សម្ដេចតេជោ​ ហ៊ុន​ សែន​៖​ បញ្ជូនស្បៀងចំនួន២០០តោន និងថវិកាចំនួន១៥ម៉ឺនដុល្លារដើម្បីជួយពលរដ្ឋរងគ្រោះដោយសារទឹកជំនន់ក្នុងខេត្តកំពង់ធំ

ចែករំលែក៖

ខេត្ត​សៀមរាប ​៖​ ថ្លែងក្នុងពិធីជួបសំណេះសំណាលជាមួយពលរដ្ឋដែលព្រមផ្លាស់ទីលំនៅនៅតំបន់ពាក់ស្នែង ព្រឹកថ្ងៃទី២២ ខែតុលា​ ឆ្នាំ​២០២២នេះ​ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងថា​ កាលពីយប់ថ្ងៃទី២១ ខែតុលា បានសម្រេចបញ្ជូនស្បៀងចំនួន២០០តោន និងថវិកាចំនួន១៥ម៉ឺនដុល្លារដើម្បីជួយពលរដ្ឋក្នុងខេត្តកំពង់ធំពីការលិចលង់ពីទឹកជំនន់។

សម្ដេចបន្ថែមថាក្រៅពីសម្រេចបញ្ជូនស្បៀងនិងថវិកាទាំងនេះនៅថ្ងៃទី២៩ ខែតុលា ខាងមុខសម្ដេចតេជោក៏នឹងចុះទៅជួបពលរដ្ឋរងគ្រោះដោយផ្ទាល់ផងដែរ។

សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងថា​ ការបញ្ជូនស្បៀងបន្ទាន់ទាំងយប់ទៅជួយខេត្តកំពង់ធំនេះ​ គឺដោយសារស្ថានភាពទឹកជំនន់ក្នុងខេត្តនេះបានបង្កផលប៉ះពាល់ខ្លាំងដល់ពលរដ្ឋ។

សម្ដេចតេជោ​ គូសបញ្ជាក់​ថា៖ ម្សិលមិញលោក ងួន រតនៈ អភិបាលខេត្ត​កំពង់ធំ​ ក៏បានដើរចែកជំនួយដែលខ្ញុំបានបញ្ជូនទៅមុន ឥឡូវបានបញ្ជូនទៅថែម។ ប៉ុន្ដែក៏សុំបញ្ជាក់ទៅបងប្អូននៅខេត្តកំពង់ធំថាខ្ញុំនឹងទៅកាន់ខេត្តកំពង់ធំនៅថ្ងៃទី២៩ (ខែតុលា)។

សម្ដេចតេជោ​ ហ៊ុន​ សែន​ ថ្លែង​ថា៖ គេនឹងចោទថាខ្ញុំឃោសនាបោះឆ្នោតមុនអាណត្តិ មុនការកំណត់ ក៏ប៉ុន្ដែនេះជាសិទ្ធិនិយាយស្ដីរបស់ខ្ញុំ ព្រោះអ្នកដទៃចេះតែទៅស្នើឱ្យគេបោះឆ្នោតឱ្យ តែខ្ញុំក៏ស្នើឱ្យប្រជាជនបោះឆ្នោតឱ្យខ្ញុំ ឱ្យគណបក្សប្រជាជនដែរ»។

សម្ដេចតេជោ​ ថ្លែង​បន្ត​ថា​៖ ព្រោះអញ្ចេសចំណងទាក់ទងរបស់យើងត្រូវនៅជាប់គ្នា១០ឆ្នាំ ព្រោះអី? ព្រោះខ្ញុំត្រូវប្រកាសគោលនយោបាយមួយអំពីបញ្ហាទាក់ទិននឹងផ្ដល់ប័ណ្ណក្រីក្ររយៈពេល ១០ឆ្នាំ អញ្ចឹងយើងមានការទាក់ទងគ្នា១០ឆ្នាំ។ និយាយដូច្នេះមិនមែនមានន័យថាយកបណ្ណក្រីក្រចងប្រជាជន ដើម្បីបោះឆ្នោតជូនគណបក្សប្រជាជននោះទេ។ តែបងប្អូនសាកគិតមើលអ្នករាប់ចំឱ្យគឺគណបក្សប្រជាជនគឺ ហ៊ុន សែន ដល់ទៅបោះឆ្នោតទៅគណបក្សដទៃដូចវាមិនសមទេអី!។

