លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល : ផ្លូវជាតិលេខ២ និង២២សង់គ្មានបច្ចេកទេសក្រសួងសាធារណការមិនទទួលយកនោះទេ

ចែករំលែក៖

ភ្នំពេញ៖ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូន បានបញ្ជាក់ថា ក្រសួងមិនសប្បាយចិត្តនោះទេ ចំពោះក្រុមហ៊ុនកំពុងសាងសង់ផ្លូវជាតិលេខ២ និងលេខ២២ ដែលធ្វើផ្លូវគ្មានបច្ចេកទេសត្រឹមត្រូវ ឥឡូវក្រុមហ៊ុនបានសុំពន្យាពេលកែលម្អរការសាងសង់ឡើងវិញ ដោយបញ្ចប់នៅខែឧសភា ឆ្នាំ២០២៣ ទៅទៀត។
សូមបញ្ជាក់ថា, ក្រុមហ៊ុន ហាន់សុិញ ដែលសាងសង់ផ្លូវជាតិលេខ២ និងផ្លូវជាតិលេខ២២ ស្ថិតក្នុងបញ្ជីខ្មៅ របស់ក្រសួងសាធារណការនិងដឹកជញ្ជូន យូរមកហើយ ហេតុអីក៏មានសិទ្ធិចូលដេញថ្លៃ គម្រោងស្ថាបនាឡើងវិញផ្លូវជាតិ២ ផ្លូវជាតិលេខ២២ ផ្លូវជាតិលេខ៥ ?

ក្រសួងសាធារណការ និងដឹកជញ្ជូនកំពុងសិក្សាពីបច្ចេកទេសរបស់ក្រុមហ៊ុន​កំពុងសាងសង់​ផ្លូវជាតិ​លេខ២ និងលេខ២២ ដែលសាងសង់ផ្លូវមិនទាន់ពេលវេលាកំណត់ ដោយក្រុមហ៊ុនចេះ​តែ​សុំពន្យា​ពេលរហូត។ ​នេះបើ​តតាមលោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ​រដ្ឋមន្ត្រីក្រសួងសាធារណការ និង​ដឹកជញ្ជូន ថ្លែងក្នុងសន្និសីទសារព័ត៌មាន ស្ដីពី “សមិទ្ធផល​សម្រេចបានរយៈពេល ៥ឆ្នាំកន្លងមក​របស់ក្រសួងសាធារណការ ​ និងដឹកជញ្ជូន” នាទីស្ដីការគណៈរដ្ឋមន្រ្ដី នៅព្រឹកថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២២ ។

លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បញ្ជាក់ថា ក្រសួងមិនសប្បាយចិត្តនោះទេ ព្រោះក្រុមហ៊ុន​កំពុងសាងសង់ផ្លូវជាតិលេខ២ និងលេខ២២ ធ្វើគ្មានបច្ចេកទេសត្រឹមត្រូវ ឥឡូវក្រុមហ៊ុនបាន​សុំពន្យា​ពេលកែលម្អរការសាងសង់ឡើងវិញ ដោយបញ្ចប់នៅខែឧសភា​ ឆ្នាំ២០២៣។ ទោះយ៉ាងណា​ក្រសួង​បានចុះត្រួតពិនិត្យបច្ចេកទេសរហូតរកឃើញថា ​សាងសង់ត្រឹមត្រូវតាមបច្ចេកទេស ទើបក្រសួងទទួលយក។

លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បន្ថែមថា​ កាលពីថ្ងៃទី ០៦​ ខែតុលាកន្លងមក លោកបាន​ជួប​ពិភាក្សា​ជាមួយឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េប្រចាំនៅកម្ពុជារួចហើយ ដោយបានពិភាក្សា​គ្នាលើក​យកបញ្ហាប្រឈមដែលបានកើតឡើង​ មកជជែក​ ស្វែងរកដំណោះស្រាយរួមគ្នា ស្តាប់សំណូម​ពរ​របស់​ក្រុមហ៊ុនម៉ៅការសាងសង់​ និងភាគីពាក់ព័ន្ធទាំងអស់​ ដែល​បាន​ជួបប្រទះកន្លងមក។ កិច្ចប្រជុំក៏បានស្នើសុំអនុសាសន៍ណែនាំបន្ថែម ក្នុងគោលបំណងជំរុញឱ្យការអនុវត្តគម្រោង​អាច​សម្រេចបាននូវលទ្ធផលល្អប្រកបដោយគុណភាព ​និងត្រឹមត្រូវតាមលក្ខណៈបច្ចេកទេស កុំឱ្យ​ជះផលប៉ះពាល់ដល់ការអនុវត្តគម្រោងការងារនេះ ​ដែលជាកត្តាអវិជ្ជមានដល់ការធ្វើដំណើរ ការរស់នៅ ​និងការប្រកបអាជីវកម្មរបស់ប្រជាពលរដ្ឋ។

