ភ្នំពេញ : សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានមានប្រសាសន៍លើកឡើងថា ២ឆ្នាំកន្លងមកនេះ យើងបានជួបផលពិបាក ដោយសារតែកូវីដ និង ទឹកជំនន់ ។
សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា គ្រោះធម្មជាតិ យើងមិនអាចបញ្ជាបានទេ។ សម្តេចបានលើកឡើងថា មិនទាន់មានប្រទេសណាដែលអាចបញ្ជាគ្រោះធម្មជាតិបានទេ។
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានលើកឡើងថា , សម្តេចមិនធ្វើជារដ្ឋាភិបាលអត់ពូជទេ។ ពាក្យពូជនេះ សម្តេច សំដៅលើស្រូវពូជ និងពូជដំណាំផ្សេងៗ។
សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា នយោបាយវ៉ាក់សាំងរបស់យើងមិនមែននៅតែទីក្រុងទេ គឺគ្រប់ទីកន្លែង។
សម្តេចតេជោ ហ៊ុន សែន ប្រកាសថា ៣ថ្ងៃ ជាប់គ្នាហើយដែលយើងគ្មានអ្នកឆ្លងកូវីដ សម្បីតែ ១ករណី។ សម្តេចតេជោ បង្ហាញពីអារម្មណ៍រីករាយ ប៉ុន្តែ ត្រូវអនុវត្តតាមវិធានសុខាភិបាល និង ៣កុំ ៣ការពារ។
សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា តើពេលកូវីដអ្នកណានៅជាមួយបងប្អូនប្រជាពលរដ្ឋ? គឺមានតែគណបក្សប្រជាជនទេ ដែលនៅជាមួយបងប្អូនប្រជាពលរដ្ឋ។ សម្តេចតេជោ បញ្ជាក់ថា, បើខ្លាចកូវីដ ហើយមិនចុះជួប ជួយប្រជាពលរដ្ឋទេ គឺមិនស័ក្តិសម ជាមេដឹកនាំទេ។
សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា ឱ្យតែពេលប្រជាជនមានការលំបាក គឺតែងតែមានសម្តេចនៅជាមួយបងប្អូនប្រជាពលរដ្ឋជានិច្ច។ សម្តេច បានលើកឡើងថា នេះគឺជាចំណុចខ្លាំងរបស់សម្តេច ក៏ដូចជាគណបក្សប្រជាជន ដែលតែងតែនៅជាមួយប្រជាជនជានិច្ច។
សម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យប្រជាពលរដ្ឋនៅតែថែរក្សា សុខភាព ជាពិសេសគឺការពារពីការឆ្លង កូវីដ១៩ ទោះបីជាស្ថានភាពបានធូរស្បើយក៏ដោយ។
សូមបញ្ជាក់ថា, សម្តេចតេជោ ហ៊ុនសែន ថ្លែងក្នុងពេលសម្តេចផ្តល់ស្រូវពូជជាង ៥០០តោន ជូនប្រជាកសិករជាង ៥ពាន់គ្រួសារដែលរងគ្រោះដោយទឹកជំនន់ នៅខេត្តបន្ទាយមានជ័យ នៅព្រឹកថ្ងៃអាទិត្យ ទី២៣ ខែតុលា ឆ្នាំ២០២២ ៕
ដោយ : សិលា