ខេត្តស្ទឹងត្រែង៖ បងប្អូនជនជាតិកាវ៉ែតរស់នៅភូមិ-ឃុំសន្តិភាព ស្រុកសៀមប៉ាងខេត្តស្ទឹងត្រែង ពួកគាត់រែកបន្លែត្រីសាច់លក់នៅតាមផ្លូវ តែពុំសូវមានអតិថិជនគាំទ្រជួយទិញយកទៅបរិភោគទេ ទោះបីថាបន្លែ,ត្រីសាច់ទាំងនេះជារបស់ធម្មជាតិ ដែលពួកគាត់ រកបានពីព្រៃឬដាំដុះខ្លួនបានឯងយកមកលក់ពិតមែនក៏ដោយ។
អ្នកស្រីប៉ៃ លៃ បានអំពាវនាវសុំឲ្យបងប្អូនអតិថិជនជួយទិញបន្លែពួកគាត់ គ្រាន់បានប្រាក់ ជាថ្នូរនិងការដោះដូរ ទិញស្ករ-ប៊ីចេង-ទឹកត្រី-ទឹកស៊ីអ៊ីវ-អំបិល សម្រាប់យកទៅផ្គត់ផ្គង់ជីវភាពទៅតាមគ្រួសារនិមួយៗ ព្រោះពួកគាត់គ្មានមុខរបរអ្វីធំដុំ សម្រាប់ចិញ្ចឹមជីវិតនោះទេ។
អ្នកស្រីបន្តថា បច្ចុប្បន្នបងប្អូនប្រជាពលរដ្ឋយើងនៅទីជនបទបានផ្លាស់ប្ដូរទម្លាប់ ពីការពឹងផ្អែកលើផលអនុផលព្រៃឈើ មកដាំបន្លែ ទៅតាមអាជ្ញាធរណែនាំ និងរែកបន្លែត្រីសាច់ដែលពួកគាត់រកបាន យកមកលក់ គ្រាន់បានប្រាក់ ចំណូលតិចតួចសម្រាប់ដោះដូរទិញសម្ភារផ្សេងៗ និងចំណីអាហារ គ្រឿងបរិភោគឧបភោគ យកទៅប្រើប្រាស់ផ្គត់ផ្គង់នៅផ្ទះសម្បែងវិញ។
លោកឡៃស៊ីវ៉ន ប្រធានការិយាល័យ រដ្ឋបាលស្រុកស្លៀមប៉ាង បានបញ្ជាក់ថា បន្លែបង្ការត្រីសាច់ដែលបងប្អូនជន ជាតិកាវ៉ែត ក៏ដូចជាជនជាតិខ្មែរឡាវ បានរែកយកមកលក់នៅតាមទីផ្សារនេះ បងប្អូនប្រជាពលរដ្ឋយើងតែង តែជួយទិញរបស់ពួកគាត់ មិនដែលអាក់ខាននោះទេ។
លោកស្រីថារី អាជីវករលក់បន្លែ នៅស្រុកសៀមប៉ាងបានបញ្ជាក់ថា បន្លែដែលបងប្អុនជនជាតិយកមកលក់នេះគេតែងនិយមបរិភោគ ហើយក៏មិនដែលរើសអើងចំពោះបងប្អូនជនជាតិយើងដែលយកបន្លែមកលក់នៅទីផ្សារនេះដែរ។ លោកស្រីបន្តថា ពួកគាត់តែងតែជួយ ប្រមូលទិញទាំងអស់សម្រាប់យកមកលក់បន្តផងដែរព្រោះវាជាបន្លែធម្មជាតិមានអ្នកនិយមបរិភោគច្រើន។
លោកដាក់ ដាវ ប្រជាពលរដ្ឋនៅឃុំសន្តិភាព បានបញ្ជាក់ថា ការប្រកបរបរកសិកម្មនេះបងប្អូនជនជាតិ នៅតាមតំបន់ដាច់ស្រយាលក្នុងស្រុកសៀមប៉ាងបានខិតខំប្រឹងប្រែង ដាំដុះដំណាំកសិកម្មបានច្រើន ដូចជាបន្លែ គ្រប់ប្រភេទ ដើម្បីយកមកផ្គត់ផ្គង់នៅទីផ្សារតែក៏មានបន្លែបង្កាមួយចំនួនបេះបានពីព្រៃមកដែរហើយការលក់ដូរ វាតែងតែនៅសេសសល់ខ្លះៗ។
លោកបន្តថា ការដាំបន្លែបានច្រើនយើងបានទប់ទល់ជាមួយនឹងបន្លែនាំចូល ពីព្រោះនៅស្រុកសៀមប៉ាងយើងជាស្រុកមួយស្ថិតនៅឆ្ងាយពីទីរួមខេត្ត ហើយបន្លែបង្កានៅក្នុងស្រុកមានប្រភពច្បាស់លាស់ ដែលបងប្អូនយើងដាំដុះនៅក្នុងភូមិ។
សូមបញ្ជាក់ថា នៅស្រុកសៀមប៉ាងមានបងប្អូនជនជាតិដើមភាគតិចកាវ៉ែតរស់នៅភូមិ-ឃុំសន្តិភាព ពីដើមឡើយគាត់ច្រើនតែពឹងផ្អែកទៅលើផលអនុផលព្រៃឈើតែប៉ុណ្ណោះ។ បច្ចុប្បន្នពួកគាត់បានផ្លាស់ប្ដូរទម្លាប់ និងទទួលបានការណែនាំពីអាជ្ញាធរងាកមកដាំបន្លែលក់នៅទីផ្សារ ដើម្បីបានប្រាក់ចំណូលសម្រាប់បន្ថែមក្នុងការផ្គត់ផ្គង់ជីវភាពរស់នៅប្រចាំថ្ងៃ៕ ដោយ៖ សូរិយា