ក្រុមភេរវកម្មរដ្ឋអ៊ិស្លាម IS បានប្រកាសទទួលស្គាល់ពីការវាយប្រហារភេរវកម្មនៅក្នុងតំបន់ព្រះវិហារ Shah Cheragh ក្នុងទីក្រុង Shiraz ភាគខាងត្បូងអុីរ៉ង់ សម្លាប់មនុស្ស១៥នាក់និងជាង ៤០នាក់រងរបួស ។
សារព័ត៌មាន IRNA បានផ្សាយថា ការវាយប្រហារភេរវកម្មកើតឡើងនៅវេលាម៉ោង១៧និង ៤៥នាទី ថ្ងៃទី២៦ ខែតុលា (ពេលវេលាក្នុងតំបន់) នៅតំបន់នៃព្រះវិហារអ៊ិស្លាម Shah Cheragh ក្នុងទីក្រុង Shiraz ក្នុងពេលដែលសាសនិកកំពុងធ្វើព្យុហយាត្រាទៅសួរសុខទុក្ខនៅទីតាំងរបស់ក្រុមនិកាយស៊ីអុីត។ ក្នុងចំណោមអ្នកស្លាប់មានកុមារ២នាក់និងស្ត្រីម្នាក់។
ប្រភពព័ត៌មានបានឱ្យដឹងថា ខ្មាន់កាំភ្លើងជាភេរវករបានបាញ់ប្រហារទៅលើសន្តិសុខនៅច្រកចូលព្រះវិហារ ។ ប៉ុន្តែពេលភេរវករបាញ់កាំភ្លើងនោះគឺគាំងគ្រាប់ ហើយក៏ត្រូវពលរដ្ឋដេញចាប់ ប៉ុន្តែក្នុងពេលភេរវកររត់បណ្តើរសារ៉េកាំភ្លើងបណ្តើរនោះ កាំភ្លើងក៏ដំណើរការឡើងវិញ ហើយក៏បានបាញ់រះទៅលើពលរដ្ឋដែលដេញតាម។ ក្រោយមកខ្មាន់កាំភ្លើងក៏បានចូលទៅកាន់ព្រះវិហារបាញ់ប្រហារទៅលើសាសនិកដែលកំពុងតែធ្វើពិធីបន់ស្រន់។
ការវាយប្រហារខាងលើកើតឡើង ក្នុងពេលដែលអុីរ៉ង់កំពុងប្រឈមនឹងការធ្វើបាតុកម្មទ្រង់ទ្រាយធំទូទាំងប្រទេសក្រោយការស្លាប់ របស់ស្ត្រីវ័យ២២ឆ្នាំ គឺនាង Mahsa Amini ក្រោយត្រូវប៉ូលិសសីលធម៌ចាប់ឃុំខ្លួននៅទីក្រុងតេអេរ៉ង់ ៕ ដោយធីរីណា
រូបថត : Amir Sadeghian.
រូបថត : IRNA