​សម្តេច​តេជោ​ ថ្លែងថា​ ​ប៉ុន្តែ​បើ​និយាយ​ឱ្យ​​ឡូ​ស៊ិ​ច​ទៅ​យើង​បៅដោះ​ម្ដាយ​របស់​យើង​មិនអាច​បែរ​ទៅ​សម្លាប់​ម្ដាយ​របស់​យើង​បានទេ​, ហើយ​ទៅយក​អ្នកដទៃ​មក​ធ្វើជា​ម្តាយ​នោះទេ «​ខ្ញុំ​មិន​តាំងខ្លួន​ថា​ជា​ម្ដាយ​ឪពុក​របស់​ប្រជាពលរដ្ឋ​នោះទេ​។ ប៉ុន្តែ​យើង​មាន​ចំណងទាក់ទង​ជាមួយគ្នា​យើង​មានការ​ទាក់ទង​គ្នា​តាំងពី​ការ​ចេ ញ​ពី​របប​ប៉ុលពត​មករ​ស់​ជាមួយគ្នា​រហូតមកដល់​ពេលនេះ​»​។​

យោងតាមសេចក្ដីសម្រេចរបស់នាយករដ្ឋមន្ត្រី សម្ដេចតេជោ ហ៊ុន សែន នៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២២ រាជរដ្ឋាភិបាលកម្ពុជា បានកំណត់យកថ្ងៃអាទិត្យ ទី២៣ ខែមិថុនា ឆ្នាំ២០២៣ ជាកាលបរិច្ឆេទនៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រសម្រាប់នីតិកាលទី៧ នៃរដ្ឋសភា។ 

សម្តេច​តេជោ​ បានហៅការចាកចេញរបស់បងប្អូនពីតំបន់អាទិភាពរមណីយដ្ឋានអង្គរទៅរស់នៅតំបន់អភិវឌ្ឍនេះ ជាការសម្រេចចិត្តដ៏វៃឆ្លាត ដើម្បី​ទទួល​បាន​នូវ​កម្មសិទ្ធិដ៏ស្របច្បាប់។

សម្តេចតេជោ​ ហ៊ុន​ សែន បាន​អរគុណ​ចំពោះ​ការយោគ​យល់​របស់​ប្រជាពលរដ្ឋ​យើង​ដែលមាន​ការយោគ​យល់​ដល់​រាជរដ្ឋាភិបាល​លើ​គោល​នយោបាយ​ផ្លាស់ប្តូរ​ទី​លំ​នៅ​របស់​ប្រជាពលរដ្ឋ​ពី​តំបន់​រមណីយដ្ឋាន​អង្គរ មករស់នៅតំបន់ពាក់ស្នែង​នេះ​ដែល​នេះ​ជា​ការ​យោគយល់​ដល់​ជាតិ​យើង​ទាំង​មូល​។​

សូមជម្រាបជូនថា​ ប្រជាពលរដ្ឋដែល​ស្ម័គ្រចិត្តរើ​លំនៅដ្ឋាន​ចេញ​ពី​តំបន់​រមណីយដ្ឋានអង្គរ​ទៅ​រស់​នៅ​តំបន់​អភិវឌ្ឍន៍ពាក់ស្នែង ក៏ទទួលបានគោល​នយោបាយ​ឧបត្ថម្ភ​នានា​ដូច​នឹង​ប្រជាពលរដ្ឋ​រស់​នៅ​តំបន់អភិវឌ្ឍនរុនតាឯកផងដែរ។ គោលនយោបាយនោះ មានដូចជាការទទួលបានដីទំហំ ២០ម៉ែត្រ x៣០ម៉ែត្រ, ទទួលបានបណ្ណក្រីក្រកម្រិត១ រួមទាំងហេដ្ឋារចនាសម្ព័ន្ធនានា ឧបត្ថម្ភ គាំទ្ររយៈពេល១០ឆ្នាំ ការទទួលបានបណ្ណសមធម៌សម្រាប់ស្ត្រីចាប់ពីពេលមានផ្ទៃពោះ រហូត​ដល់​កូន​អាយុ​២ឆ្នាំនិង បានផ្តល់អំណោយជាស្បៀងអាហារ សម្ភារៈប្រើប្រាស់ និងថវិកា ១លាន ៤០​ម៉ឺន​រៀល ព្រមទាំងសង្កសីចំនួន ៣០សន្លឹកសម្រាប់ធ្វើផ្ទះ។

សម្តេចតេជោ ហ៊ុន សែន ក៏បានណែនាំឱ្យ​ធ្វើ​បណ្ណ​កម្ម​សិទ្ធិ​ដីធ្លី​ជូន​ពលរដ្ឋ​ទាំង​អស់​នេះ​ទាំង​នៅ​តំបន់​អភិវឌ្ឍន៍រុនតាឯក និងតំបន់អភិវឌ្ឍន៍ពាក់ស្នែងនេះ៕

 

ដោយ​៖ស​ តារា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print