ភ្នំពេញ : សេចក្តីថ្លែងការណ៍ របស់សហភាពសហព័ន្ធយុវជនកម្ពុជាថ្នាក់ដឹកនាំ សមាជិក សមាជិកា និងក្រុមគ្រួសារសហភាពសហព័ន្ធយុវជនកម្ពុជាទូទាំងប្រទេស សូមប្រកាសថ្កោលទោសយ៉ាងដាច់អហង្ការជាទីបំផុតចំពោះទណ្ឌិត សម រង្ស៊ី ដែលប្រមាថម្តងហើយម្តងទៀត ចំពោះ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃ ព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត។
ព្រះករុណា ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា តែងតែលះបង់ព្រះកាយពល ព្រះបញ្ញាញាណ និងព្រះរាជទ្រព្យ របស់ព្រះអង្គផ្ទាល់ដើម្បីបុព្វហេតុជាតិមាតុភូមិ និងប្រជារាស្ត្ររបស់ព្រះអង្គ ដែលក្នុងនោះ សមិទ្ធផលសង្គម និងវឌ្ឍនភាពជាតិកម្ពុជាជាច្រើនមិនអាចកាត់ផ្ដាច់បានពីភាពជាម្លប់ដ៏ត្រជាក់ត្រជុំ និងការបំពេញព្រះរាជតួនាទីដ៏ឧត្ដុង្គឧត្តមរបស់ព្រះអង្គ ស្របតាមរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជាឡើយ។ ក្នុងន័យនេះ ការប្រើប្រាស់ពាក្យពេចន៍ដ៏ទុរយស ដូចជាពាក្យ មិនមានមនសិការជាតិ និង ក្បត់ជាតិ ក៏ដូចជាពាក្យប្រមាថដទៃទៀតរបស់ទណ្ឌិត សម រង្ស៊ី ចំពោះអង្គព្រះមហាក្សត្រ គឺដើម្បីតែប្រយោជន៍នយោបាយ ផ្ទាល់ខ្លួន។ ទង្វើដ៏អាក្រក់របស់ទណ្ឌិត សម រង្ស៊ី គឺជាអំពើដ៏អយុត្តិធម៌បំផុត និងបានប្រមាថដ៏ធ្ងន់ធ្ងរបំផុតចំពោះ ព្រះករុណា ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ក៏ដូចជាបានបំពានដ៏ធ្ងន់ធ្ងរដល់រដ្ឋធម្មនុញ្ញនៃ ព្រះរាជាណាចក្រកម្ពុជា និងប្រមាថប្រជាពលរដ្ឋកម្ពុជាទាំងអស់ដែលគោរពស្រឡាញ់ព្រះអង្គស្មើជីវិតរបស់ខ្លួន។
ក្នុងន័យនេះ សហភាពសហព័ន្ធយុវជនកម្ពុជា សូមគាំទ្រយ៉ាងពេញទំហឹងចំពោះយុទ្ធនាការដែល ប្រកាសដោយ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក្នុងការកំចាត់ចោលនយោបាយ ជ្រុលនិយមរបស់ទណ្ឌិត សម រង្ស៊ី ឲ្យអស់ពីកម្ពុជា ដើម្បីរក្សាសន្តិភាព ស្ថិរភាពសង្គម និងសេចក្តីសុខសាន្តរបស់ ប្រជាពលរដ្ឋខ្មែរ និងសូមអំពាវនាវដល់សមត្ថកិច្ចគ្រប់កម្រិត សូមចាត់វិធានផ្លូវច្បាប់ឲ្យតឹងរ៉ឹងបំផុតចំពោះអំពើ ប្រមាថចំពោះអង្គព្រះមហាក្សត្រខាងលើនេះ ៕
ដោយ : សិលា