ប្រទេសវៀតណាម : លោក ហ៊ុនម៉ានី អ្នកតំណាង មណ្ឌលកំពង់ស្ពឺ និងជាប្រធាន សហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) បានបញ្ជាក់អោយដឹងថា,រសៀលថ្ងៃទី២២ ខែតុលា ឆ្នាំ២០២២នេះ ខ្ញុំបានដឹកនាំគណៈប្រតិភូជាន់ខ្ពស់សហភាពសហព័ន្ធយុវជនកម្ពុជា ជួបពិភាក្សាការងារជាមួយ លោក Bui Quang Huy លេខាទី១ នៃសហព័ន្ធយុវជនកុម្មុយនីស្តវៀតណាម និងជាប្រធានគណៈកម្មការជាតិយុវជនវៀតណាម នៅការិយាល័យសហព័ន្ធយុវជនកុមុយនីស្តហូជីមីញ។
លោកបានគូសបញ្ជាក់ថា, កិច្ចពិភាក្សាបានផ្តោតលើបទពិសោធន៏របស់ស្ថាប័នយុវជននៃប្រទេសទាំង ២ ក្នុងការចូលរួមជាមួយនឹងរដ្ឋាភិបាល និងរាជរដ្ឋាភិបាល ជាពិសេសលើការប្រយុទ្ធប្រឆាំងដោយជោគជ័យនៃការឆ្លងរីករាលដាលនៃជំងឺកូវីដ ១៩ នាពេលកន្លងមក។ ក្រៅពីការផ្លាស់ប្តូរបទពិសោធន៏ការងារ គណៈប្រតិភូនៃប្រទេសទាំង ២ បានប្តេជ្ញាបន្តលើកកម្ពស់កិច្ចសហការបន្ថែមទៀត ជាពិសេសក្នុងក្របខណ្ឌនៃការអភិវឌ្ឍយុវជន ៕
ដោយ : សិលា