ភ្នំពេញ ៖ ប្រភពព័តិមានពីសាលាដំបូងរាជធានីភ្នំពេញ បានអោយដឹងនៅថ្ងៃទី ២០ ខែតុលា ឆ្នាំ២០២២នេះថា លោកចៅក្រម ធាម ច័ន្ទពិសិដ្ឋ បានចេញសាលក្រមសម្រេចផ្ដន្ទាទោសអតីតផ្កាយ២ សូយ ចាន់សឿន ដាក់ពន្ធនាគារកំណត់ ១ឆ្នាំថែមទៀត ក្រោមការចោទប្រកាន់ពីបទ « ប្រើអំពើហឹង្សារលើអ្នកកាន់កាប់អចលនវត្ថុដោយសុច្ចរិត និងបទបរិហាបង្កាច់កេរ្ត៍ ។
ចំណែកបក្សពួកម្នាក់ទៀតឈ្មោះ សូ បិនឡា ក៏ត្រូវបានតុលាការផ្ដន្ទាទោសដូចគ្នានេះដែរ និងបង្គាប់អោយរួមគ្នាសងជំងឺចិត្តដល់ដើមបណ្ដឹងរដ្ឋប្បវេណីចំនួន១០លានរៀលផងដែរ ។
ដោយឡែកឈ្មោះ ធី សូចន្នា ត្រូវបានពិន័យជាប្រាក់ចំនួន១លានរៀល ពីបទបរិហាបង្កាច់កេរ្ត៍ ។
បច្ចប្បន្ននេះទណ្ឌិតឈ្មោះសូ យ ចាន់សឿន ភេទប្រុស អាយុ ៤៥ឆ្នាំ ជាអតីតយោធាផ្កាយ ២ មានទីលំនៅផ្ទះលេខ ៣១០ អឺ០ មហាវិថីព្រះមុនីវង្ស សង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ កំពុងជាប់ឃុំនៅ ពន្ធនាគារខេត្តកំពង់ស្ពឺ ។ និងម្នាក់ទៀតឈ្មោះ សូ បិ នឡា ភេទប្រុស អាយុ ៤៣ ឆ្នាំ ស្នាក់នៅផ្ទះគ្មាន លេខ ផ្លូវបេតុង ភូមិ ត្នោតជ្រុំ៣ សង្កាត់បឹងទំពុន ខណ្ឌមានជ័យ រាជធានី ភ្នំពេញ និងឈ្មោះ ធី សូចន្នា ភេទស្រី ( នៅក្រៅឃុំ )
ជនត្រូវចោទទាំង ៣នាក់បានរងនូវពាក្យបណ្តឹង របស់ឈ្មោះ កើត ខេង ភេទ ប្រុសអាយុ ៥០ឆ្នាំ មុខរបរជាអាជីវករនៅ រាជធានីភ្នំពេញ ។
យោងតាមពាក្យបណ្តឹងរបស់ជនរងគ្រោះ បានចោទប្រកាន់ជនត្រូវ ចោទទាំង៣ ពីបទ«ប្រើអំពើហឹង្សាលើអ្នកកាន់កាប់អចលនវត្ថុដោយសុច្ចរិត និងបទបរិហារបង្កាច់កេរ្តិ៍ ប្រព្រឹត្តកាលពីអំឡុងឆ្នាំ ២០១៩ ដែលបទល្មើស នេះមានបញ្ញត្តិឲ្យផ្តន្ទាទោសតាមមាត្រា២៥៣ នៃច្បាប់ភូមិបាល នឹងមាត្រា ៣០៥នៃក្រមព្រហ្មទណ្ឌ ប្រព្រឹត្តនៅស្រុកកៀនស្វាយ ខេត្តកណ្ដាល កាលពី ឆ្នាំ២០១៩ និងនៅលើបណ្ដាញសង្គម ។
ដើមហេតុគឺ នៅក្នុងអំឡុងឆ្នាំ ២០១៩ ឈ្មោះកើត ខេង បានរៀបចំដីធ្លីដែលជាកម្មសិទ្ធិរបស់ខ្លួននៅស្រុកកៀកស្បាយខេត្តកណ្ដាលដែលមានរបងហ៊ុំព័ទ្ធរឹងមាំ ស្រាប់តែត្រូវឈ្មោះ សូយ ចាន់សឿននិង ឈ្មោះ សូ បិនឡា បាន ទៅគំរាមកំហែងនិងវាយកំទេចរបងថ្មនោះ ថែមទាំងយកថ្នាំព័ណទៅបាញ់ក្រវ៉េមក្រវ៉ាម និងបង្កើតអាខោនហ្វេសបុក ជេរប្រមាថថែមទៀត ទើបលោកកើត ខេង ប្ដឹងតែម្ដង ៕ ដោយ រ៉ារ៉ា