កម្ពុជា​-រៀតណាម​៖​ នឹងចុះហត្ថលេខាលើកំណត់ហេតុបន្តកិច្ចសហប្រតិបត្តិការ ស្ដីពីការរុករក ការជីកគាស់ និងការធ្វើមាតុភូមិនិវត្តន៍នូវអដ្ឋិធាតុកងទ័ពស្ម័គ្រចិត្ត និងជំនាញការវៀតណាមដែលបានពលីជីវិតសម័យសង្រ្គាមនៅកម្ពុជា

ចែករំលែក៖

ខេត្តព្រះសីហនុ​៖​ លោក ជាវ វិជ្ជាក់ អភិបាលរងខេត្តព្រះសីហនុ និងលោក ង្វៀន លឿនជ្រុង អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត និងជាប្រធានគណៈកម្មាធិការជំនាញខេត្តគៀងយ៉ាង បានអញ្ជើញដឹកនាំកិច្ចប្រជុំ នឹងចុះហត្ថលេខាលើកំណត់ហេតុបន្តកិច្ចសហប្រតិបត្តិការ ស្ដីពីការរុករក ការជីកគាស់ និងការធ្វើមាតុភូមិនិវត្តន៍នូវអដ្ឋិធាតុកងទ័ពស្ម័គ្រចិត្ត និងជំនាញការវៀតណាមដែលបានពលីជីវិតសម័យសង្រ្គាមនៅកម្ពុជា កាលពីរសៀលថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២២ម្សិលមិញនេះ​ នៅសាលាខេត្តព្រះសីហនុ។

លោក ជាវ វិជ្ជាក់ អភិបាលរងខេត្តព្រះសីហនុ មានប្រសាសន៍លើកឡើងថា កិច្ចប្រជុំមានគោលបំណង ពិភាក្សា ពិគ្រោះយោបល់ និងឯកភាពគ្នារវាងភាគីទាំងពីរខេត្តព្រះសីហនុ និងខេត្តគៀងយ៉ាង បន្តអនុវត្តកិច្ចសហប្រតិបត្តិការសម្រាប់រដូវប្រាំងឆ្នាំ(២០២២-២០២៣)។ កិច្ចប្រជុំបានពិភាក្សា និងពិនិត្យយ៉ាងម៉ត់ចត់ក្នុងការដាក់ចេញនូវផែនការ កិច្ចសហប្រតិបត្តិការអនុវត្តបន្តសម្រាប់រដូវប្រាំងឆ្នាំ២០២២-២០២៣ខាងមុខ ធ្វើយ៉ាងណាឱ្យផែនការអនុវត្តប្រព្រឹត្តទៅដោយរលូន និងទទួលបានជោគជ័យ។

ស្របតាមស្មារតីរបស់គណៈកម្មាធិការជំនាញ នៃរដ្ឋាភិបាលទាំងពីរ គណៈកម្មាធិការជំនាញខេត្តព្រះសីហនុ និងគណៈកម្មាធិការជំនាញខេត្តគៀងយ៉ាង បានរៀបចំកិច្ចប្រជុំចុះហត្ថលេខាលើកិច្ចសហប្រតិបត្តិការ ស្ដីពីការរុករក ការជីកគាស់ និងការធ្វើមាតុភូមិនិវត្តន៍នូវអដ្ឋិធាតុកងទ័ពស្ម័គ្រចិត្ត និងជំនាញការវៀតណាមដែលបានពលីជីវិតក្នុងសម័យសង្គ្រាមនៅកម្ពុជាសម្រាប់ឆ្នាំ២០២២-២០២៣។ យោងតាមសន្ធិសញ្ញារវាងរដ្ឋាភិបាល នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ជាមួយរាជរដ្ឋាភិបាលកម្ពុជា បានចុះហត្ថលេខានាថ្ងៃទី២៨ ខែសីហា ឆ្នាំ២០០០ នៅរាជធានីភ្នំពេញ និងយោងកំណត់ហេតុ នៃកិច្ចព្រមព្រៀងរវាងគណៈកម្មាធិការជំនាញរបស់រដ្ឋាភិបាល នៃប្រទេសទាំងពីរកម្ពុជា-វៀតណាម។

តាងនាមឱ្យក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត និងប្រជាពលរដ្ឋខេត្តព្រះសីហនុ នឹងជំនួសមុខឱ្យគណៈកម្មាធិការជំនាញខេត្តព្រះសីហនុ សូមស្វាគមន៍ចំពោះវត្តមានប្រធានគណៈកម្មាធិការជំនាញ ព្រមទាំងប្រតិភូ បានអនុវត្តកិច្ចព្រមព្រៀងលើកំណត់ហេតុរវាងរដ្ឋាភិបាលប្រទេសទាំងពីរ (កម្ពុជា-វៀតណាម) ក៏ដូចកិច្ចព្រមព្រៀងរវាងខេត្តទាំងពីរ (ព្រះសីហនុ-គៀងយ៉ាង) ភាគីទាំងពីរបានអនុវត្តដោយយកចិត្តទុកដាក់ក្នុងស្មារតីសាមគ្គីសហការទំនាក់ទំនងល្អរួមគ្នាគោរពប្រតិបត្តិនូវខ្លឹមសារកិច្ចព្រមព្រៀងសម្រេចបានលទ្ធផលផ្លែផ្កាជាបន្តបន្ទាប់។

...

លោក ង្វៀន លឿនជ្រុង អនុប្រធានគណៈកម្មាធិការប្រជាជនខេត្តនិងជាប្រធានគណៈកម្មាធិការជំនាញខេត្តគៀងយ៉ាង បានថ្លែងអំណរគុណរដ្ឋបាលខេត្តព្រះសីហនុ ដែលបានចូលរួមសហការស្រាវជ្រាវរុករក និងផ្តល់ព័ត៌មានតាមរយៈអាជ្ញាធរមូលដ្ឋាន ក៏ដូចជាប្រជាពលរដ្ឋក្នុងមូលដ្ឋាន ដើម្បីសម្រេចភារកិច្ចរហូតទទួលបានជោគជ័យនាពេលកន្លងមក។ ក្នុងនាមគណៈកម្មាធិការជំនាញខេត្តគៀងយ៉ាង សូមថ្លែងអំណរគុណរដ្ឋបាលខេត្ត និងប្រជាពលរដ្ឋខេត្តព្រះសីហនុ តែងតែចូលរួមសហការយ៉ាងល្អ ក្នុងការស្រាវជ្រាវ រុករកអដ្ឋិធាតុកងទ័ពស្ម័គ្រចិត្ត និងជំនាញការវៀតណាម ដែលបានពលីនៅក្នុងភូមិសាស្ត្រខេត្តព្រះសីហនុ និងសង្ឃឹមថារដូវប្រាំងខាងមុខភាគីទាំងពីរនឹងបន្តរុករក ការជីកគាស់ និងធ្វើមាតុភូមិនិវត្តន៍នូវអដ្ឋិធាតុកងទ័ពស្ម័គ្រចិត្ត និងជំនាញការវៀតណាមបន្តទៀត៕ដោយ​៖សហការី​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print