នៅក្នុងទំបន់អឺរ៉ុបទាំងមូល អតិផរណាកើនឡើងខ្ពស់ជាមូលហេតុបណ្តាលឱ្យមានរលកបាតុកម្មទ្រង់ទ្រាយធំ ខណៈដែលប្រាក់ចំណាយប្រចាំថ្ងៃរបស់ពលរដ្ឋកើនឡើងខ្ពស់។ សកម្មភាពខាងលើអាចបង្កឱ្យមានវិបត្តិនយោបាយកើតឡើងក្នុងពេលខាងមុខ។
នៅក្នុងប្រទេសរ៉ូម៉ានី ក្រុមបាតុករ បានវាយស្គរដង្ហែនៅតាមដងផ្លូវធំៗក្នុងទីក្រុង ដើម្បីបង្ហាញពីការខកចិត្តដោយសារតែតម្លៃចំណាយប្រចាំថ្ងៃកើនឡើងខ្ពស់ ។ ចំណែកនៅក្នុងប្រទេសបារាំងវិញ ពលរដ្ឋបានដង្ហែក្បួនបាតុកម្មស្នើដល់រដ្ឋាភិបាល ដំឡើងប្រាក់ខែឱ្យទាន់ពេលវេលា ខណៈដែលអតិផរណាកាន់តែកើនឡើងខ្ពស់។
ដោយឡែកនៅក្នុងសាធារណរដ្ឋឆេក ពលរដ្ឋបានប្រមូលផ្តុំគ្នា ប្រឆាំងរដ្ឋាភិបាលដែលមិនអាចដោះស្រាយវិបត្តិកង្វះថាមពលបាន។ ចំណែកបុគ្គលិករថភ្លើងនៅក្នុងប្រទេសអង់គ្លេស បុគ្គលិកអាកាសចរណ៍នៅអាល្លឺម៉ង់ក៏បាននាំគ្នាធ្វើបាតុកម្មទ្រង់ទ្រាយធំទាមទារដំឡើងប្រាក់ខែផងដែរ។
បច្ចុប្បន្នពលរដ្ឋនៅក្នុងតំបន់អឺរ៉ុបត្រូវប្រឈមនឹងវិក្កយបត្រថ្លៃភ្លើង និងទំនិញឡើងថ្លៃខ្ពស់ ដោយសារតែសង្គ្រាមក្នុងប្រទេសអ៊ុយក្រែន ។ តម្លៃថាមពលកើនឡើងខ្ពស់ជំរុញឱ្យអតិផរណា នៅ១៩ប្រទេសចាយប្រាក់រួមអឺរ៉ូ កើនឡើងដល់ទៅ ៩,៩% ជាហេតុធ្វើឲ្យតម្លៃស្បៀងអាហារកើនឡើងខ្ពស់ ៕ ដោយធីរីណា
រូបថត : TTXVN-VNA
រូបថត : AP