ភ្នំពេញ ៖ រថយន្តមួយគ្រឿង ត្រូវបានអគ្គីភ័យឆាបឆេះ បង្កជាអណ្ដាតភ្លើង យ៉ាងសន្ធោសន្ធៅ ហុយផ្សែងខ្មៅខ្មួរពេញក្នុងផ្ទះ បង្កកាភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ នាំគ្នាទាញបំពង់ពន្លត់អគ្គិភ័យបាញ់ទប់ស្កាត់ និង រាយការណ៍ប្រាប់ សមត្ថកិច្ចសុំរថយន្តពន្លត់អគ្គិភ័យចេញអន្តរាគមន៍ភ្លាមៗផងដែរ ។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១និង៣០នាទីរសៀល ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២២ នៅចំនុចផ្ទះលេខ287A ផ្លូវលំ ភូមិចុងថ្នល់ខាងលិច សង្កាត់ទឹកថ្លា ខណ្ឌសែន រាជធានីភ្នំពេញ ។
រថយន្តដែរអគ្គិភ័យឆាបឆេះខូចខាត ម៉ាក សាំយ៉ុង ពណ៌ស ពាក់ស្លាកលេខភ្នំពេញ2I-2834 ជារថយន្ត របស់ក្រុមហ៊ុន ណេតឈ័ ហ្វាម៉ា រងការខូចខាតទាំងស្រុង ។
តាមប្រភពព័ត៌មាននៅកន្លែងកើតហេតុ បានប្រាប់ឲ្យដឹងថា រថយន្តដែរឆាបឆេះនោះគឺម្ចាស់រថយន្តបានចតទុកចោលជាច្រើនថ្ងៃហើយ នៅជាប់បន្ទប់ដាក់រថយន្ត ជាប់និង គ្នា និងបន្ទប់ស្នាក់នៅ ដោយម្ចាស់ជាប់រវល់ជូនប្រពន្ធទៅសម្រាលកូន នៅមន្ទីរពេទ្យ ។ ហើយមុនកេីតហេតុគេឃេីញផ្សែងហុយចេញពីក្នុងរថយន្ត ចំនុចផ្នែកម៉ាស៊ីន បង្កជាអណ្ដាតភ្លើងឆេះរាលដាលពេញក្នុងរថយន្ត ហុយផ្សែងខ្មៅខ្មួលខ្មាញ់ ពេញក្នុងបន្ទប់ដាក់រថយន្ត ទេីបបង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋនៅក្បែរគ្នា នាំគ្នាទាញបំពង់ពន្លត់អគ្គិភ័យតូចៗ បាញ់ទប់ស្កាត់ និង ដងទឹកជះពន្លត់ និងបានរាយការណ៍ប្រាប់សមត្ថកិច្ចសុំរថយន្ត ពន្លត់អគ្គិភ័យចេញអន្តរាគមន៍ភ្លាមៗផងដែរ។
បន្ទាប់ពីទទួលបានដំណឹង កម្លាំងជំនាញការិយាល័យបង្ការនិងពន្លត់អគ្គីភ័យ ចេញរថយន្តជួយសង្រ្គោះជាច្រើនគ្រឿងផងដែរ ។ ក្នុងប្រតិបត្តិការពន្លត់អគ្គិភ័យនោះ សមត្ថកិច្ចប្រេីប្រាស់រថយន្តទឹក មួយគ្រឿង និង ប្រើរយៈពេលពន្លត់ប្រមាណ២០នាទី ។
ក្នុងហេតុការណ៍អគ្គិភ័យនោះ មិនបណ្ដាលឲ្យមានការឆ្លងរាលដាល និង បង្កគ្រោះថ្នាក់របួស ដល់មនុស្សឡេីយ ។ ចំពោះសម្ភារៈខូចខាត មានរថយន្តមួយគ្រឿងម៉ាកសាំ យ៉ុង ខូចខាតទាំងស្រុង ចំណែកបន្ទប់ដាក់រថយន្ត ខូចខាតតិចតួច៕
ដោយ រ៉ារ៉ា