ភ្នំពេញ : ថ្នាក់ដឹកនាំ ព្រមទាំងសមាជិក សមាជិកាដ៏ឧត្តុង្គឧត្តមនៃគណបក្សហ៊្វុនស៊ិនប៉ិច មានសេចក្ដីសោមនស្ស រីករាយ សូមចូលរួមអបអរសាទរក្នុងឱកាសរំលឹកខួបលើកទី៣១ នៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ២៣ តុលា ២០២២នេះ។ សមិទ្ធផលដ៏ធំធេងជាច្រើន ពិតជាបានកើតចេញពីមូលដ្ឋាននៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ២៣ តុលា ១៩៩១ ដែលត្រូវបានផ្តួចផ្តើមចេញពីព្រះរាជស្នាព្រះហស្តដ៏មហស្ចារ្យ នៃព្រះករុណាព្រះមហាវីរក្សត្រ ព្រះ បរមរតនកោដ្ឋ ជាទីសោកស្តាយបំផុតនៃយើង ដែលព្រះអង្គទ្រង់មានព្រះរាជទេពកោសល្យពិសេស ឬព្រះបារមី ដោយខិតខំទំនាក់ទំនងជាមួយប្រទេសសម្ព័ន្ធមិត្ត សហគមន៍អន្តរជាតិនានា ជាពិសេស ទ្រង់អាចប្រមែប្រមូលនូវភាគី ទំនាស់គ្រប់និន្នាការនយោបាយ ឱ្យស្រុះស្រួលជានានឹងគ្នា។ ព្រះរាជកិច្ចដ៏ឧត្តុង្គឧត្តម និងលទ្ធផលនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសនេះ ត្រូវបានចារឹកជាប្រវត្តិសាស្ត្រ និងផ្សព្វផ្សាយទុកជាការដាស់តឿនក្រើនរំលឹកដល់កូនខ្មែរជំនាន់ ក្រោយ ឱ្យមានការចងចាំគ្រប់ពេលវេលា រួបរួមសាមគ្គីគ្នា កុំបណ្ដែតបណ្ដោយឱ្យប្រទេសជាតិ ធ្លាក់ក្នុងភ័យន្តរាយ ដូច កាលពីអតីតកាលជាថ្មីម្តងទៀត។
តាមរយៈកិច្ចព្រមព្រៀងសន្តិភាពនេះ បានធ្វើឱ្យយើងទទួលបាននូវសុខសន្តិភាព ស្ថេរភាពនយោបាយ និង ការអភិវឌ្ឍលើគ្រប់វិស័យ រហូតមកដល់បច្ចុប្បន្ននេះ។
ជាមួយឱកាសដ៏ប្រពៃនេះ យើងទាំងអស់គ្នា សូមសម្ដែងនូវការដឹងគុណជានិច្ចចំពោះព្រះគុណូបការៈដ៏ខ្ពង់ខ្ពស់ របស់សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ អតីតព្រះប្រធានគណបក្សហ៊្វុនស៊ិនប៉ិច ជាហត្ថលេខីនៃកិច្ចព្រមព្រៀង សន្តិភាពទីក្រុងប៉ារីស ដែលព្រះអង្គទ្រង់បានបំពេញព្រះសកម្មភាពយ៉ាងខ្ជាប់ខ្ជួន ដើម្បីបម្រើព្រះវររាជបិតាជាតិ ខ្មែរ ព្រះបរមរតនកោដ្ឋ ជាទីសក្ការៈ ដោយគោរពតាមជានិច្ចនិរន្តរ៍នូវព្រះរាជឱវាទ និងព្រះរាជតម្រិះព្រះវររាជ បិតា ប្រកបដោយកត្តញ្ញូតាធម៌ដ៏ជ្រាលជ្រៅបំផុត និងបានក្លាយជានិមិត្តរូបនៃគ្រឹះសីមានយោបាយជាតិ និងជាយុត្តាធិ ការនៃច្បាប់ជាតិ និងអន្តរជាតិ ក្នុងការការពារលទ្ធិប្រជាធិបតេយ្យ សេរី ពហុបក្ស ការពារ និងគោរពសិទ្ធិមនុស្ស ជា ពិសេស ការពារខឿនអធិបតេយ្យជាតិ និងបូរណភាពទឹកដី។
នៅទីបញ្ចប់ សូមបួងសួងដល់គុណបុណ្យព្រះរតនត្រៃយ៍ បារមីនៃទេវតាទាំងមួយម៉ឺនលោកធាតុ សូមព្រះមេត្តា ប្រសិទ្ធពរជ័យមហាប្រសើរ ថ្វាយ ប្រគេន និងជូន សម្ដេចព្រះសង្ឃរាជ ព្រះថេរានុត្ថេរៈ និងបងប្អូនជនរួមជាតិ ជាទីគោរព ស្នេហាទាំងអស់ សូមបានសម្រេចនូវព្រះពុទ្ធពរ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ដើម្បីរួមអភិវឌ្ឍ ការពារ ជាតិមាតុភូមិកម្ពុជា របបរាជានិយម និងព្រះរាជបល្ល័ង្ក ឱ្យសម្បូរសប្បាយរុងរឿង និងស្ថិតស្ថេរជាអមតៈ ៕
ដោយ : សិលា