ភ្នំពេញ: យុវជនម្នាក់បានស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុបន្ទាប់ពីជិះម៉ូតូឆ្លងផ្លូវត្រូវបានរថយន្តកុងតឺន័របុកនិងកិនជាប់ម៉ូតូនៅក្រោមរថយន្តអូសជិត២០០ម៉ែត្រទើបឈប់ កាលពីវេលាម៉ោង១០និង២០នាទីយប់ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២២ នៅតាមបណ្តោយផ្លូវជាតិលេខ៤ ត្រង់ចំណុចមុខបញ្ជាការដ្ឋានកងទ័ពជើងគោក ស្ថិតក្នុងសង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ។
តាមមិត្តភក្ដិរបស់ជនរងគ្រោះបានប្រាប់ថា ជនរងគ្រោះមានឈ្មោះហៅក្រៅអាប៉ោង វ័យប្រហែល២០ឆ្នាំ ស្នាក់នៅម្តុំអូដឹម មានស្រុកកំណើតនៅភូមិដឹកដា ឃុំព្លីប្រាសាទ ស្រុកពាមរក៍ ខេត្តព្រៃវែង។
យោងតាមសម្តីសន្តិសុខដែលនៅជិតកន្លែងកើតហេតុបានឱ្យដឹងថា មុនពេលកើតហេតុគេឃើញបុរសម្នាក់បើករថយន្តកុងតឺន័រ ក្បាលពណ៌ស ពាក់ស្លាកលេខភ្នំពេញ3G-6786 ធ្វើដំណើរតាមបណ្តោយផ្លូវជាតិលេខ៤ក្នុងទិសដៅពីកើតទៅលិចក្នុងល្បឿនលឿន ខណៈបើកមកដល់ចំណុចកើតហេតុខាងលើបានជ្រុលទៅបុកម៉ូតូម៉ាកស៊ុយហ្ស៊ុយគីលែត ពណ៌សលាយខៀវ មិនមានស្លាកលេខដែលធ្វើដំណើរតាមបណ្តោយផ្លូវជាតិលេខ៤បញ្ច្រាសទិសគ្នាហើយបើកឆ្លងផ្លូវទៅខាងឆ្វេងដៃ ត្រូវរថយន្តបុកពេញទំហឹងបណ្ដាលឱ្យយុវជនខាងលើខ្ទាតចូលក្រោមរថយន្តកិនស្លាប់ភ្លាមមួយរំពេច រីឯរថយន្តមិនបានឈប់នោះទេបានបើកបន្ថែមល្បឿនទៅមុខបម្រុងរត់គេចអូសជាប់ម៉ូតូនៅក្រោមរថយន្តប្រមាណជិត២០០ម៉ែត្រទើបឈប់រថយន្តបើកទ្វាររត់គេចបាត់ស្រមោល។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានទាក់ទងទៅសមត្ថកិច្ចជំនាញនៃស្នងការដ្ឋានរាជធានីភ្នំពេញមកវាស់វែងយករថយន្តនិងម៉ូតូទៅទុករង់ចាំដោះស្រាយតាមផ្លូវច្បាប់។ ដោយឡែកសពរងគ្រោះសមត្ថកិច្ចបានទាក់ទងរកសាច់ញ្ញាតិមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី៕ ដោយ៖សុខាសែនជ័យ