក្នុងស្ថានភាពដែលយើងឃើញស្ថានការណ៍យោធាកើនឡើងដ៏គ្រោះថ្នាក់នៅអ៊ុយក្រែន ជាមួយនឹងផលវិបាកមនុស្សធម៌ដ៏ធ្ងន់ធ្ងរ យើងស្នើឱ្យក្រុមប្រឹក្សាប្រតិបត្តិ ANOC ពិចារណាឡើងវិញថាតើមន្ត្រីមកពីគណៈកម្មាធិការអូឡាំពិករុស្ស៊ី និងគណៈកម្មាធិការអូឡាំពិកបេឡារូសអាចចូលរួមក្នុងមហាសន្និបាតនាពេលខាងមុខបានដែរឬទេ នៅទីក្រុងសេអ៊ូល?” ។
គួររំលឹកថា កាលពីខែកញ្ញាកន្លងទៅ ប្រធានគណៈកម្មាធិការអូឡាំពិក និងប៉ារ៉ាឡាំពិកសហរដ្ឋអាមេរិក បានប្រកាសថា IOC កំពុងពិចារណាអនុញ្ញាតឱ្យអត្តពលិករុស្ស៊ី និងបេឡារូសត្រលប់មកវិញក្នុងការប្រកួតអន្តរជាតិផ្សេងៗ ៕ (រូបភាព ៖ Reuters/CNA)