សេចក្តីប្រកាសព័ត៌មានស្ដីពី លទ្ធផលនៃកិច្ចសន្ទនា អាស៊ាន-សហភាពអឺរ៉ុប អំពីគោលនយោបាយសិទ្ធិមនុស្ស លើកទី៤ ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២២ នៅទីក្រុងហ្សាកាតា ប្រទេសឥណ្ឌូនេស៊ី

ចែករំលែក៖

ប្រទេសឥណ្ឌូនេស៊ី : សេចក្ដីប្រកាសព័ត៌មានស្តីពី លទ្ធផលនៃកិច្ចសន្ទនា អាស៊ាន-សហភាពអឺរ៉ុប ស្ដីពីគោលនយោបាយ សិទ្ធិមនុស្សលើកទី៤លោក ជិន ម៉ាលីន តំណាងដ៏ខ្ពង់ខ្ពស់ លោក កែវ រ៉េមី រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី លោកប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា និងជាប្រធានគណៈកម្មការអន្តររដ្ឋាភិបាលអាស៊ានទទួល បន្ទុកសិទ្ធិមនុស្ស (អាយឆា) បានចូលរួមធ្វើជាសហប្រធានជាមួយអាយឆា-ឥណ្ឌូនេស៊ី និងតំណាង ពិសេសសហភាពអឺរ៉ុបទទួលបន្ទុកសិទ្ធិមនុស្ស ក្នុងការរៀបចំនិងដឹកនាំកិច្ចសន្ទនាអាស៊ាន-សហភាព អឺរ៉ុប ស្តីពីគោលនយោបាយសិទ្ធិមនុស្សលើកទៅទី៤ ពីថ្ងៃទី២៤ដល់ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២២ នៅលេខាធិការដ្ឋានអាស៊ាន ទីក្រុងហ្សាការតា ប្រទេសឥណ្ឌូនេស៊ី។

កិច្ចសន្ទនានេះ បានផ្ដោតទៅលើបញ្ហាផ្សេងៗពាក់ព័ន្ធនឹងសិទ្ធិមនុស្ស រួមមាន ការធ្វើឱ្យប្រសើរ ឡើងនូវការធានាក្នុងការការពារសិទ្ធិកុមារ សិទ្ធិពលករទេសន្តប្រវេសន៍និងការជួញដូរមនុស្ស សេរីភាព បញ្ចេញមតិនិងគំនិត សេរីភាពសាសនានិងជំនឿ សិទ្ធិជនមានពិការភាព បរិស្ថាននិងបម្រែបម្រួល អាកាសធាតុ សិទ្ធិស្ត្រីនិងសមភាពយេនឌ័រ បរិយាប័ន្នសង្គម រួមទាំងការការពារសិទ្ធិមនុស្សអំឡុងពេល ប្រឆាំងនឹងអំពើហិង្សាជ្រុលនិយម។

ទន្ទឹមនឹងការទទួលស្គាល់ថា បញ្ហាប្រឈមជាច្រើននៅតែបន្តកើតមាន កិច្ចសន្ទនានេះ ក៏បាន ផ្ដល់ឱកាសមួយដើម្បីពិនិត្យមើលពីវឌ្ឍនភាពសំខាន់ៗក្នុងតំបន់អាស៊ាន ដូចជា ធុរកិច្ចនិងសិទ្ធិមនុស្ស សិទ្ធិស្ត្រីនិងសិទ្ធិកុមារជាដើម។ ជាងនេះទៀត នេះក៏ជាឱកាសក្នុងការពិភាក្សាអំពីស្ថានភាពនៃវិបត្តិ នៅក្នុងប្រទេសមួយចំនួននៅលើពិភពលោក ដែលនាំឱ្យមានផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរទៅលើវិស័យ សិទ្ធិមនុស្ស។

