ភ្នំពេញ៖ នាព្រឹកថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២២ នាវិមានរដ្ឋសភា លោកកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប អនុប្រធានទី១ នៃរដ្ឋសភា និងជាប្រធានគណៈកម្មការរៀបចំមហាសន្និបាតអន្តរសភាអាស៊ាន(AIPA)លើកទី៤៣ បានអញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យពីវឌ្ឍនភាពការងារត្រៀមរៀបចំមហាសន្និបាតលើកទី៤៣ និងកិច្ចប្រជុំទល់មុខគ្នារវាងថ្នាក់ដឹកនាំសភាអាយប៉ានិងប្រមុខដឹកនាំអាស៊ាន។
កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពី លោក លោកស្រី អនុប្រធាន សមាជិក សមាជិកា នៃគណៈកម្មការរៀបចំ មហាសន្និបាតអន្តរសភាអាស៊ានលើកទី៤៣ ព្រមទាំងលោក លោកស្រី ជាអនុគណៈកម្មការ ប្រធានដឹកនាំអង្គប្រជុំតាមគណៈកម្មាធិការជំនាញ ប្រធានគណៈប្រតិភូកម្ពុជា មន្រ្តីជំនាញពីក្រសួងពាក់ព័ន្ធ ក្រុមប្រឹក្សាយោបល់ និងមន្រ្តីលេខាធិការដ្ឋានជាតិអាយប៉ា-កម្ពុជា។
ថ្លែងក្នុងកិច្ចប្រជុំ លោកកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប បានមានប្រសាសន៍ថា ជំនួសមុខឱ្យ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានអាយប៉ាលើកទី៤៣ និងលោកផ្ទាល់ លោកសូមថ្លែងអំណរគុណជូន លោក លោកស្រី សមាជិក សមាជិកាគណៈកម្មការរៀបចំ ប្រធានអនុប្រធាន សមាជិក សមាជិកា នៃអនុគណៈកម្មាធិការនានា គណៈប្រតិភូសភាកម្ពុជា ក្រុមប្រឹក្សាយោបល់ តំណាងក្រសួងពាក់ព័ន្ធ ព្រមទាំងមន្រ្តីនៃលេខាធិការដ្ឋានជាតិអាយប៉ា-កម្ពុជាដែលបានអញ្ជើញចូលរួមនាពេលនេះដើម្បីពិនិត្យឡើងវិញនូវវឌ្ឍនភាពការងារចុងក្រោយត្រៀមរៀបចំមហាសន្និបាតអាយប៉ាលើកទី៤៣ខាងមុខ និងកិច្ចប្រជុំទល់មុខគ្នារវាងថ្នាក់ដឹកនាំអាយប៉ា និងប្រមុខដឹកនាំអាស៊ាន ដែលការងារទាំងឣស់ស្ទើរតែត្រៀមរៀបចំរួចរាល់ឣស់ហើយ នៅសល់តែបន្តឹចបន្តួច ដែលទាមទារឱ្យគ្រប់ផ្នែកទាំងឣស់ពិនិត្យ បំពេញបន្ថែមទៀតដើម្បី ឱ្យកិច្ចប្រជុំប្រព្រឹត្តទៅដោយរលូនប្រកបដោយប្រសិទ្ធភាពខ្ពស់ ៕
ដោយ : សងការី