គម្រោងធ្វើឱ្យប្រសើរឡើងវិញកំណាត់ផ្លូវជាតិលេខ២ ​និង​លេខ២២ នឹងប្រើប្រាស់​ថវិកា​ហិរញ្ញប្បទាន​សម្បទាន​កូរ៉េ រួមជាមួយថវិកា​បដិភាគរបស់រដ្ឋសរុប ​៥១ ​លានដុល្លារ។ ​ផ្លូវនេះ ការ​សាងសង់មានការ​យឺតយ៉ាវ​ខ្លាំង​ ព្រោះក្រុមហ៊ុនសាងសង់​មិន​មានគ្រឿងចក្រ​ និងកម្លាំង​ពលកម្ម​គ្រប់គ្រាន់ ​លើសពីនេះ​ក៏មានចំណុចខ្លះសង់ខ្វះគុណភាពជាច្រើន។

ក្រសួងក៏បានដាក់កំហិតឱ្យក្រុមហ៊ុនដោះស្រាយ ​បើផ្លូវនេះគ្មានគុណភាព ក្រសួងនឹង​មិន​ទទួល​យកទេ។ គម្រោងផ្លូវនេះ​ មានប្រវែងសរុប ​៧២,១៧ គីឡូម៉ែត្រ ​ដែលក្នុងនោះ​កំណាត់ផ្លូវជាតិលេខ២ ចាប់ពីរង្វង់មូល​តាខ្មៅ​ដល់អូរចំបក់ មានប្រវែង ៦២,៥៦ ​គីឡូម៉ែត្រ​ និងផ្លូវជាតិលេខ២២​ ពីអូរចំបក់ ដល់​អង្គតាសោម មានប្រវែង ៩,៦១គីឡូម៉ែត្រ។
សូមរំលឹកថា, ក្រុមហ៊ុន ហាន់សុិញ ស្ថាបនាភ្លឺជាតិលេខ២១បេ ពីក្រុងតាខ្មៅទៅកាន់ព្រំដែនវៀតណាមស្រុកកោះធំខេត្តកណ្ដាល គឺមានបញ្ហាពាក់ព័ន្ធទៅនឹងគុណភាពបច្ចេកទេស បណ្ដាលឱ្យសុទ្ធប្រេះស្រាំ ហើយលោកទេសរដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូន បានបញ្ជាឲ្យជួសជុលឡើងវិញ និងចាត់ទុកក្រុមហ៊ុននេះក្នុងបញ្ជីខ្មៅ ប៉ុន្តែក្រោយមក ក្រុមហ៊ុននេះ បែរជាមានសិទ្ធិដេញថ្លៃគម្រោងស្ថាបនាឡើងវិញផ្លូវជាតិលេខ 5 ពីខេត្តកំពង់ឆ្នាំងដល់ចំណុចធ្លាម្អមខេត្តពោធិ៍សាត់ និងបន្តដេញថ្លៃសាងសង់ផ្លូវជាតិលេខ 2 និងផ្លូវជាតិលេខ 22 នេះក៏កើតជាចម្ងល់មួយដែរ។
សង្ឃឹមថា, ក្រសួងសាធារណការនិងដឹកជញ្ជូន អាចនឹងបញ្ឈប់ឲ្យក្រុមហ៊ុនមួយនេះចូលដេញថ្លៃ ដូចដឹងស្រាប់ហើយការស្ថាបនាគ្មានគុណភាពនេះ ៕

...

ដោយ : សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print