កម្លាំងរដ្ឋបាលព្រៃឈើខេត្តកំពង់ធំ បានធ្វើការបង្ក្រាប ឃាត់ការលួចកាប់ព្រៃឈើនៅក្នុងតំបន់ហាមឃាត់ ដកហូតបានវត្ថុតាង ចំណែកជនល្មើសរត់គេច

ចែករំលែក៖

ខេត្យកំពង់ធំ៖ លោកប៊ុន សុធី នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តកំពង់ធំបានដឹងនៅថ្ងៃទី២១ ខែតុលា ឆ្នាំ២០២២ នេះថា កំលាំងរដ្ឋបាលព្រៃឈើតែងតែធ្វើការបង្ក្រាប និងទប់ស្កាត់ ការពារព្រៃឈើជាប្រចាំ ជាពិសេសតំបន់អភិរក្ស ក៏ប៉ុន្តែនៅតែមានសកម្មភាពរបស់បងប្អូនប្រជាពលរដ្ឋយើងមួយចំនួនតូច បានចូលព្រៃលួចកាប់បំផ្លាញព្រៃឈើដោយមិនខ្លាចញញើត និងសំណាញ់ច្បាប់នោះឡើយ ។

លោកនាយខណ្ឌរដ្ឋបាលព្រៃឈើបានបន្តទៀតថា កើនរំលឹកដល់ប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋានដែលមានលំនៅឋានក្បែរតំបន់អភិរក្ស ឬឆ្ងាយតំបន់អភិរក្សព្រៃឈើសូមចូលរួមថែរក្សាការពារ ធនធានធម្មជាតិទាំងអស់គ្នា និងសូមបញ្ឈប់ជាបន្ទាន់រាល់សកម្មភាពដែលលួចកាប់បំផ្លាញព្រៃឈើជាបន្តបន្ទាប់ ដែលវាបង្កឱ្យបាត់បង់ធនធានធម្មជាតិដ៏សំខាន់ ទាំងមនុស្ស ទាំងសត្វ ។

លោកនាយខណ្ឌរដ្ឋបាលព្រៃឈើបានបន្ថែមទៀតថា ទោះបីជាកម្លាំងជំនាញមានមន្ត្រីចំនួនតិចយ៉ាងណាក្តី ក៏ប៉ុន្តែកម្លាំងជំនាញយើងនៅតែចុះក្បាតជាប្រចាំថ្ងៃ ជាក់ស្តែងនៅថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២២ មន្ត្រីអនុវត្តគម្រោងរេដបូកទំរីង សហការជាមួយកម្លាំងតំបន់ប្រតិបត្ថិការសឹករងកំពង់ធំ បានចុះល្បាតនៅតំបន់បុស្សស្បូវ ឃុំបឹងល្វា ស្រុកសន្ទុក ខេត្តកំពង់ធំ លទ្ធផល៖ ដកហូតបាន រណាយន្តកាត់ឈើចំនួន ៣គ្រឿង របស់ជនល្មើសដែលរត់គេចខ្លួនបាត់។ ដែលជនល្មើសកំពុងអារកាត់ បន្សល់ទុកកន្លែងកើតហេតុ នៅក្នុងដែនព្រៃរួចរត់គេចខ្លួនបាត់ ។ នៅថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២២ មន្ត្រីអនុវត្តគម្រោងរេដបូកទំរីង សហការជាមួយកម្លាំងតំបន់ប្រតិបត្ថិការសឹករងកំពង់ធំ បានចុះល្បាតនៅតំបន់អូរអន្រ្ទក ឃុំបឹងល្វា ស្រុកសន្ទុក ខេត្តកំពង់ធំ។

លទ្ធផលបានជួបប្រទះឈើហ៊ុបមូល (ចំបក់)ចំនួន៧កំណាត់ ស្មើនឹង២ម៉ែត្រ ដោយគ្មានលិខិតអនុញ្ញាតនៅតំបន់អូរអន្រ្ទក ឃុំបឹងល្វា ស្រុកសន្ទុក ខេត្តកំពង់ធំ ។ និងនៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២២ មន្ត្រីអនុវត្តគម្រោង រេដបូកទំរីង សហការជាមួយកម្លាំងតំបន់ប្រតិបត្ថិការសឹករងកំពង់ធំ បានចុះល្បាតនៅតំបន់គីឡូម៉ែត្រ ៣៥ ឃុំបឹងល្វា ស្រុកសន្ទុក ខេត្តកំពង់ធំ លទ្ធផល៖ ដកហូត និងប្រមូលបានរណាយន្តចំនួន ២គ្រឿង ។

...

សូមបញ្ជាក់ផងដែរថា វត្ថុតាងយកមករក្សាទុកនៅស្នាក់ការអូរកំពប់អំបិល ស្រុកសន្ទុក ខេត្តកំពង់ធំ ចំណែកជនល្មើសខាងលើនេះមន្ត្រីជំនាញកំពុងតែស្រាវជ្រាវអត្តសញ្ញាណដើម្បីចាត់ការតាមនីតិវិធីច្បាប់ជាធរមាន៕ ដោយ៖ មន្នី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print