ក្នុងនាមជាអ្នកតស៊ូមតិដ៏ខ្លាំងក្លាដើម្បីពហុភាពនិយម អាស៊ាននិងសហភាពអឺរ៉ុប បានសង្កត់ ធ្ងន់ថា កិច្ចសហប្រតិបត្តិការពហុភាគីនិងតំបន់ ដែលគាំទ្រដោយធម្មនុញ្ញអង្គការសហប្រជាជាតិ ធម្មនុញ្ញ អាស៊ាន សេចក្តីប្រកាសសិទ្ធិមនុស្សអាស៊ាន (AHRD) និងសេចក្តីថ្លែងការណ៍ភ្នំពេញស្តីពីការអនុម័ត AHRD សន្ធិសញ្ញាអឺរ៉ុប និងច្បាប់សិទ្ធិមនុស្សអន្តរជាតិ គឺជាមធ្យោបាយចាំបាច់ក្នុងការជម្នះបញ្ញ ប្រឈមជាសកលថ្មីៗ។ អាស៊ាននិងសហភាពអ៊ឺរ៉ុប ក៏បានកំណត់ពីវិធានការជាក់ស្ដែងនានា ដើម្បី ធ្វើឱ្យការលើកកម្ពស់ និងការការពារសិទ្ធិមនុស្សកាន់តែប្រសើរឡើងស្របតាមភាពជាដៃគូយុទ្ធសាស្ត្រ ជាធរមាន។ គួរកត់សម្គាល់ថា ភាគីទាំងពីរគ្រោងនឹងបង្កើតកិច្ចសហប្រតិបត្តិការជាផ្លូវការនៅដើមឆ្នាំ ២០២៣ ដើម្បីពង្រឹងតួនាទីរបស់អាយឆាបន្ថែមទៀត និងស្វែងរកកិច្ចសហប្រតិបត្តិការលើវិស័យផ្សេងៗ រួមមាន សិទ្ធិកុមារ ការទទួលបានយុត្តិធម៌របស់កុមារ ការបង្កើនការចូលរួមរបស់យុវជន សន្តិសុខ សង្គមសម្រាប់ ពលករទេសន្តប្រវេសន៍ ធុរកិច្ចនិងសិទ្ធិមនុស្ស សេរីភាពបញ្ចេញមតិ ការបញ្ជ្រាបយេនឌ័រ ស្ត្រី សន្តិភាពនិងសន្តិសុខ ព្រមទាំងការប្រឆាំងនឹងអំពើហិង្សាជ្រុលនិយម ដែលជាវិស័យអាទិភាព នៅក្នុងតំបន់អាស៊ាន។

នៅក្នុងកិច្ចសន្ទនាលើកទី៤នេះ ក៏មានការចូលរួមពីតំណាងអង្គការសង្គមស៊ីវិល និងតំណាង ស្ថានប័នសិទ្ធិមនុស្សជាតិ (NHIRIs) ក្នុងតំបន់អាស៊ាននិងមកពីសហភាពអឺរ៉ុប ដោយបានធ្វើការចែករំលែក នូវឧត្តមានុវត្តពាក់ព័ន្ធនឹងការធានាការទទួលបានយុត្តិធម៌ និងការរំពឹងទុកសម្រាប់កិច្ចសហប្រតិបត្តិ ការផ្នែកសិទ្ធិមនុស្សរវាងយន្តការសិទ្ធិមនុស្សតំបន់និងជាតិ។

បន្ថែមលើកកិច្ចពិគ្រោះយោបល់ខាងលើ ក៏មានកិច្ចជំនួបទ្វេភាគីដោយឡែកៗពីគ្នារវាងគណៈ ប្រតិភូសហភាពអឺរ៉ុបជាមួយតំណាងអាយឆានៃប្រទេសមួយចំនួន តំណាងគណៈកម្មការអាស៊ានទទួល បន្ទុកការលើកកម្ពស់និងការការពារសិទ្ធិស្ត្រីនិងកុមារ (ACWC) តំណាងគណៈកម្មាធិការអាស៊ានទទួល បន្ទុកការអនុវត្តសេចក្តីប្រកាសអាស៊ាន ស្ដីពីការការពារនិងការលើកកម្ពស់សិទ្ធិពលករទេសន្តប្រវេសន៍ (ACMW) និងតំណាងគណៈកម្មាធិការអាស៊ានស្ដីពីស្ត្រី (ACW)។

គួរកត់សម្គាល់ផងដែរថា នៅក្នុងកិច្ចជំនួបទ្វេភាគីរវាង លោក ជិន ម៉ាលីន និងលោក Eamon Gilmore តំណាងពិសេសសហភាពអឺរ៉ុបទទួលបន្ទុកសិទ្ធិមនុស្ស បានធ្វើការពិភាក្សានិងផ្លាស់ប្តូរទស្សនៈ គ្នាពាក់ព័ន្ធនឹងគោលការណ៍សិទ្ធិមនុស្សអន្តរជាតិ និងការវិវឌ្ឍនៃស្ថានភាពសិទ្ធិមនុស្ស ព្រមទាំងការ ដាក់ចេញនូវវិធានការផ្សេងៗ ដែលជាលក្ខខណ្ឌតម្រូវក្នុងបរិបទនៃប្រទេសកម្ពុជា រួមមានទាំងការអនុវត្ត ច្បាប់ ដើម្បីរក្សាសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍជាតិ៕

...

ដោយ : សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print