ភ្នំពេញ៖ លោកឧត្តមសេនីយ៍ទោ ពិត បញ្ញា ស្នងការរងទទួលផែនការងារនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានថ្លែងថា៖ មន្ត្រីជំនាញពាក់ព័ន្ធត្រូវបន្តយកចិត្តទុកដាក់ក្នុងការស្រាវជ្រាវបង្ក្រាបបទល្មើសសេដ្ឋកិច្ចគ្រប់ប្រភេទ ជាពិសេសត្រូវទប់ស្កាត់បទល្មើសផលិតចរាចរណ៍ ចែកចាយផលិតផលក្លែងក្លាយដែលបង្កឱ្យប៉ះពាល់ដល់សុខុមាលភាពប្រជាពលរដ្ឋ។
ជាមួយនេះដែរ លោកស្នងការរង បានក្រើនរម្លឹកដល់កម្លាំងត្រូវខិតខំគោរពវិន័យនគរបាលជាតិឱ្យបានម៉ឺងម៉ាត់ យកចិត្តទុកដាក់ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់លើការងារប្រចាំបញ្ជា ពិសេសការចូលរួមការពារក្នុងកិច្ចប្រជុំកំពូលអាស៊ានខាងមុខ។
សូមជម្រាបថា ដោយបានការអនុញ្ញាតពីលោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ កាលពីរសៀលថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២២ម្សិលមិញនេះ លោកឧត្តមសេនីយ៍ទោ ពិត បញ្ញា ស្នងការរងទទួលផែនការងារនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច បានដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែតុលា ឆ្នាំ២០២២ និងដាក់ចេញទិសដៅការងារសម្រាប់អនុវត្តន៍ខែ វិច្ឆិកា ឆ្នាំ២០២២។
ក្នុងកិច្ចប្រជុំនេះដែរ ដោយមានការចូលរួមពីលោកឧត្តមសេនីយ៍ត្រី ជុំ ណារ័ត្ន អនុប្រធានផែនការងារនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច លោកវរសេនីយ៍ឯក យឹម សុជាតិ នាយការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច នាយរងការិយាល័យ នាយផ្នែក នាយរងផ្នែក និងមន្ត្រីពាក់ព័ន្ធមួយចំនួនទៀតផង៕ ដោយ៖សហការី