ខេត្តបន្ទាយមានជ័យ៖ ទឹកនៅអាងអូរខៃដនបានស្រក ប្រជាពលរដ្ឋនាំគ្នីគ្នាសម្រុកទៅបង់សគណាញ់យកត្រីមួយថ្ងៃៗបាន៣០ទៅ៥០គីឡូក្រាម ពលរដ្ឋដែលនាំគ្នាទៅសំរុកទៅរកត្រីត្រូវបានគេឃើញមានរយៈពេល៣ថ្ងៃមកហើយចាប់ថ្ងៃទី២២ /២៣និង២៤ខែតុលា ឆ្នាំ២០២២ ស្ថិតនៅក្នុងភូមិកូនដំរី សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត។
រយៈពេល៣ថ្ងៃជាប់ៗគ្នានេះបន្ទាប់ពីទឹកស្រកនៅអាងអូរខៃដន ឃើញមានប្រជាពលរដ្ឋសម្រុកទៅរកត្រី និងទៅជួបជុំគ្នាក្នុងមួយថ្ងៃប្រមាណជា៥០០នាក់ ឃើញមានឧបករណ៍រកត្រីដូចជាសំណាញ់ មោង ដែលប្រើប្រាស់សំណាញ់១ អាចរកត្រីចាប់ពី៣០ទៅ៥០គីឡូក្រាម ក្នុងមួយថ្ងៃ។
ប្រជាពលរដ្ឋបានប្រាប់ថា៖ រយៈពេល២ថ្ងៃនេះ ឃើញថា ត្រីបង់បានគួរសម ដែលមានមនុស្សសម្រុកទៅរកត្រី នៅមុខទ្វារទឹកខាងកើតនិងទៅអង្គុយជួបជុំគ្នាលេងកំសាន្តដែលមួយថ្ងៃមិនក្រោម៥០០នាក់នោះទេ។ ត្រីដែលបង់បានមានដូចជា ត្រីឆ្លាំង ត្រីស ត្រីកញ្ចុះ ត្រីឆ្ពិន និងត្រីផ្តួស ដែលអ្នកខ្លះរកសំរាប់លក់នៅទីតាំងផ្ទាល់ អ្នកខ្លះរកសំរាប់ហូប និងធ្វើប្រហុកផ្អក ឆ្អើរទុកជាដើម និងអ្នកខ្លះទៀតរកដើម្បីជួបជុំគ្នាលេងកំសាន្ត។
ប្រជាពលរដ្ឋបានប្រាប់បន្ថែមថា៖ ត្រីដែលដាក់លក់នៅកន្លែងរក នៅអាងអូរខៃដន ត្រីឆ្លាំង១គីឡូក្រាម តម្លៃ១៥,០០០រៀល, ត្រីឆ្លូញ១គីឡូក្រាម តម្លៃ២,០០០រៀលទៅ២៥,០០០រៀល តាមតូចធំ, ត្រីស១គីឡូក្រាម៤,០០០រៀលទៅ៨០០០រៀលតាមតូចធំ ត្រីកញ្ចុះ១គីឡូក្រាម១០,០០០រៀល ត្រីឆ្ពិន១០,០០០រៀល និងត្រីផ្តួស១គីឡូក្រាមតម្លៃ១២,០០០រៀល។
ប្រជាពលរដ្ឋបានបញ្ជាក់ថា ឆ្នាំនេះទឹកនៅអាងអូរខៃដនឆាប់រីងខ្លាំងណាស់ រកត្រីមិនបានយូរនោះទេ ដោយសារដីស្រែនៅផ្នែកខាងលិចនៅលើអាងអូរខៃដន ដែលធ្លាប់តែជាកន្លែងស្តុកទឹកល្វឹងល្វើយនោះត្រូវបានក្រុមហ៊ុនចាក់ដីបំពេញអស់រាប់រយហិកតាដើម្បីធ្វើអភិវឌ្ឍន៍៕
ដោយ៖ វណ្ណា