ខេត្តកណ្តាល៖ មុខសញ្ញាចែកចាយថ្នាំញៀន២នាក់ដែលសមត្ថកិច្ចដេញចាប់បានរត់គេចខ្លួនចូលព្រៃត្រែងបាត់បន្សល់ទុកម៉ូតូ១គ្រឿងនិងថ្នាំញៀន១កញ្ចប់ជាវត្ថុតាងក្នុងការដាក់បន្ទុក ដោយឡែកជនសង្ស័យដែលរត់គេចខ្លួនសមត្ថកិច្ចស្គាល់អត្តសញ្ញាណអស់ហើយ ។
ករណីបង្ក្រាបមុខសញ្ញាចែកចាយថ្នាំញៀនចាប់បានតែវត្ថុតាងនេះបានធ្វើឡើងនៅវេលាម៉ោង៩និង៣០នាទីព្រឹកថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៦ នៅក្នុងភូមិដីឥដ្ឋកោះផុស៣ ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្តាល ។
វត្ថុតាងដែលក្រុមជនសង្ស័យបន្សល់ទុកនៅកន្លែងកើតហេតុរួមមានម៉ូតូ១គ្រឿងម៉ាក ស្មាសពណ៌ខ្មៅ ពាក់ស្លាកលេខ តាកែវ 1B-4488 និងថ្នាំញៀន១កញ្ចប់តូច ។ ចំណែកជនសង្ស័យដែលរត់គេចខ្លួនមានឈ្មោះ ង្វៀង យ៉ាំងញ៉ុក ភេទប្រុស អាយុ៣៣ឆ្នាំ គ្មានមុខរបរពិតប្រាកដ និងបក្ខពួកម្នាក់ទៀតមិនស្គាល់អត្តសញ្ញាណ ។
លោក អ៊ុង ស៊ីឡាក់ នាយប៉ុស្តិ៍នគរបាលរដ្ឋបាលដីឥដ្ឋបានឲ្យដឹងថា បន្ទាប់ពីទទួលបានព័ត៌មានកម្លាំងនគរបាលប៉ុស្តិ៍បានដាក់គោលដៅឃ្លាំមើលគ្រានោះក៍ឃើញមុខសញ្ញាកំពុងជិះម៉ូតូឌុបគ្នា ។ បន្ទាប់មកសមត្ថកិច្ចបានបើកម៉ូតូដេញតាមពីក្រោយធ្វើឲ្យជនសង្ស័យដកយកថ្នាំញៀនពីក្នុងហោប៉ៅដោះចោលនៅចិញ្ចើមផ្លូវ ភ្លាមៗនោះសមត្ថកិច្ចក៏ឈប់រើសយកមកមើលទើបដឹងថាជាថ្នាំញៀន ។ ក្រោយពីជនសង្ស័យបោះចោលវត្ថុតាងសមត្ថកិច្ចបានបើកម៉ូតូដេញតាមពីក្រោយទៀតធ្វើឲ្យជនសង្ស័យយប់ម៉ូតូហើយរត់ចូលទៅក្នុងព្រៃត្រែងបាត់តែម្តង ។
បច្ចុប្បន្នមធ្យោបាយម៉ូតូ១គ្រឿងនិងវត្ថុតាងថ្នាំញៀន១កញ្ចប់តូចសមត្ថកិច្ចបញ្ជូនមកកាន់អធិការដ្ឋាននគរបាលស្រុកដើម្បីចាត់ការតាមនីតិវិធី ៕
ដោយ៖ សណ្តោស
...