ខេត្តកំពង់ធំ៖ លោកឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ នៅព្រឹកថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២២ បានថ្លែងនូវការកោតសរសើរចំពោះថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ មេបញ្ជាការគ្រប់កងឯកភាព ស្ថាប័នចំណុះ នឹងយោធិនគ្រប់រូប ដែលបានខិតខំបំពេញភារកិច្ចកន្លងមក ដែលថ្នាក់លើបានប្រគល់ជូន និងបានទទួលលទ្ធផលល្អ ពិសេសក្នុងកាលៈទេសៈ ដែលយោធិនរបស់យើងគ្រប់កងឯកភាពបានខិតខំយ៉ាងសកម្មក្នុងការបម្រើប្រជាជនរបស់យើងកំពុងរងផលប៉ះពាល់ដោយគ្រោះទឹកជំនន់នៅក្នុងខេត្តកំពង់ធំ ។
លោកឧត្តមសេនីយ៍ទោ សោម ស៊ុន បានប្រគល់ភារកិច្ចសំខាន់ៗមួយចំនួនមានជាអាទិ៍៖ ទីមួយ. ត្រូវបន្តសហការជាមួយអាជ្ញាធរដែនដីនិងកងកម្លាំងប្រដាប់អាវុធ ដែលមានការពាក់ព័ន្ធក្នុងការចូលរួមអនុវត្តនូវគោលនយោបាយភូមិ.ឃុំ មានសុវត្ថិភាពទាំង៧ចំណុច ឲ្យមានប្រសិទ្ធភាព ពិសេសចូលរួមលុបបំបាត់ល្បែងស៊ីសងខុសច្បាប់និងករណីគ្រឿងញៀន ។
ទីពីរ. ត្រូវបន្តចូលរួមក្នុងការទៅបម្រើប្រជាជននៅតាមមូលដ្ឋាន ដែលពួកគាត់កំពុងរងផលប៉ះពាល់ដោយគ្រោះទឹកជំនន់ ដោយត្រូវជួយដឹកជញ្ជូនស្បៀង និងបង្កលក្ខណៈងាយស្រួលឲ្យពួកគាត់ក្នុងការបង្កបង្កើនផលស្រូវក្នុងរដូវទឹកសម្រកខាងមុខ ។
និងទីបី. យកចិត្តទុកដាក់បន្តការងារមើលថែទាំសុខទុក្ខនិងជីវភាពរស់នៅរបស់បងប្អូនអតីតយុទ្ធជននៅតាមមូលដ្ឋាននានា ឲ្យបានល្អប្រសើរ ព្រោះអតីតយុទ្ធជនគឺជាអ្នកដែលធ្លាប់មានគុណបំណាច់ចំពោះជាតិនិងមាតុភូមិ ដោយពួកគាត់បានលះបង់សាច់ស្រស់ ឈាមស្រស់ ដើម្បីចូលរួមចំណែកក្នុងការអនុវត្តនយោបាយឈ្នះឈ្នះ របស់សម្ដេចតេជោ ហ៊ុន សែន ធ្វើឱ្យប្រទេស ជាតិយើងមានសុខសន្តិភាពពេញលេញ ដូចសព្វថ្ងៃនេះ៕ ដោយ៖សហការី