ខេត្តកំពង់ធំ៖ លោក ងួន រតនៈ អភិបាលខេត្តកំពង់ធំ នាព្រឹកថ្ងៃទី២២ ខែតុលា ឆ្នាំ២០២២ អញ្ជើញទទួលអំណោយរបស់សម្តេចតេជោ ហ៊ុន សែន នូវអង្ករចំនួន២០០តោន និងថវិកាចំនួន ១៥ម៉ឺនដុល្លារ ជូនដល់រដ្ឋបាលខេត្ត ដើម្បីបន្តចាត់ចែងរៀបចំជាកញ្ចប់ស្បៀងបន្ថែមទៀត សម្រាប់ផ្តល់ជូនបងប្អូនប្រជាពលរដ្ឋ ដែលទទួលរងផលប៉ះពាល់ទឹកជំនន់ និងមានជីវភាពខ្វះខាត នៅក្នុងភូមិសាស្រ្តខេត្តកំពង់ធំ។
ការលើកឡើងរបស់លោក ងួន រតនៈ សម្រាប់ខេត្តកំពង់ធំទទួលរងគ្រោះទឹកជំនន់ខ្លាំង ធ្វើឲ្យមានផលប៉ះពាល់ទូទាំង០៩ក្រុង/ស្រុក និងបញ្ហាជីវភាពរបស់ប្រជាពលរដ្ឋ ។ លោក បន្ថែមទៀតថា ដោយមើលឃើញពីទុក្ខលំបាករបស់ប្រជាពលរដ្ឋ សម្តេចតេជោ បានផ្តល់ស្បៀងបន្ទាន់បម្រុងទុក សម្រាប់ដោះស្រាយបញ្ហាជីវភាពប្រជាពលរដ្ឋមានចំនួន២៤.០០០គ្រួសារ ក្នុងនោះក្រុមការងារ បានចែកអស់ចំនួន ១១.៩០០គ្រួសារ ដែលយើងបានកំពុងបន្តចែកគ្រប់ច្រកល្ហក ទៅដល់គោលដៅដែលអាជ្ញាធរ ភូមិ ឃុំ ក្រុងស្រុក បានដាក់សំណើផ្ទាល់មករដ្ឋបាលខេត្ត នេះជាការដោះស្រាយស្បៀងបន្ទាន់ ជាស្បៀងបម្រុងរបស់រដ្ឋាភិបាល ។ ដោយឡែក សម្តេចតេជោ ហ៊ុន សែន បានផ្តល់លទ្ធភាពបន្ថែមទៀត ដល់រដ្ឋបាលអាជ្ញាធរថ្នាក់ក្រោមជាតិ ថ្ងៃនេះយើងធ្វើពិធីប្រគល់ទទួលអង្ករចំនួន២០០តោន និងថវិកាចំនួន១៥ម៉ឺនដុល្លាពីសម្តេចផ្ទាល់ ផ្តល់ឲ្យរដ្ឋបាលខេត្ត ដើម្បីបន្តចាត់ចែងរៀបចំជាកញ្ចប់ស្បៀងបន្ថែមទៀត ដើម្បីផ្តល់ជូនពលរដ្ឋបន្តទៅទៀត ។
លោកអភិបាលខេត្តកំពង់ធំ បន្តទៀតថា ផលប៉ះពាល់ដំណាំកសិកម្ម ដំណាំស្រូវ ជាទូទៅ ផលប៉ះពាល់មានជាង២ម៉ឺនហិចតា ក្នុងនោះទទួលរងការខូចខាតទាំងស្រុងជាង១២.០០០ហិចតា ប៉ុន្តែលទ្ធភាពស្តារឡើងវិញ លើទីតាំងដែលមានប្រភពទឹកប្រភពទឹកអាចបង្កបង្កើនផលបាននៅពេលទឹកស្រកទៅវិញមានចំនួន ៩.៥៥០ហិចតា តម្រូវការពូជស្រូវរហូតដល់៨៧៦តោ។ លោកបន្ថែមទៀតថា កន្លងទៅឯកឧត្តមទេសរដ្ឋមន្ត្រី គន់ គីម ក៏ដូចជាក្រសួងសេដ្ឋកិច្ចហិរញ្ញវត្ថុ និងក្រសួងកសិកម្ម ជាមួយរដ្ឋបាលខេត្ត បានចែកពូជស្រូវបានជាង ៣០០តោន លើ៤ស្រុក ហើយនៅសល់ ៥ស្រុក ស្មើនឹងជាង៥០០តោនទៀត សម្តេចអញ្ជើញផ្តល់ជាកិត្តិយសចែកដោយផ្ទាល់ នៅថ្ងៃទី២៩ ខែតុលា ខាងមុខនេះ ។
លោក ងួន រតនៈ បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋដែលទទួលបានពូជស្រូវ សូមរូតរះក្នុងការរៀបចំដី ដើម្បីព្រោះសាបឡើងវិញ ឥឡូវស្ថានភាពទឹកបានស្រកជាបណ្ដើរៗហើយ គួរតែជួយទប់ទឹកនៅតាមបឹង ត្រពាំង ប្រឡាយ ទុកសម្រាប់ធ្វើស្រែ ព្រោះស្រូវពូជនេះមានរយៈពេល១០០ថ្ងៃ ទើបប្រមូលផលបាន៕
ដោយ៖ មន្នី